សកម្មជនការពារព្រៃឈើ ថាការខ្វះយន្តការពិនិត្យលើប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ព្រៃឡង់ ជាហេតុធ្វើឱ្យព្រៃឡង់វិនាស

សកម្មជនការពារព្រៃឈើ បានលើកឡើងពីក្តីបារម្ភជាថ្មីទៀតចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ថាអាចកាន់តែប្រឈមនឹងក្តីវិនាសហិនហោចបន្ថែមទៀត ។

ក្តីបារម្ភនេះ ក្រោយពេលពួកគេសង្កេតឃើញថា រដ្ឋាភិបាលនៅមិនទាន់មានយន្តការជាក់លាក់ក្នុងការតាមដានប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្បែរតំបន់ព្រៃឡង់នោះនៅឡើយ។

សកម្មជនព្រៃឈើលោក ហេង ស្រស់ លើកឡើងថា នៅពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលតែទៅលើក្រដាសអនុញ្ញាតដឹកជញ្ជូន និងធ្វើអាជីវកម្មឈើ ដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ អំពីប្រភពឈើនោះ វាជាហេតុធ្វើឱ្យព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែហិនហោច។ លោកថា ការហិនហោចនោះដោយសារមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះកាប់ឈើក្នុងតំបន់ព្រៃឡង់ ហើយដឹកចូលទីតាំងក្រុមហ៊ុន បំលែងទៅជាឈើស្របច្បាប់ជាដើម។

លោកថា ជាក់ស្តែង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៧ នៅតំបន់ភ្នំព្រិច ខេត្តមណ្ឌលគិរី អះអាងថាឈើទាំងនោះជាឈើស្របច្បាប់របស់ពួកគេ ប៉ុន្តែនៅពេលគណៈកម្មការជាតិចុះបង្រ្កាបទៅដល់ទីតាំងនោះ ទើបរកឃើញថា ប្រភពឈើរបស់ពួកគេជាឈើខុសច្បាប់ ព្រោះលួចកាប់ពីក្នុងតំបន់អភិរក្ស ដឹកចូលក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មជាឈើស្របច្បាប់។

លោក ហេង ស្រស់ សង្កេតឃើញថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលកំពុងមានវត្តមាននៅខេត្តព្រះវិហារ ក្បែរតំបន់ក្បែរព្រៃឡង់នោះ ក៏អាចប្រើរូបមន្តស្រដៀងគ្នានេះដែរ។

ប្រជាសហគមន៍ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ធ្លាប់ចោទក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ ថាបានកាប់ឈើក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។

តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៤ ខែកុម្ភៈ មេធាវីតំណាងឲ្យក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៏ និងវិនិយោគ បានចេញមុខធ្វើការបដិសេធទៅនឹងបណ្ដាញព័ត៌មានមួយចំនួន ដែលចោទប្រកាន់មកលើក្រុមហ៊ុនមួយនេះថា បានឈូសឆាយ និងកាប់ដឹកជញ្ជូនឈើលក់យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះវិហារ ។

មេធាវីក្រុមហ៊ុន ដែលមានឈ្មោះ លោក ហេង សុទ្ធារ៉ា បានអះអាងថា ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយនិងប្រមូលអនុផលព្រៃឈើតែនៅក្នុងរង្វង់ដែនដីសម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្មអនុញ្ញាតឲ្យតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនមិនបានធ្វើសកម្មភាព កាប់ឈើពីក្រៅ ឬឈូសឆាយហួសដែនកំណត់នោះឡើយ។

មេធាវីក្រុមហ៊ុន ធី ង៉ា រូបនេះអះអាងទៀតថា ឈើដែលក្រុមហ៊ុនប្រមូលបានពីលើទីតាំង របស់ខ្លួន ក្រុមហ៊ុនមិនបានដឹកឈើលក់ឡើយ គឺដឹកជញ្ជូនយកទៅចូលរោងចក្រ របស់ក្រុមហ៊ុនផលិតជាគ្រឿងសង្ហារឹម និងជាក្ដាកុងផ្លាកេដើម្បីលក់យកលុយបើកប្រាក់ខែឲ្យបុគ្គលិកកម្មករតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោក ហេង ស្រស់ យល់ថា គ្មានអ្វីចម្លែកឡើយ ចំពោះការបដិសេធពីសំណាក់មេធាវីក្រុមហ៊ុន ធី ង៉ា ដោយថាជា                   ធម្មតាកាលគេធ្វើការងារបានប្រយោជន៍ពីក្រុមហ៊ុន គេប្រាកដជាចេញមុខការពារក្រុមហ៊ុនរបស់គេហើយ។

ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) ទទួលបានសិទ្ធិវិនិយោគបន្តពីក្រុមហ៊ុនដួង ស្រួច គ្រុប (DOUNG SROUCH GROUP) ដែលជាកម្មសិទ្ធិរបស់លោកជំទាវ សេង គាង។ លោក ហេង ស្រស់ ឱ្យដឹងថា ក្រុមហ៊ុនដួងស្រួចនេះ ធ្លាប់រដ្ឋាភិបាលបិទចោលម្តងរួចទៅហើយ ក្រោយមានរឿងអាស្រូវ ពាក់ព័ន្ធការប្រមូលឈើជុំវិញព្រៃឡង់ និងក្នុងតំបន់ព្រៃឡង់ចន្លោះពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៧ បន្ទាប់មកបានផ្ទេរសិទ្ធិទៅឱ្យក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគបន្តកាលពីឆ្នាំ ២០១៨៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.