មន្ត្រី​រដ្ឋ​សភា​​មួយ​រូបលើក​ឡើង​ថា ជម្លោះ​ជាតិ​សាស្ត្រ​និយម​ គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​តំណាង​រាស្ត្រ

មន្ត្រី​រដ្ឋសភា​មួយ​រូបលើក​ឡើង​ កាល​ពី​ម្សិលមិញ​ថា បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ភាសា​ប្រកាន់​ជាតិ​សាសន៍​ដែល​ប្រើប្រាស់​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​មួយ​រូប​នៅក្នុង​រដ្ឋសភា​នោះ គឺ​ជា​បញ្ហា​ពាក់​ព័ន្ធ​ជាមួយ​នឹងតំណាង​រាស្ត្រ​នោះ​ផ្ទាល់​។

លោកឈាងវុនបាន​ប្រើ​ប្រាស់​ពាក្យ​ “ព្នង​”  ដែល​ជា​ឈ្មោះ​នៃ​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ក្នុង​ភូមិភាគ​ឦសាននៃ​ប្រទេស​កម្ពុជា​ ដែល​​មាន​ន័យ​ផង​ដែរថា ជា​ពួក​ដែល​គ្មាន​អរិយធម៌ ខណៈពេល​​លោក​​កំពុង​ថ្លែង​​ទាំង​កំហឹង​​ទៅ​កាន់​​លោកកឹមសុខាប្រធាន​គណ​ប​ក្ស​សិទ្ធិ​មនុស្ស​ កាល​ពី​ដើម​ខែ​នេះ​។

សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្ដឹងជូន​លោក ហេងសំរិនប្រធាន​រដ្ឋសភាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពាក់​ព័ន្ធ​នឹង​ពាក្យ​មាក់​ងាយនេះ ដោយ​ទាម​ទារ​ឲ្យ​លោក​ ឈាងវុនធ្វើ​ការ​សូម​ទោស​ជា​សាធា​រណៈ​ និង​ធ្វើ​ពិធី​សែន​ព្រេន​សូម​ទោស​ដល់​ដូន​តា​របស់​សហគមន៍​​ព្នង​។

លោកគាំ​ កុសល​ ប្រធាន​ខុទ្ទកា​ល័យ​រដ្ឋសភា​ ​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​ផ្ញើ​លិខិត​នេះ​ជូន​ទៅ​លោកហេងសំរិនរួច​ហើយ ប៉ុន្ដែ​លោក​មិន​អាច​និយាយ​បាន​ទេ​ថាតើលោក​ប្រធាន​នឹង​ឆ្លើយ​តប​ ឬអត់នោះ​​ទេ។ លោកកុសលបាន​មានប្រសាសន៍​ថា “ ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​​​អំពី​បញ្ហា​នេះ​​បាន​ទេ​ ដោយ​សារ​​នេះ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​​របស់​ឯក​ឧត្ដមឈាងវុន”។

រហូត​មក​ដល់​ពេល​នេះ​ លោកឈាងវុនមិន​ទាន់​បាន​ធ្វើ​ការ​សូម​ទោស​ និង​បក​ស្រាយ​ពាក្យ​សម្ដី​របស់​លោកទេ​។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថាលោក​មិន​បាន​សំដៅ​ទៅ​លើ​សហគមន៍​ព្នង​ដែល​លោក​បាន​​អះអាង​ថាជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នានោះ​ទេ​។

ទាក់​ទង​កាល​ពី​ម្សិលមិញ​ លោកឈាងវុន​​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​​ឡើយ​។លោក​​​មាន​ប្រសាសន៍​ថា “ សូម​កុំ​សួរ​ខ្ញុំ​ទៀត​ ខ្ញុំ​បាន​និយាយ​ច្រើន​ណាស់​ហើយ​អំពី​បញ្ហា​នេះ​”។

សាស្ត្រា​ចារ្យ​​ពីរ​​រូប​​នៅ​ឯ​សាកល​វិទ្យា​ល័យ​​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ពួក​គាត់​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​អះអាង​របស់​លោកឈាង​ វុនដែល​ថាព្នង​គឺ​ជា​ជន​ជាតិ​ខ្មែរ​នោះ​ទេ​ ព្រោះ​ខ្លាច​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នយោបាយ​។

ទោះ​ជាយ៉ាងណាលោកជីន-ម៉ៃឃើលហ្វីលីបពី (Jean-Michel Filippi) អ្នក​ជំនាញ​ភាសា​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ជំទាស់​នឹង​ការ​អះអាង​របស់​លោកឈាងវុនដែល​ថាព្នង ​មិន​មែន​ជា​​ជន​ជាតិ​ភាគ​តិច​។

លោកហ្វីលីបពីបាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ កាល​ពី​ថ្ងៃ​សៅរ៍​ថា “ ជន​ជាតិ​ព្នង​ គឺ​ជា​ជន​ជាតិ​ភាគ​តិច​ ដែល​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្វី​ពាក់​ព័ន្ធ​​ជាមួយ​ជន​ជាតិ​ខ្មែរ​នោះ​ទេ​ ព្រោះ​ពួក​គេ​មាន​ភាសា​ផ្សេង​ និង​សាសនា​ផ្សេង​”។

លោក​បាន​មាន​ប្រសាសន៍​ដោយ​​ប្រើ​​ពាក្យ​ផ្សេង​ជំនួស​ពាក្យ​​ព្នងថា “ ដោយ​​​មាន​ហេតុ​ផល​ជា​ច្រើន​ពាក្យ​ ‘ព្ន​ង’ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ និង​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុងភាសាខ្មែរ​ដែល​មាន​អត្ថន័យ​ពិសេស​​មួយ​ គឺ​ពួូក​គ្មាន​អរិយធម៌​”៕

(រាយការណ៍​បន្ថែម​ដោយ Janelle Kohnert)

ប្រែសម្រួល​ដោយហមសុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.