មន្ត្រីនគរបាលមួយរូបត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងបទល្មើសប្លន់

តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ពាក់ព័ន្ធ ករណីប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់អាវុធដោយខុសច្បាប់ និងអំពើលួចប្លន់។

ការសម្រេចនេះ ធ្វើឡើងតាមលិខិតបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពីម្សិលមិញ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនឈ្មោះ ភិន រតនៈ ដាក់ពន្ធនាគារព្រៃស ដើម្បីរងចាំការកាត់ទោសតាមផ្លូវច្បាប់។

មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនរូបនេះ ត្រូវបានតុលាការស៊ើបសួរ និងចោទប្រកាន់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធ ខុសច្បាប់ និងបទប្លន់ នៅចំណុចរោងចញ្ចឹមមាន់មួយកន្លែង ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញតាមបណ្តឹងរបស់ពលរដ្ឋជាជនរងគ្រោះឈ្មោះអ៊ុំ រិទ្ធី។

កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំមុន ជនសង្ស័យឈ្មោះ ភិន រតនៈ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តមួយគ្រឿង និងម៉ូតូធំមួយគ្រឿង ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ។ បន្ទាប់មកមន្ត្រីនគរបាលរូបនេះ បានដកកាំភ្លើងខ្លី បាញ់ឡើងលើមួយគ្រាប់ និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះសរុបជាង៣ពាន់ដុល្លារសហរដ្ឋអាមេរិក រួមនិងទូរស័ព្ទមួយគ្រឿងផង។

កាលពីឆ្នាំមុនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរលឹកមន្ត្រីរបស់ខ្លួនឱ្យចេញឆ្ងាយពីគ្រឿងញៀន ។ បន្ថែមពីនេះ លោកក៏បញ្ជាឱ្យមានការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងឧក្រិដ្ឋជនទាំងនោះ ដើម្បីឈានទៅលុបបំបាត់ការជួញដូរគ្រឿងញៀននៅកម្ពុជា។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលធ្លាប់លើកឡើងថា ការបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពទាល់តែបង្ក្រាបឈ្មួញធំៗ ព្រមទាំងអ្នកនៅពីក្រោយខ្នងឧក្រិដ្ឋទាំងនោះជាមុន។ បន្ថែមពីនេះ ពួកគេមើលឃើញថា បច្ចុប្បន្នពលរដ្ឋរស់នៅដោយភាពមិនស្ងប់ចិត្ត ត្បិតសមត្ថកិច្ចមួយចំនួនបានធ្វើខ្លួនឱ្យពលរដ្ឋលែងទុកចិត្ត ហើយពិបាកបែងចែកថាក្រុមណាចោរ ហើយក្រុមណាជាសមត្ថកិច្ចឱ្យបានពិតប្រាដកនោះឡើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.