​NGOs ថា ​ចំនួនពល​ករ​​ចំណា​ក​ស្រុក​កម្ពុជា​ ដែល​បាត់​​បង់​ទំនាក់ទំនង​​បាន​កើន​ឡើង

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​បី ​បាន​​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​​គ្រួសារ​​ដែល​​អះអាង​ថា​​  បាន​បាត់​​បង់​ទំនាក់​ទំនង​ជា​មួយសាច់ញាតិ​ ដែល​កំពុង​​ធ្វើ​ការ​នៅ​ឯ​ក្រៅប្រទេសនោះ​ មាន​ការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ។

អង្គ​ការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុកអាដហុក លីកាដូនិង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​​ ហៅកាត់ថា CLEC ដែល​ជា​អង្គការជំនួយផ្នែក​បាប់ ​​លើកឡើង​ថា ​ចំនួន​ចេះ​តែ​កើន​ឡើង​ ​នៃ​ប្រជាពលរដ្ឋ​ ដែល​​ស្វែង​រក​ជំនួយ​ក្នុង​ការ​ស្វែង​រក​សាច់ញាតិ​​របស់​ខ្លួន​ បាន​កើត​​មាន​ឡើង​ ស្រប​ពេល​ជា​មួយ​គ្នា​​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​លើ​ការ​បញ្ជូន​ស្ត្រី​​​ជំនួយ​ការ មេ​ផ្ទះ​កម្ពុជា​​​ ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​​ប្រទេស​ម៉ាឡេស៊ី ​និង​ការ​បិទ​ក្រុមហ៊ុន​​​មួយ​​ចំនួន ​​ដែល​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​ក្រៅ​ប្រទេស។​

លោក​ សំ​ ចាន់គា​ មន្ត្រី​​​សម្រប​សម្រួល​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​​ងបាន​មាន​ប្រសាសន៍ថាចាប់​តាំង​ពី​ខែ​មករាមក​ ការិយា​ល័យ​របស់​លោកទទួល​បាន​ពាក្យ​បណ្តឹ​ងចំនួន​៥០​ករណី​ទាក់​ទិន​ទៅនឹង​ការ​បាត់​បង់​ទំនាក់​ទំនង​​​​របស់​សមាជិក ក្រុម​គ្រួសារ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការនៅ​ក្រៅ​ប្រទេស​ បើប្រៀបធៀប​ទៅ​នឹងប្រាំ​ករណី​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​​កាល​ពី​​ឆ្នាំ ​មុន។​ លោកចាន់គា​ បាន​មាន​ប្រសាសន៍​ថា ​“ខ្ញុំ​គិត​ថាពួកគេ​បាន​បាត់​បង់​ទំនាក់​ទំនង​ភាគ​ច្រើ​ន ​គឺ​នៅ​ពេលក្រុម​ហ៊ុន​ជ្រើសរើស​​ពល​ករ​ជា​ច្រើន​បាន​បិទ​ទ្វារ”​ ។​

លោក​ មឿនតុលាប្រធាន​កម្មវិធី​ការ​ងារ​នៅ​​​ CLEC​ បាន​មាន​​ប្រសាសន៍​ថា តាំង​ពី​ខែ​មករា​មក ​អង្គការ​របស់​លោកបាន​ទទួល​ពាក្យ​បណ្តឹង​ចំ​នួន៧០​ករណី​ បើ​ប្រៀប​ធៀប​ទៅ​នឹង៤០​ករណី​ក្នុង​​រយៈ​ពេល​ពីរ​ខែ​ដំបូង​​នៃ​ឆ្នាំ​២០១១​។

លោកតុលាបាន​មាន​ប្រសាសន៍​ថា”ប្រជា​ពលរដ្ឋ​បាន​មកដាក់​ពាក្យ​ប្តឹង​​នៅ​ទី​នេះ​​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពេល​ខ្លះ​យើង​​ទទួលបាន​​ ពាក្យ​បណ្តឹង​ពីរ​ ឬ​បី​[ក្នុង​មួយ​ថ្ងៃ​]​​ ពី​ប្រជាជន​ដែល​បាន​ប្រាប់​យើង​អំពី​ការ​បាត់​ខ្លួន​ ​បាត់​បង់​ទំនាក់​ទំនង​ និង​​​អំពី​អ្នក​​​ដែល​ដល់​ពេលកំណត់​ត្រូវ​ត្រឡប់​មក​វិញ​ ​តែ​មិន​ឃើញ​មក​​​”។

លោក តុលា​ បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​រវាង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​​ និង​បង​ប្អូន​របស់​ពួកគេ​ ដែល​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ប្រទេស​​ បាន​បាត់​ដោយ​សារ​តែ​ការ​បិទ​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​​មួយ​ចំនួន​ក្រោយ​ពី​រដ្ឋាភិ​បាល​បាន​ចេញ​បម្រាម​មិន​ឲ្យ​បញ្ជូន​​ស្ត្រី​ជំនួយ​ការ​​មេ​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី។

លោក អំ សំអាត អ្នក​គ្រប់គ្រងបច្ចេកទេស​​នៅ​​អង្គការ​លីកាដូ បានថ្លែងថា ”​យើ​ង​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ស្ទើរ​តែ​គ្រប់​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា” ​៕

ប្រែសម្រួលដោយ ថូ ណារ៉ាន់

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.