តំណាងធនាគារ មីហ្ស៊ូហូ (Mizuho) បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ធនាគារជប៉ុនដ៏ធំមួយនឹងបើកការិយាល័យតំណាង នាខែកក្កដាខាងមុខ ដោយសារតែវិនិយោគិនជប៉ុនភាគច្រើន បានចាប់អារម្មណ៍ខ្លាំងទៅលើទីផ្សារកម្ពុជា។
អ្នកស្រី ជា ប៉ូ ឡេង តំណាងធនាគារ មីហ្ស៊ូហូ ហ្វាយណាន់សល គ្រុប (Mizuho Financial Grouop) បានឲ្យដឹងថា ធនាគារនេះនឹងបើកការិយាល័យតូចមួយ នៅភ្នំពេញ ថាវ័រ (Phnom Penh Tower) នៅតាមបណ្តាយមហាវិថីព្រះមុនីវង្ស នាថ្ងៃទី៨ខែក្រោយ។
អ្នកស្រី ប៉ូឡេង បានមានប្រសាសន៍ថា “យើងនឹងបើកការិយាល័យតំណាងមួយ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសកម្ពុជា ក៏ដូចជា ស្វែងយល់ថា តើខ្លួននឹងអាចផ្តល់ផលប្រយោជន៍ ដល់វិនិយោគិនជប៉ុន និងវិនិយោគិនបរទេសដោយរបៀបណា”។
អ្នកស្រី ប៉ូឡេង បានបន្តថា “ យើងប្រមូលព័ត៌មានផ្សេងៗ… ជាពិសេស សម្រាប់ម្ចាស់សហគ្រាសជប៉ុន ដែលចង់មកបោះទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ”។ អ្នកស្រីក៏បានលើកឡើងបន្ថែមទៀតថា ការបង្ហាញខ្លួនរបស់ធនាគារ មីហ្យ៊ូហូ នៅលើទីផ្សារកម្ពុជា ឆ្លុះបញ្ចាំងឲ្យឃើញថា ធនាគារនេះកំពុងតែខ្នះខ្នែងកាន់តែខ្លាំងឡើងៗ ក្នុងការវាយលុកទីផ្សារតំបន់មេគង្គ ហើយកាលពីឆ្នាំមុន ធនាគារនេះបានបើកការិយាល័យតំណាងមួយនៅទីក្រុង រ៉ង់ហ្គូន។
ធនាគារជប៉ុនធំៗចំនួនពីរផ្សេងទៀតគឺធនាគារ តូក្យូ-មីស៊ុប៊ីស៊ី (Bank of Tokyo-Mitsubishi) និងធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ (Sumitomo Mitsui Banking Corporation) ក៏មានការិយាល័យតំណាងនៅប្រទេសកម្ពុជាផងដែរ ខណៈដែលម៉ារ៉ូហាន់ ធនាគារជប៉ុន (Maruhan Japan Bank) បាននិងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន តាំងពីឆ្នាំ២០០៨មក៕
ប្រែសម្រួលដោយ កង សុធា
© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.