ជប៉ុន​នឹងពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាខាងផ្នែកបរិស្ថាន

លោក យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថាន ពិភពលោកនៃក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនកាលពីថ្ងព្រហ្បតិ៍ម្សិលម៉ិញបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេច​ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា លើវិស័យបរិស្ថាន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនមួយដែលមានឈ្មោះថា ចៃកា (JICA)។​

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ខាងផ្នែកបរិស្ថានរបស់ជប៉ុនរូបនេះ ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា ក្នុងខេត្តសៀមរាប កាលពីម្សិលម៉ិញ។​ មន្រ្តីជាន់ខ្ពស់ខាងផ្នែកបរិស្ថានរបស់ជប៉ុនរូបនេះ បញ្ជាក់ថាកន្លងមក ជប៉ុនបានជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមកាត់បន្ថយការលំបាករបស់ពលរដ្ឋខាងផ្នែកសេដ្ឋកិច្ច ព្រមទាំងបានលើកកម្ពស់ សុខភាពរបស់ពលរដ្ឋ ដូចជាការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញផងដែរ។

លោកបន្តថាជប៉ុនគ្រោងនឹងសម្របសម្រួល​សហប្រតិបត្តិការបរិស្ថាន ​ដូចជាបញ្ហាកាកសំណល់ ការប្រើប្រាសសំណល់ឡើងវិញ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងនិរន្តរភាពទីក្រុង៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.