តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា ពាក្យ “ព្នង”​ មិនមែន​​​ជា​​​ពាក្យ​​​តំណាង​​​ឲ្យ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិចទេ​​​

លោក ឈាង វុន តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​បាន​​​លើកឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពាក្យ​​​ “ ព្នង” មិនមែន​​​ជា​​​ពាក្យ​​​តំណាង​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​​​​ភាគឧត្ដរនៃ​​​ប្រទេស​​​កម្ពុជា​​​ទេ ​ហើយ​​​ថា លោក​​​គ្រាន់​​​តែ​​​ប្រើ​​​ពាក្យ​​​នោះ​​​តំណាង​ឲ្យ​​​​ក្រុម​​​មនុស្ស​​​មួយ​​​ចំនួន​​​ ដែល​​​គ្មាន​​​វប្បធម៌​​​ និងមិន​​​គោរព​​​ច្បាប់ប៉ុណ្ណោះ។​​​

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​លោក​​​កើត​​​មាន​​​ឡើង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​សប្ដាហ៍​​​បន្ទាប់​​ពី​​​លោក​​​បាន​​​ប្រើ​​​ពាក្យ​​​ “ ព្នង” ដែល​​​ជា​​​ឈ្មោះជន​​​​ជាតិ​​​ភាគ​​​តិច​​​មួយ​​​ក្រុម រស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជានោះ ​​​ជា​​​ពាក្យ​​​ប្រមាថ​​មាក់​​​ងាយ​​​តប​ទៅ​​​លោក កឹម សុខា ប្រធាន​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​​​​ប្រតិ​​​កម្ម​​​តប​​​នឹង​​​សុន្ទរកថា​​​មួយ​​​ដែល​​​លោកកឹម សុខា ថ្លែង​​​អំពី​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ឯ​​​រដ្ឋ​​​សភា។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​សមាគម​​​យុវជន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កម្ពុជានិង​​​អង្គការ​​​​​​ពីរ​​​ផ្សេង​​​ទៀត​​​ ដែល​​​គាំទ្រ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​បាន​​​ផ្ញើ​លិខិត​​​មួយ​​​ច្បាប់​​​ជំនួស​​​ឲ្យ​​​​​​ជន​ជាតិ​​​ភាគ​​​តិច​​​ជូន​​​ទៅ​​​លោក​​​ ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភាដើម្បីសុំ​​​​​​​​​ឲ្យលោកជួយ​​​​​​​​​​​​​​​​​​ជំរុញ​​​លោក ឈាង វុន សូម​​​​ទោស​​​ចំពោះ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន។

លោក​​​ស្រី យុន ម៉ាណេប្រធាន​​​សមាគម​​​យុវជន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​នោះ​​​បាន​​​សុំ​​​ឲ្យ​​​លោក ​ឈាង វុន សូមទោស​​​ជា​​​សាធារណៈ​​​ និង​​​សុំ​​​ឲ្យ​​​លោក​​​រៀប​​​ចំ​​​ពិធី​​​សែន​​​ព្រេន​​​សូមទោស​​​ដូន​​​តា​​​ជន​​​ជាតិ​​​ព្នងដោយ​​​មានសែន​ស្រា​ទៀន​​​ធូប​និង​​​បូជា​​​យញ្ញ​​​គោ​​​មួយក្បាល ​​​នៅ​​​ភ្នំ​​​ដោះ​​​ក្រមុំ នៅ​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី ​​ដែលជា​​​កន្លែង​ស័ក្ដិ​​​សិទ្ធិ​​​បំផុត​​​របស់​​​ជន​​​ជាតិ​​​ព្នង។​​​

លោកស្រី​​​ យុន ម៉ាណេ ​​​មាន​​​ប្រសាសន៍​​​ថា“ យើង​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​ ឈាង វុន សូម​ទោស​​​​ជាសាធារ​​​ណៈ ពីព្រោះ​​​លោក ជា​​​អ្នក​​​ចេះ​ដឹង​​​​មួយ​​​រូប ហើយ​​​លោក​​​បាន​​​មានប្រសាសន៍​​​បែប​​​នោះ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា។មិន​​​ថា ពាក្យ​​​នោះ​​​​អាក្រក់​​​ប៉ុណ្ណា​​​ទេ យើង​​​មិន​​​អាច​​​ផ្លាស់​​​ប្ដូរ​​​ការ​​​ពិត​​​បាន​​​ទេ គឺយើង​​​ជា​​​ជន​​​ជាតិ​​​ព្នង”។

ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​សូមទោស​​​​​​នោះ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ឈាង វុន នៅ​​​តែ​​​​បន្ដ​​​ការ​​​ពារ​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​សម្តីរបស់​ខ្លួន​​​ដដែល ដោយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចាត់​​​ទុក​​​ជន​​​ជាតិ​​​ព្នង​​​ជា​​​​​​ជនជាតិ​​​ខ្មែរ​​​ដូច​​​គ្នា ​ហើយ​​​លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ជឿទេ​​​ថា ពាក្យ​​​នោះ​​​ពិត​​​ជា​​​សំដៅ​​​លើជន​​​ជាតិ​​​ភាគ​​​តិច​​​ណាមួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​“ គ្មាន​​​ឯកសារ​​​ណាមួយ​​​ ​​​បាន​​​សរសេរ​​​អះអាង​​​ថា មាន​​​[​​​ជន​​​ជាតិ​​​] ព្នង​​​នោះ​​​ទេ សូម្បីតែ​​​​​​ក្នុង​​​វចនានុក្រម​​របស់​​​​សម្ដេចសង្ឃ​​ ជួន​​​ ណាត ​ក៏​​​​គ្មាន​​​​ពាក្យ​​​នោះ​​​ដែរ។ ខ្ញុំ​​​មិន​​​បាន​​​សំដៅ​​​លើ​​​​​ជន​​​​ជាតិ​​ដើម ​​​​​​​ដែល​​​កំពុង​​​រស់​​​នៅក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ឬខេត្ត​​​រតនគិរី​​​ នោះ​​​ទេ​​​”។

លោក ឈាង វុន បាន​​​បន្ថែម​​​ថា ក្នុង​​​នាម​​​ជា​​​តំណាង​​​រាស្ត្រ​​មួយ​​​រូប​​​ លោក​​​នឹង​​​សូម​ទោស​​​នៅក្នុង​​​រដ្ឋ​​​សភាវិញ ប្រសិន​​​បើ​​​មាន​​​ឯក​​​សារ​​​ស្រប​​​ច្បាប់​​​ណាមួយ​​​អាច​​​អះ​​​អាង​​​ថា មាន​​ជន​ជាតិ​​​ព្នង​​​ពិត​​​មែន​​​នោះ។

ជនជាតិ​​​ភាគតិច​​​ព្នង​​​ម្នាក់​​​ឈ្មោះ ​សារុន ​បូរា៉ត់ អាយុ​​​២៦​​​ឆ្នាំ​​​ ដែល​​​រស់​​​នៅ​​​ក្នុងខេត្ត​​​រតនគិរី​​​បាន​​​និយាយថា ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​​​ព្នង​​​របស់​​​លោក ឈាង វុន ធ្ងន់​​​ណាស់​​​​​​ ព្រោះ​​​លោក​​​បានមានប្រសាសន៍ ដោយប្រើ​​​ពាក្យ​​​នោះ​​​នៅ​​ក្នុង​​​រដ្ឋ​​​សភា។

លោកបូរ៉ាត់ បាន​​​និយាយថា “ ប្រសិន​​​បើ​​​លោក​​​ប្រើ​​​ពាក្យ​​​នេះ​​​នៅ​​​កន្លែង​​​ផ្សេង​​​ នោះ​​​នឹង​​​មិន​​​ធ្ងន់​​​ដល់​​​ថ្នាក់​​​នេះ​​​ទេ។ យើង​​​មិន​​​ចង់​​​បាត់​​​បង់​​​អត្ត​​​សញ្ញាណរបស់​​​យើង​​​ទេ….។​​​យើង​​​មិន​​​ផ្សះ​​​ផ្សា​​ [រឿង​​​នេះ​​​]​ ទេ ​​​ព្រោះ​​​លោក​​​​មាក់​​​ងាយ​​​យើង​​​ និង​​​រើ​​​សអើង​​​​​​យើង”។

លោក គាំ កុសល ប្រធាន​​​ខុទ្ទកាល័យ​​​រដ្ឋ​​​សភា​​​បាន​​​បញ្ជាក់​​​ថា លោក​​​ទទួល​​​បាន​​​លិខិត​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​នឹង​​​ផ្ញើ​​​ជូន​​​ទៅ​​​លោក ហេង សំរិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.