នាយករដ្ឋមន្ត្រីពុករលួយម៉ាឡេស៊ី ប្រាប់តុលាការថាលោកមានសិទ្ធិចំណាយថវិការបស់ជាតិ សម្រាប់ទិញ គ្រឿងអលង្ការអោយប្រពន្ធ

នាយករដ្ឋមន្ត្រីពុករលួយ នៃប្រទេសម៉ាឡេស៊ី បង្ហាញពីអំពើពុករលួយរបស់ខ្លួនក្នុងការចំណាយផ្សេងៗដែលសុទ្ធតែរាប់ម៉ឺនដុល្លារពេលកាន់អំណាចរយៈពេល១០ឆ្នាំ។

ឆ្លើយបំភ្លឺក្នុងអង្គជំនុំជម្រះសំណុំរឿងពុករលួយរបស់លោក កាលពីថ្ងៃទី១០ ខែធ្នូ លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច  អះអាងថា លោក បានទិញនាឡិកាម៉ាក Chanel ធ្ចើជាការដូរអោយភរិយារបស់លោក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងរដ្ឋហាវ៉ៃ ដែលលោកថានាឡិកានេះមានតម្លៃជិត ២សែន ដុលា្លរ។

លោកប្រាប់តុលាការថា នាឡិកានេះ ត្រូវបានជ្រើសរើសនិងការពេញចិត្ត ដោយភរិយាលោកផ្ទាល់តែម្តង គឺអ្នកស្រី Rosmah Mansor ទើបលោកទិញជូន។ លោកអះអាងថា លោកមានសិទិ្ធប្រើប្រាស់ថវិកា ដូចនេះ ដើម្បីអ្វីមួយជាការបង្ហាញពីការរឹតចំណងទាក់ទងជាមួយមេដឹកនាំបរទេស អំឡុងពេលលោក ជួបមេដឹកនាំទាំងនោះជាមួយនឹងភរិយារបស់លោក ។

នេះ បើតាមការចុះផ្សាយរបស់ សារព័ត៌មាន ម៉ាឡេស៊ី The New Straits Times ។

តុលាការជាន់ខ្ពស់នៃម៉ាឡេស៊ី បានបញ្ជាអោយលោកណាជីបចូលខ្លួនការពារក្តី ពាក់ព័ន្ធបទចោទ ចំនួន៧នៃការចាត់ចែងលុយមូលនិធិអន្តរជាតិ SRC ប្រមាណ១០លានដុល្លារ ដែលសង្ស័យថា លោក បានបញ្ជាអោយមានការផ្ទេរប្រាក់ទាំងនេះចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។

មួយសំណុំរឿងទៀត ដែលជារឿងអាស្រូវ ដ៏ធំ គឺពាក់ព័ន្ធនឹងការលួចផ្ទេរប្រាក់ពី ធនាគារអភិវឌ្ឍន៍របស់រដ្ឋ 1MDB រាប់រយលានដុល្លារអាមេរិក។ លោកណាជីបជាប់ចោទ ក្នុងសំណុំរឿងនេះ គឺការលាងលុយ                កង្វក់ និងលុយប្រាក់សំណូករាប់រយលានដុល្លារ ។

រឿងអាស្រូវ របស់មេដឹកនាំម៉ាឡេស៊ី រូបនេះ ផ្ទុះឡើងតាំងពីឆ្នាំ២០១៥ ជាបទចោទ បានលូចលុយរបស់ជាតិ ហើយចុះផ្សាយដោយកាសែតអាមេរិក The Wall Street  Journal ដែលលោកណាជីបគំរាមប្ដឹងញឹកញាប់ តែមិនបានដាក់ពាក្យបណ្ដឹងជាផ្លូវការម្ដងណាទេ ប្ដឹងកាសែតដ៏ល្បីល្បាយរបស់របស់អាមេរិកមួយនេះ។

លោកណាជីបបាន ប្រាប់ទៅចៅក្រម និងរដ្ឋអាជ្ញាថា លោកពិតជាបានចំណាយ លុយ ៨សែន៤ម៉ឺន ៥ពាន់ ដុល្លារ ដើម្បីទិញ គ្រឿងអលង្ការជាច្រើន នៅហាងអលង្កាមួយ កន្លែងនៅ ក្នុងប្រទេស អ៊ីតាលី គឺសម្រាប់ជាកាដូរជូននាយករដ្ឋមន្ត្រីនៃប្រទេស Qatar គឺលោក Ahmed Jassim Al Thani និងភរិយារបស់នាយករដ្ឋមន្ត្រីរូបនេះ។ លោកថាធ្វើដូចនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងទាក់ទងនៃប្រទេសម៉ាឡេស៊ី និងប្រទេស Qatar ។

តែបើតាម បណ្ដាញផ្សាយព័ត៌មានរបស់អាមេរិកBloomberg News លោកណាជីបក៏បានអោយដឹង ទៀតថា លោកក៏បានចំណាយ លុយ ៣ម៉ឺន ៥រយដុល្លារ ក្នុងការស្នាក់នៅ សណ្ឋាគារ Shangri-La Hotel នៅទីក្រុងបាងកក។ លោកអះអាងទៀតថានេះ ជាសិទ្ធិរបស់លោកក្នុងការចំណាយប្រាក់ទាំងនេះ។ តែលោកថា លោកមានការប្រុងប្រយ័ត្នណាស់ មុននឹងធ្វើការចំណាយអ្វីមួយ។

លោកណាជីប កំពុងឈររង់ចាំការកាត់ក្ដី ក្នុងសំណុំរឿង ៣៥ ទៀត ដែលលោកបានឆ្លងកាត់៧រឿងមកហើ់យ ។ បុរសអាយុ៦៦ឆ្នាំនេះ អាចប្រឈមនឹងទោស រាប់សិប ឆ្នាំ ដោយមួយករណី លោកនឹងមានទោស ពី១៥ ឆ្នាំទៅ២០ ឆ្នាំ។

បុរសនេះ បានតាំងចិត្តខ្លួនឯងជាបុរសខ្លាំង ដោយ កំចាត់ អ្នកនយោបាយ និងពួករដ្ឋអាជ្ញាជាច្រើននាក់ព្រោះតែហ៊ានកកូរកកាយរឿងអាស្រូវរបស់លោក នៅពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី។

លោកណាជីបបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតសភានីតិកាលទី១៤ កាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០១៨ដោយចាញ់ បក្សប្រឆាំងរួបរួមរបស់លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់និង អ្នកទោស នយោបាយ អាន់វ៉ាអ៊ីប្រាហ៊ិម។ លោកអាន់វ៉ា ដែលលោកណាជីប ឃាឃាំងមិនអោយមានសិទ្ធិជាបេក្ខជននាយករដ្ឋមន្រ្តី នឹងចូលកាន់តំណែងជំនួស លោកមហាធៀ នៅ ចុងឆ្នាំ២០២០៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.