អ៊ីរ៉ង់ចាប់ផ្ដើមបញ្ឆេះសង្គ្រាមសងសឹកវាយប្រហារអាមេរិកហើយនៅពេលនេះ

សង្គ្រាមសងសឹករបស់អ៊ីរ៉ង់ចាប់ផ្ដើមហើយនៅពេលនេះ ។ នេះ ជាការប្រកាសរបស់ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នៅព្រឹកព្រលឹមថ្ងៃពុធទី៨ ខែមករានេះ អ៊ីរ៉ង់បាន បាញ់កាំជ្រួចចំនួន១៥គ្រាប់ ទៅ២២គ្រាប់ ទៅលើ មូលដ្ឋានកងទ័ពអ៊ីរ៉ាក់ ដែលមានវត្តមានយោធាអាមេរិកនៅលើទឹកដី អ៊ីរ៉ាក់ចំនួន២កន្លែង។

ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់ថែមបានគំរាមថានឹងវាយប្រហារលើប្រទេសអ៊ីស្រាអែល និង អារ៉ាប់ប៊ីសាអូឌីតទៀត។

ជុំវិញការបំផ្លាញមូលដ្ឋានយោធាអាមេរិកនេះ លោកដូណាល់ត្រាំបានសរសេរនៅក្នុងទំព័រទ្វីតធឺ (Twitter) របស់លោកថា ការបាញ់ផ្លោងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ មិនមានការប៉ះទង្គិចដល់កងទ័ពអាមេរិកនោះទេ។ លោកអះអាងថា លោកនឹងធ្វើសេចក្ដីថ្លែងការណ៍ច្បាស់លាស់មួយជូនពលរដ្ឋអាមេរិកាំងនៅព្រឹកថ្ងៃពុធនេះ។ ជាងនេះទៅទៀតលោកបន្តថា សព្វាវុធ និងកងទ័ពអាមេរិកនៅគ្រប់កន្លែងទាំងអស់ក្នុងពិភពលោកមានអំណាច និងប្រសិទ្ធិភាពអស្ចារ្យ។

ខណៈនេះដែរ សេតវិមាន និងក្រុមប្រឹក្សាសន្ដិសុខជាតិបានជូនដំណឹងថាអាមេរិកនឹងឆ្លើយតបឆាប់ៗបំផុតតែមិនដឹងជាឆ្លើយតបយ៉ាងណានោះទេ។ បើអាមេរិកឆ្លើយតបយ៉ាងណានោះ ថាតើនេះជាសង្គ្រាមឈូងសមុទ្រពែក្សលើកទី២ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះនឹងទៅជាយ៉ាងណា?

តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន នៃគេហទំព័រ Anadolu Agency website បានស្រង់ ព្រឹត្តិការណ៍នេះ មកចុះផ្សាយថា បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ពិតជាមានគ្រប់កាំជ្រួចចំនួន ១៥គ្រាប់ ត្រូវបានបាញ់មកលើ គោលដៅ ២កន្លែងនៃមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅតំបន់ Ain al-Assad រងការវាយប្រហារចំនួន១០គ្រាប់ និង មួយទៀត គឺនៅ Erbil, ចំនួន ៤គ្រប់។តែមួយគ្រាប់ទៀត មិនបានបញ្ជាក់ថា ធ្លាក់ត្រូវទីតាំងណានោះទេ។

ប៉ុន្តែបណ្ដាញ ផ្សាយព័ត៌មាន របស់ក្រុមប្រឹក្សាសន្តិសុខរបស់អ៊ីរ៉ាក់ អះអាងថា អ៊ីរ៉ង់បានបាញ់កាំជ្រួចចំនួន ២២គ្រាប់។ តាមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ពុំមានកាំជ្រួចណាមួយត្រូវបានបាញ់ទំលាក់ដោយ កងទ័ព អាមេរិកនោះទេ ខណៈប្រព័ន្ធរ៉ាដា ត្រូវបានបាញ់កំទេច។

របាយការណ៍ នានារបស់អ៊ីរ៉ង់អះអាងថា ប្រជាជនអ៊ីរ៉ាក់ជាច្រើនត្រូវបានបាញ់សម្លាប់ តែពុំមានកងទ័ពអ៊ីរ៉ាក់រងរបួសទេ។ តែជាមួយគ្នានេះ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងថា កងទ័ពអាមេរិក ដល់៨០នាក់បានស្លាប់ ហើយយន្តហោះជាច្រើនគ្រឿងត្រូវបានកំទេច។

ការបាញ់សងសឹកនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី មេដឹកនាំផ្ដាច់ការ អាយ៉ាតុឡា ខេមេនី បានព្រមានថា អ៊ីរ៉ង់ពិតជាសសងសឹកចំពោះមរណភាព មេទ័ពដ៏ឆ្នើមរបស់ខ្លួន គឺឧត្តមសេនីយ៍ Qassem Soleimani, ដែលបានស្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះ ឌ្រូនរបស់អាមេរិកកាលពីថ្ងៃទី៣ មករា ខណៈលោក កំពុងជិះក្នុង រថយន្ត ក្នុងទឹកដីអ៊ីរ៉ាក់។ ក្នុងក្បួនហែសពឧត្តមសេនីយ៍រូបនេះ ពលរដ្ឋអ៊ីរ៉ង់ស្លាប់ដោយរត់ជាន់ជើងគ្នាដល់ទៅ៥០នាក់។

តែអំឡុងពេលនោះលោក អាយ៉ាតុឡា ខេមេនី បានលើកទឹកចិត្តអោយប្រជាជនអ៊ីរ៉ង់ងើបឡើងប្រឆាំងអាមេរិក ដោយព្រមានថា នឹងបាញ់លើ មូលដ្ឋានទ័ពអាមេរិក ដែលអ៊ីរ៉ង់គិតថា នេះជាការសងសឹកដោយសមរម្យ។

អ្នកជំនាញនិយាយថា នេះ ជាការវាយបករបស់អ៊ីរ៉ង់ ដែលមានទ្រង់ទ្រាយធំ ហើយជាសកម្មភាពសង្រ្គាម ដំបូងជាមួយអាមេរិក ដែលនឹងពេញទំហឹងនៅពេលអាមេរិក ចាប់សងសឹកវិញ ដែលមានទំហំដូចគ្នានេះ។

លោក Humayun Rabiei អ្នកជំនាញផ្នែកសង្រ្គាមចិត្តសាស្ត្រ និង វិស័យកងទ័ព បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Anadolu Agency ថា ហេតុអ្វីបានជា អាមេរិក មិនបាញ់តប ហើយ បាញ់ទំលាក់កាំជ្រួចរបស់អ៊ីរ៉ង់ទៅ? លោកថា អាមេរិក គួរត្រៀមដូចនេះ។  តែយ៉ាងណា លោកទទួលស្គាល់ថា កាំជ្រួចរបស់អ៊ីរ៉ង់ គឺមិនមែនសម័យកាំជ្រួចស្កុតរបស់ អតីតសហភាពសូវៀតនោះទេ។

លោកព្រមានថា បើអាមេរិកសងសឹង គឺអ៊ីរ៉ង់នឹងបាញ់ទៅលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសណាមួយទៀត ហើយអាចបាញ់លើប្រទេស  អ៊ីស្រាអ៊ែលទៀតផង។ លោកថាព្រឹត្តិការណ៍នេះ គឺជាការបញ្ជាក់ថា អ៊ីរ៉ង់មានតែម្នាក់គត់ខ្លាំង គឺមេដឹកនាំកំពូល អាយ៉ាតុឡា ខេមេនី ដែល បញ្ជាអោយមានការវាយបកដូចនេះ។

សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពរបស់ខ្លួននៅ មជ្ឈឹមបូព៌ា ចំនួន ១៩ទីតាំង ដែលសុទ្ធសឹងជាគោលដៅ នៃការបាញ់ប្រហាររបស់អ៊ីរ៉ង់។

មកដល់ពេលនេះ សម្ព័ន្ធមិត្តរបស់អាមេរិក ចំនួន២ ក្នុង ចំណោម ជាច្រើន បានប្រកាសថ្កោលទោស អ៊ីរ៉ង់ ។ អង់គ្លេស បាន ប្រកាសថា នឹងវាយបកអោយតែប្រជាជននិងផលប្រយោជន៍របស់ខ្លួនរងការវាយប្រហារ ។ ចំនែកនាកយករដ្ឋមន្ត្រី អ៊ីសា្រអ៊ែល ព្រមានថា នឹងវាយបកលើអ៊ីរ៉ង់អោយទាន់ចិត្តក្ដៅបើ អ៊ីរ៉ង់បាញ់កំជ្រួចតែមួយគ្រាប់លើប្រទេសអ៊ីស្រាអែល។

យ៉ាងណា គេនៅចាំថា លោកដូណាល់ត្រាំ ចេញសេចក្ដីថ្លែងការណ៍អំពីព្រឹត្តិការណ៍នេះ គឺប្រហែលនៅ ពេលប៉ុន្មានម៉ោងទៀតនេះ បន្ទាប់ពីលោក ជួប ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ របស់លោកហើយនោះ ។ 

លោកត្រាំបានបញ្ចេញមតិលើ Twitter របស់លោក ដែលមានន័យដូចនេះថា« អ្វីៗនៅល្អប្រសើទេ » ។ កាំជ្រូចទាំងនោះ គឺបាញ់ចេញពីអ៊ីរ៉ង់ មកលើមូលដ្ឋានកងទ័ពរបស់អាមេរិកពិតមែន។ ការវាយតម្លៃអំពីការខូចខាតនឹងចាប់គិតហើយពេលនេះ។ លោកបន្តថា សហរដ្ឋអាមេរិក ជាប្រទេសមានសក្តានុពល ផ្នែកកងទ័ព ហើយកងទ័ពអាមេរិកបានឈរនៅតាមតំបន់ជាច្រើនក្នុងពិភពលោក។

យ៉ាងណា នៅមិនទាន់មានការចុះផ្សាយជាផ្លូវការពីសហរដ្ឋអាមេរិក អំពី ការស្លាប់កងទ័ពអាមេរិក និងគ្រឿងសព្វាវុធ អ្វីខ្លះត្រូវបានបំផ្លាញដោយកាំជ្រួចរបស់ អ៊ីរ៉ង់ គឺនៅឡើយទេ។ តែអ៊ីរ៉ង់អះអាងថា ទ័ពអាមេរិក ៨០នាក់បានស្លាប់ យន្តហោះ និងឧទួ្ធភាកច្រជាច្រើនគ្រឿងត្រូវបានបំផ្លាញ។

ប្រធានាធិបតី អ៊ីរ៉ង់ រូហានី បានប្រាប់ទៅអាមេរិកថា ត្រូវទទួលស្គាល់ភាពខ្លាំងរបស់អ៊ីរ៉ង់ ដែលជាមួយគ្នា នេះ មេដឹកនាំកំពូលអាយ៉ាតុឡាខេមេនី ព្រមានថា អាមេរិកត្រូវដកទ័ពចេញពីតំបន់មជ្ឈឹមបូព៌ាជាបន្ទាន់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.