ក្រសួងមហាផ្ទៃ សម្រេចយល់ព្រមឱ្យអតីតមន្ត្រីបក្សប្រឆាំងបង្កើតគណបក្សថ្មី

ក្រោយពេលអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនដែលទើបទទួលសិទ្ធិធ្វើនយោបាយឡើងវិញ បានប្រកាសពីការបង្កើតគណបក្សថ្មីជាផ្លូវការ ក្រសួងមហាផ្ទៃក៏បានអនុញ្ញាតឲ្យអតីតមន្ត្រីនិងសកម្មជនទាំងនោះ បង្កើតគណបក្សថ្មីឈ្មោះ ខ្មែរស្រលាញ់ជាតិ។

លិខិតរបស់ក្រសួងមហាផ្ទៃដែលបានផ្ញើទៅលោក ខឺយ ស៊ីនឿន តំណាងគណបក្សខ្មែរស្រឡាញ់ជាតិកាលពីថ្ងៃទី ៦ ខែមករា ដោយក្រសួង អនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ មានឈ្មោះជាអក្សរកាត់ គ.ខ.ស.ជ មានទីស្នាក់ការកណ្តាលនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមាត្រា ៩ ។

ក្រសួងមហាផ្ទៃ ក៏បានដោយតម្រូវឲ្យតំណាងក្រុមនេះ រៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីជាផ្លូវការ។

ការសម្រេចយល់ព្រមរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពេលតំណាងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលដឹកនាំដោយលោកខឺយ ស៊ីនឿន បានដាក់ពាក្យសុំបង្កើត គណបក្សខ្មែរស្រឡាញ់ជាតិ ដោយប្រើប្រាស់អក្សកាត់ គ.ខ.ស.ជ កាលពីថ្ងៃទី ២ ខែមករា។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលចូលរួមបង្កើតគណបក្សថ្មីនេះរួមមាន លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក កង គឹមហាក់ លោក តាន់ ទីន និងលោក ខឺយ ស៊ីនឿន ជាដើម។

គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងដកហូតដំណែងទាំងអស់ពីមន្ត្រីគណបក្សប្រឆាំងនេះតាំងពីថ្នាក់មូលដ្ឋាន រហូតដល់តំណែងតំណាងរាស្ត្រ ដែលមិនព្រមចុះចូលគណបក្សប្រជាជនកម្ពុជា ហើយបែងចែកទៅឱ្យគណបក្សប្រឆាំង។

ការសម្រេចពេលនោះ ក៏បានហាមម្រាមមន្ត្រីជាន់ខ្ពស់ប្រឆាំងចំនួន១១៨ រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែក្រោយមកមានអតីតមន្ត្រីជាប់បម្រាមចំនួន៩ រូប បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយតាមការចង់បានរបស់លោក ហ៊ុន សែន ហើយពួកគេក៏ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។

ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញអ្នកទាំង៩ រូបនោះខ្លះបានទៅចូលរួមនយោបាយជាមួយគណបក្សកូនរបស់ខ្លួន ដូចជាលោក គង់ គាំ  ខ្លះទៀតចូលធ្វើជាមន្ត្រីរាជការ និងខ្លះទៀតបង្កើតគណបក្សនយោបាយថ្មីជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានសម្រេចទទួលចុះឈ្មោះជាផ្លូវការរបស់លោក រៀល ខេមរិន្ទ ដែលមានឈ្មោះថាគណបក្សខ្មែរអភិរក្សនិយម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.