គណបក្សខ្មែរឈប់ក្រចាត់ទុកការបោះឆ្នោតថា មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ

គណបក្សខ្មែរឈប់ក្រចាត់ទុកការបោះឆ្នោតថា មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ គណបក្សខ្មែរឈប់ក្រ កាលពីថ្ងៃទី១០ ខែសីហា បានប្រកាសមិនទទួលយកលទ្ធផលការបោះឆ្នោត ថ្ងៃទី២៩ កក្កដា។

ជាងនេះទៅទៀត គណបក្សនេះប្រកាសថា ខ្លួននឹងធ្វើរបាយការណ៍ ដាក់ទៅសហគមន៍អ៊ឺរ៉ុប និងប្រទេសលោកសេរីដើម្បីប្រាប់អំពីព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយនៅកម្ពុជា។

លោកស៊ិន វណ្ណារិទ្ធិ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ សីហាថា ការប្រកាសមិនទទួលយកលទ្ធផលឆ្នោត ដោយសារ ដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះប្រព្រឹត្តទៅមិនសេរី មិនត្រឹមត្រូវ មិនយុត្តិធម៌ មិនមានតម្លាភាព តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះឡើយ។

ប៉ុន្តែមន្រ្តីជាន់ខ្ពស់របស់គ.ជ.ប. អះអាងថា ការបញ្ជាក់ជំហររបស់គណបក្សខ្មែរឈប់ក្រគ្រាន់តែជាយុទ្ធសាស្រ្តលួងចិត្តអ្នកគាំទ្រគណបក្សគណបក្សរបស់ខ្លួនប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ លោកស៊ិន វណ្ណារិទ្ធិបន្តថា គណបក្សខ្មែរឈប់ក្រសង្កេតឃើញថា គណបក្សកាន់អំណាចបានបំភិតបំភ័យ បង្ខំឲ្យពលរដ្ឋ និងមន្ត្រីរាជការទៅបោះឆ្នោត មិនស្របតាមឆន្ទៈពួកគេ ហើយមានការបំប៉ោងតួលេខអ្នកទៅបោះឆ្នោតដល់ទៅ ជាង៨០ភាគរយ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានគណបក្សចំនួន៣ ក្នុងចំណោមគណបក្ស២០ ដែលចូលរួមការបោះឆ្នោត បានប្រកាសមិនទទួលយកលទ្ធផលពីការបោះឆ្នោត។

គណបក្សទាំង៣នេះ មានគណបក្សរស្មីខេមរា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សខ្មែរឈប់ក្រ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.