ប្រធានាធិបតីចិន ស៊ីជីនពីង​សម្រេច​ពាក់ម៉ាសមុខ ជាលើកដំបូង

នៅទីបំផុតមេដឹកនាំចិន លោកប្រធានាធិបតី ស៊ីជីនពីងបានសម្រេចពាក់ម៉ាសមុខ ក្នុងការចេញមុខជាសាធារណៈ នៅថ្ងៃច័ន្ទនេះ នៅក្នុងពិធីមួយ នៅក្បែរក្រុងប៉េកាំង។

គេហទំព័រសារព័ត៌មាន qz.com បានចុះផ្សាយដោយ មានការពន្លិចនូវវិដេអូឃ្លីបមួយ ដោយបង្ហាញថា លោក ស៊ី ពាក់ម៉ាសមុខ ហើយគ្រូពេទ្យម្នាក់បានវាស់កំដៅ ជីពចររបស់លោកនៅទីនោះ ស្របពេលដែលកម្មាភិបាលចិនរូបនេះបានចុះពិនិត្យ អ្នកស្រុក និងមន្ត្រីរដ្ឋការ នៅសហគមន៍មួយនៅស្រុក ចៅយ៉ាង (Chaoyang) ដោយផ្ទាល់ ក្បែរក្រុងប៉េកាំងកាលពីរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។

នេះ ជាលើកដំបូងហើយ ដែលលោកស៊ីពាក់ម៉ាសមុខដើម្បី បង្កាពីការឆ្លងមេរោគ វិរុសកូរ៉ូណាដ៏កំណាច បន្ទាប់ពីបានជួប លោកហ៊ុនសែន កាលពីថ្ងៃទី៥ ខែកុម្ភៈ ដែលនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានជួបលោកនៅទីក្រុងប៉េកាំង ហើយបានអះអាងប្រាប់លោកស៊ីថា សម្រាប់រូបលោកជាមេដឹកនាំកម្ពុជា នឹងមិនពាក់ម៉ាសនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានចុះផ្សាយថា លោកប្រធានាធិបតីស៊ី បានទៅកាន់តំបន់នោះ ដើម្បីពិនិត្យសហគមន៍ ដោយផ្ទាល់ និងស្វែងយល់អំពីឥទិ្ធពលនៃការឆ្លងមេរោគនៃវិរុសកូរ៉ូណា។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកស៊ីនៅតែមិនបាននិយាយថា លោកចង់ទៅកាន់ទីក្រុង វូហាន ជាទីដែលមេរោគកូរ៉ូណា កំពុងសម្លាប់មនុស្ស យ៉ាងរង្គាល់នោះនៅឡើយទេ។

ទីក្រុងវូហាន មានភាពស្ងាត់ដូចក្រុងខ្មោចទៅ ដោយសារមេរោគកូរូណា បានសម្លាប់ពលរដ្ឋក្នុងទីក្រុងនេះ ដល់ទៅជាង៩០០នាក់ ហើយ អ្នកឆ្លងកើនឡើង ជាង៤ម៉ឺននាក់ គឺមានទំហំធំជាងជំងឺសា ដែលបានផ្ទុះនៅចិន កាលពីឆ្នាំ២០០២ ទៅទៀត។

ជារួមទៅ ទាំងលោកស៊ី និងនាយករដ្ឋមន្ត្រី លី គឺជាំង (Li Keqiang) សុទ្ធតែពាក់ម៉ាស់ដើម្បីបង្ការពីការឆ្លងមេរោគដ៏កំណាចនេះទាំងអស់។

ការចេញមុខជាសាធារណៈរដ្ឋ របស់ កម្មាភិបាល ស៊ីជីនពីង នៅថ្ងៃនេះ គឺបន្ទាប់ពីបក្សកុម្មុយនិស្តចិន រងការ វាយប្រហារ និងរិះគន់ជាខ្លាំងពីសំណាក់មហាជនចិន រាប់រយលាននាក់ដែលពួកគេ ឈឺចាប់នឹងសោកស្ដាយចំពោះគ្រូពេទ្យម្នាក់ គឺលោក Li Wenliang អាយុ៣៤ឆ្នាំដែលស្លាប់ដោយសារ ការឆ្លងមេរោគកូរ៉ូណា ។

គ្រូពេទ្យនេះ ហើយដែលបាន ព្យាបាលអ្នកជំងឺឆ្លងមេរោគនេះដោយផ្ទាល់ដៃលោក។ គ្រូពេទ្យម្នាក់នេះ ហើយដែលបាន ជូនដំណឹងទៅថ្នាក់លើថា មេរោគកូរ៉ូណា មានភាពចម្លងរបស់វាលឿន និងកាចសាហាវខ្លាំងណាស់។ ប៉ុន្តែការព្រមានរបស់គ្រូពេទ្យនេះ មិនត្រូវបានថ្នាក់លើរបស់លោក ចាប់អារម្មណ៍ច្រើនទេ សូម្បីតែបក្សកុម្មុយនិស្តក៏មិនបានអោយតម្លៃទៅលើការព្រមានរបស់ គ្រូពេទ្យម្នាក់នេះដែរ។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះទើបរដ្ឋាភិបាលចិនទទួលស្គាល់ថា ការព្រមានរបស់លោក Li Wenliang ពិតជាត្រឹមត្រូវ។ សម្រាប់ លោក Li Wenliang បានស្លាប់ តែលោកបានក្លាយជាវិរៈជន សម្រាប់ ពលរដ្ឋចិនរាប់រយលាននាក់។

នៅគ្រា ដំបូង លោកប្រធានាធិបតីស៊ីជីនពីង បានអះអាងប្រាប់ប្រធាន អង្គការសុខភាពពិភពលោក WHO ដែលបានមកជួប លោកកាលពីថ្ងៃទី២៨ ខែមករាថា ប្រទេសចិននឹងអាចទប់ស្កាត់មេរោគនេះបានក្នុងរយៈពេល ដ៏ឆាប់ខាងមុខនេះ ។ ក្នុងចំនួបនោះ លោកស៊ីគ្រាន់តែចង់ អោយអ្នកជំនាញរបស់ WHO  ជួយសហការ ជាប្រយោលប៉ុណ្ណោះ ហើយ លោកក៏មិនចង់អោយមានការប្រកាសអាសន្នសម្រាប់ ពិភពលោកដែរ។

ប៉ុន្តែមេរោគនេះមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលនាំឲ្យគណៈកម្មាធិការបស់ WHO ក៏បានសម្រេច មិនទទួលយកសំណូមពររបស់ចិន ហើយក៏បានប្រកាស ដាក់ពិភពលោក ក្នុងគ្រាមានអាសន្ន ពីការផ្ទុះមេរោគ នៃវិរុសកូរ៉ូណាដ៏កំណាចនេះ។ មកដល់ពេលនេះ ក្រសួងសុខាភិបាល ចិន មើលទៅបានទទួលស្គាល់ពីការព្រមានរបស់ WHO  ដោយបានព្រមានប្រជាជនចិនអោយមានការប្រុងប្រយ័ត្ន អោយបានខ្លាំងក្លាពីការឆ្លងមេរោគនេះ ដែលបានឆ្លង៣១ខេត្ត នៅប្រទេសចិន ។

ក្រសួងសុខាភិបាល ចិនថា អ្នកជំងឺ ស្លាប់កាន់តែកើន ដោយ កើន ជាង១០០នាក់ ក្នុងមួយថ្ងៃ គឺនៅថ្ងៃទី១០ ខែកុម្ភៈនេះ។ នៅពេលនេះ មានប្រទេសជាច្រើន នៅលើពិពភពលោកបានបិទ ជើងហោះដោយផ្ទាល់ពីប្រទេសចិន គឺដោយសារតែភ័យខ្លាចពីការឆ្លងមេរោគនេះ ព្រោះប្រទេសចំនួន ២៧ ហើយបានឆ្លង និងមានមនុស្សចំនួន ៣៣០នាក់ បានឆ្លងមេរោគនេះ។

ប្រធានាធិបតី អាមេរិក ដូណាល់ត្រាំកាលពីថ្ងៃទី ៦កុម្ភៈបាន សន្ទនាជាមួយសមភាគី ស៊ីជីនពីង ដោយលើកទឹកចិនពង្រឹងសា្មរតី ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ ។

សហរដ្ឋអាមេរិកក៏បានសម្រេច ថានឹងបញ្ជូនអ្នកជំនាញសុខភាព                សាធារណៈទៅជួយចិន តែក្រុងប៉េកាំងមិនបានទទួលយក ជំនួយទាំងនេះទេ ។ ប៉ុន្តែក្រុងប៉េកាំងបានស្នើសុំជំនួយពីអាមេរិក ដូចជាសម្ភារៈពេទ្យតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋមេរិកបាន ផ្ដល់ជំនួយជាសារធាតុបង្ក្រាបមេរោគ ទម្ងន់៧៥តោន ទៅអោយចិន កាល ពីប៉ុន្មានថៃ្ងមុននេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.