រដ្ឋា​ភិបាល​​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​ថា​កម្ពុជា​​​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​នៅ​​ក្នុង​ប្រទេស​ថៃ

ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បដិសេធ​ចំពោះ​ការ​អះ​អាង​ ដែល​ផ្សព្វ​​តាម​បណ្ដាញ​ទូរទស្សន៍ថៃ​ថា រដ្ឋាភិ​បាល​ថៃ​បាន​ជួល​ជន​ជាតិ​​កម្ពុជា​រាប់​ពាន់​នាក់ឲ្យ​រំខាន​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ទី​ក្រុង​បាង​កក​ កាល​ពី​ថ្ងៃ​សៅរ៍។​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន ​និង​ប្រតិ​កម្ម​រហ័ស​​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថាបណ្ដាញ​ទូរទស្សន៍​ថៃអេ​អេស​ធីវី (ASTV)​បាន​ផ្សាយ​រឿង​មួយ​កាល​ពីថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​លោកសំគៀតពង្សប៉ៃប៊ូន (SamKiat Pongpaiboon)​​ សមាជិក​គណបក្សប្រឆាំ​ង​ថៃ​បាន​ចោទប្រកាន់​លោកថាក់ស៊ីនស៊ីណា​វ៉ា​ត្រា (Thaksin Shinawatra)​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា​ “បាន​នាំជន​ជាតិ​ខ្មែរ​ពី​៤.០០០នាក់​​​ទៅ​៥.០០០​នាក់មក​បង្ក​ចលាចល​​ក្នុង​អំឡុង​ពេល​តវ៉ា​​នេះ​”។

លោកសំគៀត​ និយាយ​នៅ​ចំពោះ​មុ​ខ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​របស់​​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់ម៉ឺន​នាក់ដែល​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ចល​នា​អាវ​លឿង​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃលោក​ស្រី​យីង​ឡាក់ស៊ីណាវ៉ាត្រា​(Yingluck Shinawatra)​​ប្អូន​ស្រី​របស់អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃថាក់​​ស៊ីន​ ដែល​ត្រូវ​គេ​ទម្លាក់​ពី​តំណែង​។​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនមាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធជាមួយ​រដ្ឋាភិបាល​របស់​លោកស៊ីណាវ៉ាត្រា។​

យោង​តាម​ទី​ភ្នាក់​ងារ​អេភី (AP)​បាន​ឲ្យ​ដឹង​ថាទោះ​​បី​ជា​អ្នក​រៀប​ចំ​សង្ឃឹម​ថានឹង​មាន​អ្នក​តវ៉ា​ប្រហែល​៥០០.០០០​នាក់​ចូល​រួម​ធ្វើ​បាតុ​កម្ម​ក្នុង​ទី​ក្រុង​បាង​កក​ក៏​ដោយ ក៏​កាល​ពី​ថ្ងៃ​សៅរ៍​មាន​អ្នក​តវ៉ា​ប្រមាណ​​ពី​​១០.០០០​នាក់​ទៅ១៥.០០០​នាក់​ប៉ុណ្ណោះ​បានមក​ជួប​ជុំ​គ្នា​នៅ​ជិត​​រដ្ឋ​​សភា​។ ​​ការ​តវ៉ា​នេះ​បាន​បញ្ចប់​បន្ទាប់​ពី​នគរ​បាលបាន​​ចាប់ខ្លួន​​បាតុ​ករ​ប្រហែល​១៣០​នាក់​ដែល​​ព្យាយាម​​ទម្លាយរបាំង​ការ​ពារ​។

យោង​តាម​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍​អេអេសធីវីបាន​ឲ្យ​ដឹង​ថាលោកសំគៀតសមាជិក​សម្ពន្ធ​​ប្រជាជន​ដើម្បី​​ប្រជាធិប​តេយ្យ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ បាន​​និយាយ​ចោទ​ប្រកាន់​ថា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែនបាន​ជួល​ជន​ជាតិ​កម្ពុជា​រហូត​ដល់​៥.០០០​នាក់ឲ្យធ្វើជា​ពួក​អាវ​ក្រហម ​គាំទ្រ​លោក​ស្រីយីង​ឡាក់។​

លោកសំគៀត ពង្សប៉ៃប៊ូនបាន​​និយាយ​ថា ជន​ជាតិ​កម្ពុជា​​បាន​បន្លំ​ធ្វើ​ជា​ពួក​អាវ​ក្រហម​​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​រំខាន​នៅ​ក្នុង​បាតុ​កម្ម​នេះ​។

ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ថា ការជួល​ជន​ជាតិ​កម្ពុជាឲ្យ​អន្ដរាគមន៍​នៅ​ក្នុង​បាតុ​កម្ម​នយោ​បាយ​​ក្នុង​ប្រទេស​ថៃ គឺ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ ហើយ​សេចក្ដី​រាយ​ការណ៍​​បែប​នេះ​មាន​បំណងធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរបាត់​ទំនុក​ចិត្ត​​នឹង​គ្នា​។​

បណ្ដាញទូរទស្សន៍​អេអេសធីវី ដែល​​បង្កើត​ឡើង​ដោយ​​​ឈ្មោះ​ សុ៊នធិលីមថុង​គុល (Sondhi Limthongkul)​ មេដឹកនាំ​សម្ពន្ធ​ប្រជា​ជន​ដើម្បី​ប្រជាធិបតេយ្យ​និង​ជា​មេ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិល​មិញ៕

​ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.