បុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ដែល​រកឃើញថា​មានមេរោគ​កូរ៉ូណា ត្រូវបាន​អនុញ្ញាតឱ្យ​ចេញ​ពីមន្ទីរ​ពេទ្យក្រោយ​ព្យាបាលជា​សះស្បើយ

បុរសជនជាតិចិនមួយរូប ដែលរកឃើញថាមានជំងឺកូរ៉ូណា នៅខេត្តព្រះសីហនុ លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ត្រូវបានខាងក្រសួងសុខាភិបាល សម្រេចឱ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ ក្រោយធ្វើតេស្តឬ ពិសោធន៍រកមេរោគនេះ៣លើកហើយលទ្ធផលបង្ហាញថាអវិជ្ជមាន ឬគ្មានមេរោគនេះតទៅទៀត។

លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមដែលបង្ករឡើងដោយមេរោគ កូរ៉ូណាថ្មី បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ក្រោយមកដល់កម្ពុជាបានពីរថ្ងៃ លោកចាប់ផ្តើមចេញអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ ដោយឡែកសមាជិកគ្រួសារលោក៣នាក់ទៀត ពុំរកឃើញថាមានជំងឺនេះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះឲ្យដឹងថា បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ ដោយលទ្ធផលបង្ហាញថា លោកមិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនទៀតឡើយ។

ប្រភពដដែលឱ្យដឹងថា មុនពេលចាកចេញពីមន្ទីរពេទ្យរបស់លោក ចា ជិនហូរ  មានការចុះពិនិត្យផ្ទាល់ដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តព្រះសីហនុ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា ជាដើម។ ជាមួយគ្នានេះ បុរសជនជាតិចិនរូបនេះ នឹងចាកចេញពីកម្ពុជា នៅថ្ងៃស្អែកទៀតផង។

មេរោគថ្មីនេះ បានរីករាលដាលដល់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ដោយឡែកកម្ពុជាខាងក្រសួងសុខា ទើបតែរកឃើញវត្តមានមេរោគនេះកើតឡើងលើលោក ចា ជិនហូរ ម្នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកធ្លាប់បានបង្ហាញក្តីបារម្ភចំពោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ អាចនឹងពិបាករកឃើញវត្តមានមេរោគនេះ ដែលធ្វើឱ្យតួលេខកើតជំងឺនេះទាបឬ គ្មាន  ជាហេតុធ្វើឱ្យអ្នកមានផ្ទុកមេរោគនេះមានឱកាសចម្លងទៅមនុស្សដទៃ។ 

ក្រសួងសុខាភិបាល អះអាងថាខ្លួននឹងនៅតែបន្តតាមដានចំពោះមេរោគកូរ៉ូណានេះបន្ថែមទៀត ហើយក៏បន្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.