ទំនប់​វារី​អគ្គិសនី​ល្អសម្រាប់​ទៅ​ថ្ងៃ​អនាគត​ ប៉ុន្ដែ អ្នក​ភូមិ​មិនទាន​​់យល់​ច្បាស់​នៅ​ឡើយ​

ស្រុក​សេសាន, ខេត្ត​ស្ទឹង​ត្រែង​-លោក​ ចាន់ថុនបាន​ទន្ត្រំ​ជើង​លើ​ដី​ ដែល​ដី​នោះ​គឺ​ជា​ដី​មានថ្មលាយ​ក្រួស​ក្រហម​។ លោកចាន់ថុន ​និយាយ​ថា “ នេះ​ហើយ​គឺ​ជា​មូលហេតុ​ ដែល​ខ្ញុំ​ចេះ​តែ​រអ៊ូរទាំ​ពី​គុណ​​ភាព​​ដី​នៅ​ទី​នេះ”។

បុរស​អាយុ​៨០​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា“ សូម្បី​តែ​នៅ​ពេល​ភ្លៀង​​ ទឹក​មិន​ដែល​ហូរ​ចូល​ទៅ​ក្នុង​វាល​ស្រែ​នោះ​​ទេ​ ហេតុ​ដូច្នេះ​ហើយ​យើង​មិន​អាច​ធ្វើ​ស្រែ​នៅ​លើ​ដី​បែប​នេះ​នោះ​ទេ​។ ទឹក​នឹង​ស្ងួត​អស់​មុន​ពេល​វា​ហូរ​ចូល​ទៅ​ក្នុង​ដី​ ប៉ុន្ដែកន្លែង​នេះ​ហើយ​ គឺ​ជា​កន្លែង​ដែល​លោក​ ចាន់ថុននិង​អ្នក​ភូមិ​ចំនួន​៤៥០​គ្រួសារ​មក​ពី​ភូមិ​ស្រែគរត្រូវមក​រស់​នៅ​​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។អ្នក​ភូមិ​​ទាំង​នេះ​ត្រូវ​បាន​បណ្ដេញ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ដើម្បី​យកទីកន្លែងសម្រាប់​សាង​សង់​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២។

មានចម្ងាយបួន​គីឡូម៉ែត្រ​ពី​ច្រាំង​ទន្លេ​សេសាន​ អ្នក​ភូមិ​ទាំង​នេះ​បា​ដាំ​ដំណាំ​ហូប​ផ្លែ​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​ ដូចជាដើម​ខ្នុរដើមដូង​ និង​ដើម​ស្វាយជាដើម។ រីឯ​របរ​នេសាទ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ត្រូវ​បោះ​បង់​ចោល​។ ហើយ​នៅ​មិន​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​ប៉ុន្មាន​ គឺ​មាន​សុទ្ធ​តែ​វាល​ស្រែ​ ដែល​អាច​ផ្គត់​ផ្គង់​ដល់​អ្នក​ភូមិ​ចំនួន​៤៥០​គ្រួសារ​នៅ​ក្នុងភូមិ​​ស្រែគរ​នេះ​ ដែល​ជា​សហគមន៍​ជន​ជាតិ​ឡាវ​​ដ៏​ធំ​មួយ។ ពួក​គាត់​សុទ្ធ​តែ​រស់​នៅ​ក្នុង​ផ្ទះ ឈើខ្ពស់​ផុត​ពី​ដី​ដោយ​មាន​លាប​ពណ៌បៃ​តង និង​មាន​ប្រក​ដំបូល​ស័ង្កសីដែល​យើង​​មើល​ទៅ​ហាក់​ដូច​ជា​កន្លែង​ប្រជុំ​ ឬ​វត្ត​អារាម​អ៊ីចឹង។

ដោយឆ្លង​កាត់​បញ្ហា​ជា​ច្រើន​ឆ្នាំ​ ភូមិ​​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ នឹង​ក្លាយ​ទៅ​ជា​ភូមិ​ដែល​នៅ​ក្នុង​ទឹក​ជម្រៅ​រាប់​សិប​ម៉ែត្រ។ ទីនេះនឹងស្ថិតក្នុង​គម្រោង​ស្ថានីយ​វារី​អគ្គិសនីសេសាន​ក្រោម​២ ដែល​មាន​កម្លាំង​៤០០​មេហ្គាវ៉ាត់​​ នឹងធ្វើឲ្យឃុំនិង​ភូមិ​ស្រែ​គរ​ នៅ​ក្នុង​អាង​ទឹក​ ដែល​លាត​សន្ធឹង​ប្រមាណ​៣៤.៣០៨ហិក​តា​។

អ្នក​ការពារបរិស្ថាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ដោយ​មាន​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ចំណុច​ប្រសព្វ​គ្នា​នៃ​ទន្លេ​សេសាននិង​ទន្លេស្រែពក​ ស្ថានីយ​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះត្រូវ​បានទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រីអនុម័ត​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ ហើយ​គ្រាន់តែនៅ​ក្នុង​ស្រុក​សេសាន​តែ​មួយ​ មានអ្នក​ភូមិ​ចំនួន​៥.០០០​នាក់​​​ នឹង​ត្រូវ​ចាក​ចេញ​ពីភូមិ​របស់​ខ្លួន​។ ប្រជា​ពលរដ្ឋ​ចំនួន​១០០.០០០នាក់​​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ ក៏​នឹង​លែងបាន​នេសាទ​ត្រី​ដែរ​ ដោយសារ​តែ​ទំនប់វារី​អគ្គិសនី​នេះ នឹង​កាត់​​ផ្ដាច់​ទន្លេ​ទាំង​ពីរ​នេះ​ចេញ​ពី​ទន្លេ​មេគង្គ។

ថ្វី​បើ​គ្មាន​ការ​ផ្លាស់​ប្ដូ​រក៏ដោយ​ ក៏អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​ស្រែ​គរ​បាន​លើក​ឡើង​ថាពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​​ព័ត៌មាន​លម្អិត​អំពី​ការគិតគូររបស់​រដ្ឋាភិបាល​ អំពី​អនាគត​របស់​ពួក​គាត់​ឡើយ​ ជា​ពិសេស​អំពី​បញ្ហា​ប្រាក់​សំណង​ និង​ការ​តាំង​ទី​លំនៅ​ថ្មី​។

លោក ឡន ជឿន អាយុ​៥៥​ឆ្នាំ​ ដែល​កំពុង​តែ​អង្គុយ​បត់​ជើង​ នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុង​ឃុំ​របស់​គាត់​ បាន​និយាយ​ថា “ ខ្ញុំ​មិនដែល​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ណា​ម្នាក់ ដើម្បី​ពិភាក្សា​ជាមួយ​ពួក​យើង​អំពី​បញ្ហា​នេះ​ទេ​”។

ជា​កសិករ​ម្នាក់​ដែល​កាន់​កាប់​ដី​ធ្លី​ប្រហែល​ប្រាំពីរ​ហិកតាលោក​ ឡនជឿននឹង​បាត់​បង់​ដី​របស់​ខ្លួន​ទាំង​នេះ ​​ប្រសិន​បើ​គាត់​​ត្រូវ​ឲ្យ​ចាកចេញ​ពី​ទីនេះ​។ ដោយ​មាន​វាល​ស្រែ​ទំហំ​​ពីរហិកតា និង​ចម្ការ​ទំហំប្រាំ​ហិកតា ​ដែល​គាត់​ធ្លាប់​តែ​ដាំ​ដំឡូង​មីចេកនិង​អំពៅព្រម​ទាំង​ដំណាំ​ហូប​ផ្លែ​នៅ​លើ​ដី​របស់​ខ្លួន​ គាត់​នឹង​គ្រួសារ​របស់​គាត់ ដែល​មាន​កូន​ចំនួន​ប្រាំបី​នាក់​ នឹង​មិន​អាច​រស់​នៅ​ដោយ​សុខ​សប្បាយទេ។

លោកឡនជឿនបាន​និយាយ​ថា “ ខ្ញុំ​យំ​នៅ​ពេល​ខ្ញុំ​បាន​ឮថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះ​ត្រូវ​បាន​អនុម័ត​ ពី​ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បាត់​បង់​អ្វី​ៗ​ទាំង​អស់​”។

លោក​បាន​បន្ដ​ថា ខ្ញុំ​នឹង​អាឡោះ​អាល័យ​ផ្ទះ​របស់​ខ្ញុំ​ ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ជា​យូរ​មក​ហើយខ្ញុំ​នឹង​អាឡោះ​អាល័យ​ផ្លូវ​ដែល​ខ្ញុំ​ធ្លាប់​ដើរ​ជារៀង​រាល់​ថ្ងៃ ខ្ញុំ​នឹង​អាឡោះ​អាល័យ​អ្វី​ៗ​ទាំ​ង​អស់​នៅ​ក្នុង​ភូមិ​នេះ”។

យោងតាមឯកសារ​របស់​ក្រសួង​ឧស្សា​ហកម្ម​ រែ៉និងថាមពលដែល​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុនជាប់ពាក់​​ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​២នេះ​ បាន​ត្រៀម​ទឹក​ប្រាក់​ចំនួន​៨,២៨​លាន​ដុល្លារ​ ដើម្បី​ផ្តល់ជា​ប្រាក់​សំណង​ដល់​ក្រុម​គ្រួសារ​ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ភូមិ​របស់​ខ្លួន​។

សម្រាប់​ក្រុម​គ្រួសារ​អ្នកនេសាទ ​ដែល​ទទួលផលប៉ះពាល់ដោយ​សារ​បាត់​បង់​ប្រាក់​ចំណូល​របស់​ខ្លួន ពួក​គាត់​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​ក្នុង​ទឹកប្រាក់​ចំនួន​៣២៣.៤៥០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ៗ រហូត​ដល់​១០​ឆ្នាំ​។ ​សម្រាប់​ក្រុម​គ្រួសារ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សារ​អនុផល​ព្រៃ​ឈើ​មាន​ដូចជា​ជ័រ​ទឹក​ និង​វល្លិដែល​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​កន្ត្រក ពួក​គាត់​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣២៧.៦០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​រហូត​ដល់​ប្រាំ​ឆ្នាំ​ ហើយ​ក៏​មាន​កញ្ចប់​ប្រាក់​សំណង​

​ផ្នែកបរិស្ថាន​សង្គម ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន​១,៤៣​លាន​ដុល្លារ ​សម្រាប់​ក្រុម​គ្រួសារ ​ដែល​ត្រូវ​ចាក​ចេញ​ពី​ភូមិ​របស់​ ខ្លួន​ និង​មាន​ទឹក​ប្រាក់​ចំនួន​១,៩៨​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​មួយ​ ដែល​គេ​បង្កើត​ឡើង​ ដើម្បី​ជួយ​បង្កើន​ប្រាក់​ឯកសារ​នេះ​មិន​បាន​បញ្ជាក់​ថា តើទឹក​ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បែង​ចែក​ដូចម្ដេច​សម្រាប់​គ្រួសារ​ទាំង​នោះ​ឡើយ​ ឬក៏​ថានរណា​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ប្រាក់​សំណង​ទាំង​នេះ។

យោង​តាម​ឯកសារ​ ដាក់ជូន​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប នៅក្នុងប្រទេស​កម្ពុជា​ នឹង​ត្រូវ​គ្រប់​គ្រង​គម្រោង​នេះ​ចំនួន​៩០​ភាគ​រយ​ ហើយ​ក្រុម​ហ៊ុន​អគ្គិសនី​វៀតណាម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​អាចគ្រប់​គ្រង​១០​ភាគ​រយ​។ ដើម្បី​ផ្ដល់​ហិរញ្ញ​ប្បទាន​ដល់​គម្រោង​នេះ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ចិន​ Hydrolancang International Energy Co. Ltd.។

ដោយបង្កើត​នៅ​ក្នុង​ឆ្នាំ​២០០៩​ ក្រុម​ហ៊ុន​Hydrolancang គឺ​ជា​ក្រុមហ៊ុន​សាខា​របស់​ក្រុម​ហ៊ុន​ចិនហូណេងគ្រុប (Hauneng Group) ដែលជាក្រុមហ៊ុន​ដ៏​ធំ​មួយ​គ្រប់​គ្រង​ដោយ​រដ្ឋ ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៥ដោយ​ផ្ដោត​លើ​គម្រោង​ថាមពល​។ ការ​វាយ​តម្លែ​អំពីផល​ប៉ះពាល់​ផ្នែកបរិស្ថាន​មួយ​ កាល​ពី​

ឆ្នាំ​២០០៨បាន​បង្ហាញ​ថាគម្រោង​ដំបូងនឹង​ត្រូវ​បែងចែកថាមពល​អគ្គិសនី​ រវាង​ប្រទេស​វៀតណាម​ និងប្រទេស​កម្ពុជា​។ ប៉ុន្ដែ ឯកសារ​ចុង​ក្រោយបាន​​បង្ហាញ​ថាថាម​ពល​អគ្គិសនី​ទាំង​អស់​ដែល​បាន​មក​ពីទំនប់វារី​អគ្គិសនី​នេះ​ នឹង​ត្រូវ​ចែក​ចាយ​មក​ប្រទេស​កម្ពុជា​។

មន្ត្រី​ដែល​ទទួល​ខុស​ត្រូវស្ថានីយ៍វារី​អគ្គិសនី​នេះ​ បាន​និយាយ​ថា នៅ​ពេល​អ្នក​ភូមិ​នឹង​ទទួល​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ នឹង​បង្កើត ​​ការ​ងារ​រាប់​ពាន់​ស្រាប់​សហគមន៍​ក្នុង​ស្រុក​ តែ​ទោះ​ជាយ៉ាងណា​ពួក​គេ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថាការ​ងារ​ទាំង​នោះ​ ជាការ​ងារ​ប្រភេទ​បែប​ណា​នោះ​ទេ។

ឯក​សារ​នេះ​លើក​ឡើង​ថា “ គម្រោង​នេះ​នឹង​នាំ​ប្រយោជន៍​​សម្រាប់​ការ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​ជាតិ​រួម​មាន​ឧស្សាហកម្មកសិកម្ម​​ និង​វិស័យ​ទេសចរណ៍​ ហើយ​នឹង​ជួយ​ផ្គត់​ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​ ដែល​បម្រើ​ការ​នៅ​ក្នុង​គម្រោង​នេះ​ និង​អ្នក​នៅ​ក្បែរ​​នេះ​”។

នៅ​ពេល​អគ្គិសនី​នឹង​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​ស្រុក​ អ្នក​ការពារបរិស្ថាន​បាន​លើក​ឡើង​ថាការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​នឹងបង្ក​ឲ្យមាន​ប៉ះពាល់​ដល់​ផល​នេសាទ​នៅ​ក្នុង​តំបន់​។

ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​ដោយ​បណ្ឌិត​សភា​ជាតិ​វិទ្យាសាស្ត្រសហរដ្ឋ​អាមេរិក​​ (Proceedings of the National Academy of Sciences of the United States of America​) ក្នុងឆ្នាំ​នេះ​រក​ឃើញ​ថាគម្រោង​សាង​សង់​ទំបន់​វារី​អគ្គិសនី​ឆ្លង​កាត់​ទន្លេ​សេសាន​ និង​ទន្លេ​ស្រែ​ពក​ នឹង​បង្កផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​ការ​នេសាទ​ត្រី​ និង​ជីវចម្រុះ​នៅ​ទី​នោះ​។របាយ​ការណ៍​ដដែល​នេះ​បាន​លើក​ឡើង​ថាស្ថានីយ​វារីអគ្គិសនី​សេសាន​ក្រោម​២ ធ្វើ​ផល​នេសាទ​នៅតាម​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ប្រមាណ​៩,២​ភាគ​រយ​។

ដោយសារ​ត្រី គឺ​ជា​ប្រភព​ប្រូតេអុីន​យ៉ាង​​សំខាន់​សម្រាប់​អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ​សេសាន​ និង​ទន្លេ​ស្រែពក​ អ៊ីចឹង​ តើ​អ្នក​ភូមិ​ទាំង​នេះ​នឹង​ត្រូវ​រក​អាហារ​ជំនួស​វិញ​ដោយ​របៀប​ណា​។

កាល​ពី​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ស្រាវ​ជ្រាវ SWECO Groner បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ​ស្ដី​ពី​ការ​សិក្សាអំពី​ផល​ប៉ះពាល់​ផ្នែកបរិស្ថាន​ដោសយសារ​ស្ថានីយ​វរីអគ្គិសនី​សេសាន​ក្រោម​២ បាន​លើក​ឡើង​ថា អ្នក​ភូម​ិ​ទាំង​នេះ​អាច​ចិញ្ចឹមទន្សាយ​ដែល​ជា​សត្វ​សំបូរ​ប្រូតេអុីន​ជំនួស​ឲ្យ​ត្រីវិញ​ សម្រាប់​ធ្វើអាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។នៅ​ក្នុងវត្ត​មួយក្នុង​ភូមិ​ស្រែ​គរ​អ្នក​ភូមិ​នាំគ្នា​អស់​សំណើច​នៅ​ពេល​គេ​ប្រាប់​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ទន្សាយជំនួស​​ត្រី​វិញនោះ​។

លោកបេងតេងសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្រែគរ​ បាន​មាន​ប្រសាសន៍​ថាការ​ចិញ្ចឹម​ទន្សាយ​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ដល់​អ្នក​ភូមិ​រាប់​ពាន់​នាក់​ដែល​ទទួល​រង​ផល​ប៉ះពាល់​នោះ​ឡើយ​។

លោកបេងតេងបាន​ថ្លែងនៅ​ពេល​អ្នក​ភូមិ​អង្គុយ​ព័ទ្ធ​ជុំ​វិញ​នៅ​ក្នុង​វត្ត​​ថា “ ​នេះ​គឺ​ជា​រឿង​អាម៉ាស់​ណាស់​។ ​ប្រសិន​បអ្នក​ប្រៀប​ធៀប​ទន្សាយ​ទៅ​នឹង​ត្រី​ ត្រី​វា​ពង​​កូន​ម្ដង​ៗ​រាប់​លាន។ វា​ពិត​ជា​ខុស​គ្នា​ទាំង​ស្រុង​។យើង​​មិន​អាច​ទទួលយក​ដំណោះ​ស្រាយ​បែបនេះ​បាន​ទេ​”។ លោកបេងតេង​ ក៏បានមានប្រសាសន៍​ដែរ​ថា អ្នក​ភូមិ​មិន​ទុក​ចិត្ត​ចំពោះ​គម្រោង​ដែល​អាជ្ញាធរ​បាន​បង្ហាញ​ថា នឹង​ផ្ដល់​ឲ្យ​គ្រួសារ​នីមួយ​ៗនូវ​ដី​ទំហំ​កន្លះ​ហិកតាសម្រាប់​សាង​សង់​ផ្ទះ និង​ដី​ទំហំ​ប្រាំហិកតា​បន្ថែម​ទៀត​សម្រាប់​ធ្វើ​ស្រែចម្ការ​។

លោក​បាន​ថ្លែង​ថាយើង​បាន​ឮ​ថាគេ​នឹង​ផ្ដល់​ប្រាក់​សំណង​មក​ឲ្យ​ពួក​យើង​គួរ​ជា​ទី​ពេញ​ចិត្តសម្រាប់​សាង​សង់​សាលារៀនផ្លូវ​ផ្នល់​ ផ្ទះ​សំបែង និង​ផ្ដល់​ដី​ស្រែ​ចម្ការ​ដល់​យើង ប៉ុន្ដែ យើង​មិន​ទាន់​ឃើញ​ភ័ស្ដុតាង​នៅ​ឡើយ​ទេ។ យើង​ចង់​ឃើញ​ភ័ស្ដុតាង​ជាក់​ស្ដែង​សិនបើ​ពំុដូច្នោះ​ទេយើង​មិនជឿ​ឡើយ”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.