លោក ស ខេង ទទួលស្គាល់ថាអំពើអយុត្តិធម៌ ជាមូលហេតុចម្បងនាំឱ្យសង្គមបែកបាក់

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាអំពើអយុត្តិធម៌នានា គឺ ជាមូលហេតុចម្បងរុញច្រានសង្គមកម្ពុជាទៅរកភាពបែកបាក់ជាតិ។ 

ថ្លែងក្នុងពិធី រំឭកខួបជ័យជម្នះលើរបបខ្មែរក្រហមថ្ងៃ៧មករា នៅខេត្តបាត់ដំបងនាថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង បានលើកឡើងអំពីការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ 

ការជំរុញធ្វើកំណែទម្រង់នេះ បន្ទាប់ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា  រងការរិះគន់ពីសំណាក់មហាជនថាមានតែឈ្មោះប៉ុណ្ណោះ និងរួមរិតដោយអំពើពុករលួយជាប្រព័ន្ធផង។

អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាមនុស្សមានប្រជាប្រិយភាពក្នុងជួររដ្ឋាភិបាលស្ទើរផុតលេខមួយនេះ បានទទួលស្គាល់ថាជាបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ អំពើអយុត្តិធម៌នេះហើយ ដែលនាំឱ្យសង្គមនីមួយៗ ឈានទៅរកភាពផុយស្រួយឬ បាក់បែក។ លោកបន្តថា មាន កត្តាចម្បងមួយទៀតដើម្បីទប់ស្កាត់ការបែកបាក់ជាតិនេះ គឺត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ដោយឡែក ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាវិធីមួយដើម្បីរក្សាសន្តិភាពផងដែរ។ 

ដោយឡែកសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា តាមរយៈមនុស្សជំនិតរបស់ខ្លួនគឺ លោក   ម៉ុត ចន្ថា បានលើកឡើងដោយជំរុញឱ្យខ្មែរគ្រប់ភាគីគប្បីងាកមើលគុណសម្បត្តិគ្នា ហើយកកសាងទំនុកចិត្តគ្នា ផ្តល់យុត្តិធម៌ដល់គ្នាទៅវិញទៅមក ដើម្បីរួមរស់ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ។

ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានអង្គការជាតិ អន្តរជាតិ លើកឡើងថាជាតុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ហើយតុលាការក៏ត្រូវប្រើប្រាស់ជាឧបករណ៍នយោបាយ ព្រមទាំងបង្ក្រាបទៅលើសំឡេងជំទាស់ទៀតផង។ 

សម្រាប់ក្រុមសកម្មជនដីធ្លីតំបន់បឹងកក់វិញ ធ្លាប់ប្រសិទ្ធនាមប្រព័ន្ធតុលាការកម្ពុជា ថា ជាតុលាការតេឡេ ដែលធ្វើឡើងតាមតែបញ្ជារបស់អ្នកមានអំណាច មានប្រាក់ តែប៉ុណ្ណោះ។ 

កាលពីឆ្នាំមុន អង្គការគម្រោងយុត្តិធម៌ពិភពលោកឬហៅថា World Justice Project បានចេញរបាយការណ៍ដោយវាយតម្លៃប្រព័ន្ធយុត្តិធម៌កម្ពុជាថាជាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌អាក្រក់បំផុតក្នុងលោក ព្រោះកម្ពុជាបានជាប់ចំណាត់ថ្នាក់១១៣ ក្នុងចំណោមប្រទេស១១៣លើពិភពលោក៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.