សវនាការលើសំណុំរឿងលោក កឹម សុខា ដំណើរការក្នុងភាព​ចម្រូងចម្រាស

នៅថ្ងៃពុធនេះ ជាសវនាការជុំទីពីរហើយ ក្នុងដំណើរការសវនាការជំនុំជម្រះក្តីប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ពាក់ព័ន្ធបទចោទ«សន្ទិដ្ឋិភាព» ជាមួយបរទេស។

ថ្លែងនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ទាំងមេធាវីការពារក្តីលោក កឹម សុខា និងប្រធានមេធាវីរដ្ឋាភិបាលលោក គី តិច បានលើកឡើងផ្ទុយគ្នា ចំពោះដំណើរប្រព្រឹត្តទៅក្នុងអង្គសវនាការនៅថ្ងៃនេះ។

មេធាវីការពារក្តីរដ្ឋាភិបាលបានលោក គី តិច ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធាននៃអង្គចៅក្រមហាក់លម្អៀងទៅរកលោក                              កឹម សុខា និងមេធាវីរបស់លោក តែការលើកឡើងនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលត្បិតសំណុំរឿងនយោបាយកន្លងមក គ្មានឡើយភាពលម្អៀងទៅរកមន្ត្រីបក្សប្រឆាំងឬ ផ្តល់ឱកាសឱ្យបានច្រើនលើក្រុមមេធាវីបក្សកាន់អំណាចនោះ។

លោក គី តិច ក៏លើកឡើងថាលោក កឹម សុខា បានទទួលស្គាល់ថាវីដេអូដែលលោកថ្លែងប្រាប់អ្នកគាំទ្រខ្លួនកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី ជារបស់ខ្លួន។

យ៉ាងនេះក្តី ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្លែងនៅមុខគេហដ្ឋានរបស់លោកប្រាប់អ្នកសារព័ត៌មានថា រូបភាពនិងសំឡេងដែលមានក្នុងវីដេអូដែលចាក់បញ្ចាំងក្នុងអង្គសវនាការជារូបភាព និងសំឡេងរបស់លោកមែន ប៉ុន្តែលោកបដិសេធខ្លឹមសារនៃវីដេអូនោះ ដោយថាជាវីដេអូកាត់តយកតែខ្លឹមសារចោទប្រកាន់រូបលោក។

ទាំងលោកកឹម សុខា និងមេធាវីខ្លួន បានស្នើកាលពីសប្តាហ៍មុនឱ្យចាក់បញ្ចាំងវីដេអូនោះទាំងស្រុង តែម្តង ប៉ុន្តែមេធាវីរដ្ឋាភិបាលជំទាស់រហូតផងដែរ។

 អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃនេះ បានលើកឡើងថាសវនាការក្តី លោក កឹម សុខា នៅតែស្ថិតក្នុងការរិតត្បិត ដោយដំណើរការជំនុំជម្រះក្តីនេះ លោក កឹម សុខា មិនទទួលបានសិទ្ធិជំនុំជម្រះក្ដីជាសាធារណៈស្របទៅតាមច្បាប់អន្តរជាតិនោះឡើយ។

អង្គការអន្តរជាតិមួយនេះ នៅតែជំរុញឱ្យតុលាការលោកហ៊ុន សែន ទម្លាក់ចោលរាល់ការចោទប្រកាន់ និងបញ្ចប់សំណុំរឿងប្រឆាំងលោក កឹម សុខា តែម្តង។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលរបស់លោកហ៊ុន សែន ថា ក្បត់ជាតិ។

ប្រធានបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅដាក់ឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម មុននឹងបញ្ជូនមកដាក់ឃុំក្នុងផ្ទះ រយៈពេលជាង ១ឆ្នាំ។

លោក កឹម សុខា ត្រូវបានបន្ធូបន្ថយលក្ខខណ្ឌឃុំខ្លួន ឱ្យរួចផុតពីការឃុំខ្លួនក្នុងផ្ទះកាលពីទី១០ ខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែមិនអនុញ្ញាតឱ្យចេញទៅក្រៅប្រទេស និងមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។

កន្លងមក អង្គការសហប្រជាជាតិ ក៏បានទទូចផងដែរ ឱ្យរដ្ឋអំណាចលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា ព្រមទាំងផ្តល់សិទ្ធិជាពលរដ្ឋ និងសិទ្ធិនយោបាយដល់ប្រធានគណបក្សប្រឆាំងរូបនេះ ប៉ុន្តែការស្នើសុំទាំងនោះត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.