កម្ពុជា​ និង​ម៉ាឡេស៊ី ផ្លាស់​ប្តូរសំណើ​ស្តី​ពី​​កិច្ច​ព្រមព្រៀង​សម្រាប់ពលករ​ចំណាកស្រុក

ការចរចារវាង​ប្រទេសកម្ពុជានិង​ប្រទេស​​ម៉ាឡេស៊ីជុំវិញកិច្ចព្រមព្រៀងទ្វេ​ភាគី​ស្តី​​​អំពី​​​ការ​កែ​លម្អលក្ខខណ្ឌការងារ​​​សម្រាប់​ពលករ​ចំណាក​​ស្រុក​នោះកំពុង​វិវឌ្ឍ​សន្សឹមៗ ​​ ខណៈ​​​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​កំពុងតែ​ផ្លាស់ប្តូរ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀងនេះ​បើ​យោង​តាម​ក្រុមមន្ត្រីនៃប្រទេសទាំងពីរ។

លោកអូស្មាន់ហាស្សាន់រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​បាន​មាន​ប្រសា​សន៍​ថា​ កម្ពុជាទទួលបាន​សំណើ​តប​ពី​ប្រទេស​ម៉ាឡេស៊ី​​​នាពេល​ថ្មីៗនេះ។ ​លោក​បាន​មាន​ប្រសាសន៍​​​​កាលពីថ្ងៃច័ន្ទថា“យើង​ទទួល​បានសេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​នេះហើយនាពេល​​​នេះ”ហើយក្រុមមន្ត្រី​កំពុង​​ពិនិត្យកិច្ចព្រម​​​ព្រៀង​​​នេះ។

លោករ៉ាចាសៃហ៊្វូលរីដហ៊្សូវ៉ានអនុ​ប្រធានបេសកកម្មប្រចាំស្ថានទូត​ម៉ាឡេស៊ី​បានថ្លែង​​​ថាប្រទេស​ម៉ាឡេ​ស៊ី​បាន​​ធ្វើការ​សិក្សា​​​​និង​បាន​ធ្វើ​ការ​កែប្រែ​​សំណើ​កិច្ច​ព្រម​ព្រៀងនេះដែល​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​​មក​​​កាលពីចុង​ឆ្នាំមុនហើយ​ “ថ្មីៗនេះ”បាន​បញ្ជូន​​សំណើកិច្ច​ព្រមព្រៀង​កែប្រែ​រួចទៅ​​​ឲ្យ​​​​​​រដ្ឋាភិបាល​កម្ពុជាវិញ​ដើម្បី​ធ្វើការ​ពិចារណា​។

លោករីដហ៊្សូវ៉ានបានមាន​ប្រសាសន៍​ថា“ក្រោយពី​បាន​ធ្វើ​ការ​កែប្រែ​រួចយើង​បាន​បញ្ជូនសេចក្តី​ព្រាងនេះ​ត្រឡប់​ទៅ​​វិញដើម្បី​​ឲ្យ​ភាគី​កម្ពុជា​អនុម័ត​។ដូច្នេះ​ហើយយើង​​​កំពុង​រង់​ចាំភាគី​កម្ពុជា​។យើង​មិន​រំពឹង​​​ថានឹង​មាន​ប្រតិកម្ម​ភ្លាមៗ​នោះទេ​ ពីព្រោះ​វាជា​​​កិច្ចការ​សំខាន់​ណាស់”។

ពេលស្នើសុំ​ការ​អត្ថាធិប្បាយ​អំពីការ​កែ​​​ប្រែ​​​​របស់​ភាគីម៉ាឡេស៊ីនោះលោករីដហ៊្សូវ៉ានបាន​មាន​ប្រសាសន៍ថា“ទោះ​យើង​ធ្វើ​​ការ​​​កែ​​​ប្រែ​យ៉ាងណាក៏ដោយ​ក៏វាដើម្បី​ផល​ប្រយោជន៍​របស់​​ម៉ាឡេស៊ីនិង​កម្ពុជាដែរ”។

​ប្រទេសកម្ពុជាបាន​បញ្ជូន​ស្ត្រីជំនួយ​ការ​មេផ្ទះ​យ៉ាង​ហោច​ណាស់​៣០.០០០​នាក់​ទៅ​បម្រើ​ការ​នៅ​ប្រទេសម៉ាឡេស៊ី​ក្នុង​រយៈ​​​ពេល​​​​​​​ប៉ុន្មាន​ឆ្នាំថ្មីៗនេះប៉ុន្តែ​ករណី​រំលោភ​បំពាន​ និង​ការ​កេងប្រវ័ញ្ចជាច្រើន​ពី​សំណាក់​ទីភ្នាក់​ងារ​ជ្រើស​រើសពលករ​កម្ពុជានិង​និយោជក​ម៉ាឡេស៊ីបាន​បណ្តាល​ឲ្យ​លោក​​​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនចេញ​បម្រាម​ហាម​មិន​ឲ្យ​បញ្ជូនស្ត្រី​ជំនួយការ​មេផ្ទះទៅទៀត​ទេកាល​ពីខែ​តុលា។

កាលពីថ្ងៃទី​២៨ខែ​កុម្ភៈអង្គការ​សិទ្ធិ​មនុស្ស​កម្ពុជានិង​អន្តរជាតិ​ និង​សហជីព​ចំនួន​៦០បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរនេះ​មាន​កិច្ច​ព្រម​ព្រៀងមួយ​​​ ដែល​នឹង​ធានា​ឲ្យ​មាន​សិទ្ធិ​​​ការងារ​​រឹងមាំសម្រាប់​ស្ត្រីជំនួយ​ការ​មេផ្ទះ​កម្ពុជា​ដែល​ទៅបម្រើការ​ងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

បច្ចុប្បន្ននេះការងារ​ជាស្ត្រីជំនួយការ​មេផ្ទះ​មិនត្រូវ​បាន​ទទួលស្គាល់​ជាផ្លូវការ​ថា​​​ជា​ការងារ​ផ្លូវការ​នៅក្នុង​ប្រទេសភាគ​ច្រើន​នៅ​​​តំបន់អាស៊ីអាគ្នេយ៍នេះទេមាន​ន័យថាម៉ោងធ្វើការ​ ប្រាក់​ខែ​អប្បបរមានិង​លក្ខខណ្ឌ

ការ​ងារ​ផ្សេងៗទៀត​មិន​ទាន់​រៀបរយ​នៅ​ឡើយទេខណៈដែល​ពលករ​ចំណាក​ស្រុក​​​មាន​ការ​ការ​ពារ​ផ្លូវច្បាប់​តិចតួច​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្រុមបុគ្គលិក​សិទ្ធិមនុស្សកំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហអំពី​ការ​ចរចា​របស់​ខ្លួននិង​ពិគ្រោះយោបល់​ជាមួយ​អង្គការ​​តស៊ូមតិ​​​ផ្នែក​ការងារ។

លោកមឿនតុលាប្រធាន​មជ្ឈ​មណ្ឌល​​អប់​រំច្បាប់​សម្រាប់​សហគមន៍​បាន​ថ្លែង​​​ថា“ដើម្បីធ្វើឲ្យ​មាន​តម្លា​ភាព​និងមានការទទួល​​​ខុស​​​ត្រូវរដ្ឋាភិបាល​មិន​គួរ​​លាក់បាំង​ [សេចក្តី​​​ព្រាង​កិច្ច​ព្រមព្រៀង] នេះឡើយ”។

លោកមឿនតុលាបាន​មាន​ប្រសា​សន៍​ថា“ដើម្បីធ្វើឲ្យ​ [កិច្ច​ព្រមព្រៀង]​ នេះ ​មាន​ប្រសិទ្ធភាពនិង​គាំទ្រដល់​ស្ត្រីនោះគួរ​បើក​​ទូលាយ​ឲ្យមាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​​នានា​ដែល​ចូលរួម​ផ្តល់​ការ​គាំទ្រ​ផ្នែកច្បាប់​ដល់​​ជន​រង​គ្រោះពី​ការ​រំលោភ​បំពាន”។

លោក​បាន​បន្ថែមថាកិច្ច​ព្រមព្រៀង​នេះគួរ​ធានាឲ្យ​ប្រាកដថាស្ត្រីជំនួយការ​មេផ្ទះ​ត្រូវ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្តាហ៍ធ្វើការ​ប្រាំបីម៉ោង​ក្នុង​មួយថ្ងៃនិង​មានការ​ពិនិត្យ​ឲ្យបាន​ទៀងទាត់​ពី​​លក្ខខណ្ឌ​ការ​ងារ៕

    ប្រែសម្រួលដោយសោមសារុន​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.