កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយនៅសប្តាហ៍ក្រោយ

ក្រសួងការពារជាតិកម្ពុជាប្រកាសថា យោធាកម្ពុជា និងយោធានៃប្រទេសកុម្មុយនីស្តចិននឹងធ្វើលំហាត់​យោធា​រួមគ្នា​មួយ​ដែលមានឈ្មោះថា នាគមាសឆ្នាំ ២០១៨ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ខែមីនា ខាងមុខ។

ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់យោធារួមគ្នានៃ​ក្រសួង​ការពារជាតិ លោក ឥត សារ៉ាត់ ​បាន​ចេញលិខិតជូនដំណឹងមួយ​កាលពីថ្ងៃទី ៧ មីនា បញ្ជាក់ថា លំហាត់យោធាដែលមាន​ឈ្មោះ នាគមាស​ឆ្នាំ ២០១៨ នេះ ធ្វើឡើង​ក្រោម​ប្រធានបទ ប្រឆាំង​ភេរវកម្ម និង ការងារ​មនុស្សធម៌។ សមយុទ្ធ​យោធា​នេះ នឹងធ្វើឡើងនៅ ឃុំក្រាំងអំពិល ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ រយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ មីនា។

​លោក ឥត សារ៉ាត់ បានស្នើឱ្យមន្ត្រីរាជការ អាជ្ញាធរ​ដែនដី និងប្រជាពលរដ្ឋទាំង​អស់​កុំភ្ញាក់ផ្អើលចំពោះសំឡេង​ស្នូរ​ផ្ទុះ​គ្រាប់ និង​ការ​ចល័ត​អាវុធយុទ្ធភណ្ឌ​យោធា​នៅ​ទីតាំង​រៀបចំ​កម្មវិធីនោះ។

លោកសំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​​ផ្សព្វផ្សាយ​អំពី​លំហាត់​យោធា​បាញ់គ្រាប់ពិត​មួយនេះ​ឱ្យបាន​ទូលំទូលាយ។ លើសពីនេះត្រូវហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅតំបន់ធ្វើសមយុទ្ធ ព្រមទាំង​ហាមឃាត់​មិនឱ្យមានការហោះហើរឆ្លងកាត់តំបន់មួយនេះឡើយ។

ក្រុមអ្នកឃ្លាំមើលសង្គមបារម្ភថា ប្រទេសចិនកំពុងព្យាយាមត្រួតត្រាកម្ពុជា​តាមរយៈឥទ្ធិពល​សេដ្ឋកិច្ច ​និងយោធា ខណៈរដ្ឋាភិបាលក្រុងភ្នំពេញ ងាកចេញពីបណ្តាប្រទេសលោកសេរីដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប តាមរយៈការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.