សមត្ថកិច្ចបានយកហ្វេសប៊ុករបស់លោកហ៊ុន សែនពីក្រុមចោរព័ត៌មានវិញហើយ

សមត្ថកិច្ចបានយកហ្វេសប៊ុករបស់លោកហ៊ុន សែនពីក្រុមចោរព័ត៌មានវិញហើយ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ខៀវ សុភ័គ កាលពីថ្ងៃទី១០ ខែសីហា បានអះអាងថា គណនីហ្វេសប៊ុករបស់លោកហ៊ុន សែនត្រូវបានសមត្ថកិច្ចយកពីក្រុមចោរព័ត៌មានវិទ្យា មកគ្រប់គ្រងបានវិញហើយ ក្រោយពីក្រុមHacker បានយកទៅគ្រប់ គ្រងអស់រយៈពេលប៉ុន្មានម៉ោងរួចមក។

ចំណែកសារព័ត៌មានដែលគាំទ្ររបបលោកហ៊ុន សែនបានចុះផ្សាយថា ក្រុមចោរព័ត៌មានវិទ្យាដែលមាននិន្នាការគាំទ្រក្រុមគណបក្សប្រឆាំងនោះ បានសរសេរថា ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គណបក្សប្រជាជនកម្ពុជាគួរចែករំលែកអាសនៈ រដ្ឋសភាចំនួន២ដល់គណបក្សហ៊ុនស៊ិនប៉ិច និង២ទៀតដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

ជាងនេះទៅទៀត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្តបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមការងារអន្តរក្រសួងរួមមានក្រសួងប្រៃសនីយ៍ទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃបានប្តឹងករណីនេះទៅប៉ូលិសអន្តរជាតិរួចហើយដើម្បីឲ្យមាន ការចាត់វិធានការតាមផ្លូវច្បាប់យកជនដៃដល់មកផ្តន្ទាទោស៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.