កម្មកររោងចក្រនៅខេត្តស្វាយរៀងព្រមចូលធ្វើការវិញ បន្ទាប់ពីថៅកែព្រមផ្តល់ប្រាក់ឈ្នួល

កម្មកររោងចក្រនៅខេត្តស្វាយរៀងព្រមចូលធ្វើការវិញ បន្ទាប់ពីថៅកែ ព្រមផ្តល់ប្រាក់ឈ្នួលនៅថ្ងៃឈប់សម្រាកទៅបោះឆ្នោត ភាគីកម្មករ និងថៅកែរោងចក្រ សេង យ៉ាវ ក្នុងស្រុកស្វាយទាប ខេត្ត ស្វាយរៀង បានឈានដល់ការដោះស្រាយបញ្ចប់ជម្លោះហើយ ក្រោយពីកម្មករជិត២ពាន់នាក់នាំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារ និងទាមទារកុំឲ្យកាត់ប្រាក់ឈ្នួល ក្នុងពេលពួកគេឈប់ សម្រាកទៅបោះឆ្នោត។

ក្រុមមន្រ្តីក្រសួងការងារអះអាងថា តំណាងកម្មករ និងតំណាងក្រុមហ៊ុនបានជួបចរចាត្រូវរ៉ូវគ្នាទាំងស្រុង កាលពីថ្ងៃទី១០ ខែសីហា។

ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ការធ្វើការថែមម៉ោងត្រូវឈរលើគោលការណ៍ស័្មគ្រចិត្ត និងគ្មានការបង្ខិតបង្ខំ ហើយគ្មានការគុំកួនកម្មករ និងមិនមានការគាបសង្កត់កម្មករណាម្នាក់ឡើយ។

ពួកគេក៏បានព្រមព្រៀងគ្នាថា ក្រុមហ៊ុននឹងរកវិធីសាស្រ្តដើម្បីបង្រៀន កម្មករនិយោជិតឲ្យព្យាយាមធ្វើការឲ្យបានដល់គោលដៅ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករផងដែរ។

ពីថ្ងៃទី៧ ខែសីហាដល់ថ្ងៃទី១០ ខែសីហា យ៉ាងហោចណាស់មានកម្មករជាង១ពាន់នាក់បាននាំគ្នាធ្វើការ តវ៉ានៅមុខរោងចក្រSheng Yao Enterprise co. Ltd. បន្ទាប់ពីពួកគេដឹងថា ការឈប់សម្រាក ២ ថ្ងៃដើម្បីទៅបោះឆ្នោត ត្រូវបានរោងចក្រកាត់ប្រាក់ខែ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.