សហភាពអឺរ៉ុបសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះពីកម្ពុជា

សហភាពអឺរ៉ុប បានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ   EBA ពីប្រទេសកម្ពុជាជាផ្លូវការនៅល្ងាចថ្ងៃនេះ ហើយសុពលភាពអនុវត្តដកហូតប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២០ នេះក្រោយពីសេចក្តីសម្រេចនេះចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខ។

ការឈានដល់ដំណាក់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធាំEBA  ដោយផ្នែកពីសហភាពអឺរ៉ុបនេះ ក្រោយពេលសហគមន៍លោកសេរីមួយនេះ រកឃើញពីការបំផ្លិញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ នេះ ឲ្យដឹងថា គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកអនុគ្រោះពន្ធលើទំហំមួយភាគប្រាំនៃផលិតផលដែលនាំទៅកាន់អឺរ៉ុប ដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធនៃគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ។

អឺរ៉ុបក៏បានលើកឡើងថា សម្រេចនេះ នឹងធ្វើឱ្យ ប៉ះពាល់ដល់វិស័យឧស្សាហ៍កម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា“ សហភាពអឺរ៉ុបគ្មានជម្រើសផ្សេងទៀតល្អជាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកមកលើកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការបំពានសិទ្ធិរបស់ ការរំលោភបំពានក្នុងសកម្មភាពចូលរួមផ្នែកនយោបាយ និងការរំលោភទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងអង្គការក្រៅរដ្ឋាភិបាល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

លោកថា សហគមន៍អ៊ឺរ៉ុប នឹងមិនឈរមើលចំពោះការរំលោភបំពានទាំងនេះឡើយ ហើយអឺរ៉ុបនឹងឃ្លាំមើលនៅពេលដែលលទ្ធិប្រជាធិប       តេយ្យត្រូវបានបំផ្លាញ សិទ្ធិមនុស្សត្រូវបានរំលោភបំពាន និងសិទ្ធិសេរីភាពពលរដ្ឋត្រូវបានគេកំណត់នោះ។

លោកបន្ថែមទៀតថា ការសម្រេចចិត្តថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អឺរ៉ុប ចំពោះប្រជាជនកម្ពុជា ពាក់ព័ន្ធសិទ្ធិសេរីភាពរបស់ពួកគេនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនេះ។ លោកថាដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការចាំបាច់តាមលក្ខខណ្ឌរបស់អឺរ៉ុបដែលបានកំណត់។

លោក Phil Hogan ស្នងការពាណិជ្ជកម្មបានមានប្រសាសន៍ថា“ សហភាពអឺរ៉ុបប្តេជ្ញាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជាតាមរយៈការអនុគ្រោះពាណិជ្ជកម្ម។ ទោះយ៉ាងណាការគោរពសិទ្ធិមនុស្សគឺមិនអាចចរចារបានសម្រាប់យើងទេ។ ជាងនេះទៅទៀតលោកក៏ទទួលស្គាល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាប៉ុន្តែការព្រួយបារម្ភដ៏ធ្ងន់ធ្ងរនៅតែមាន។

លោកបន្តថា ប្រសិនបើអាជ្ញាធរកម្ពុជាបញ្ចប់ការរំលោភសិទ្ធិមនុស្សមែន នោះសហភាពអឺរ៉ុបនឹងបន្តធ្វើការជាមួយពួកគេដើម្បីទទួលបាននូវលទ្ធផលនោះ។

គណកម្មាអឺរ៉ុបបានអះអាងថា ការឈានដល់ការសម្រេចនេះ ក្រោយពួកគេរកឃើញថាបញ្ហាសិទ្ធិសេរីភាពសង្គមស៊ីវិលក្តី និងនយោបាយក្តី មិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយទេ ចាប់តាំងពីអឺរ៉ុបចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅខែកុម្ភៈឆ្នាំ ២០១៩ ។

យ៉ាងណាក៏ដោយចុះរដ្ឋាភិបាលលោកហ៊ុន សែន តែងប្រកាសថាខ្លួនបានត្រៀមទប់ទល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ហើយក៏គ្មានការអោនក្បាលដាក់បរទេសជាថ្នូរនឹងភាពអនុគ្រោះណាមួយនោះដែរ។

ក្នុងជំនួបរវាងលោក ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃទី ៥កុម្ភៈនៅទីក្រុងប៉េកាំង មេដឹកនាំចិនកុម្មុយនិស្តរូបនេះ បានស្នើដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ថា មិនឱ្យឱនក្បាលចំពោះសហភាពអឺរ៉ុបជាថ្នូរនឹងការអនុគ្រោះពន្ធ EBA នោះឡើយ។

ជាការឆ្លើយតបលោក ហ៊ុន សែន ក៏បានស្នើឱ្យភាគីចិនបន្តជួយកម្ពុជា និង បន្តជំរុញដល់សហគ្រិនចិនលើវិស័យរោងចក្រឱ្យបន្តវត្តមាននៅកម្ពុជា ហើយត្រូវពង្រីកការវិនិយោគបន្ថែមទៀត ប្រសិនបើកម្ពុជាត្រូវបានសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកឲ្យតម្លៃខ្ពស់ដល់ជំនួយ និងវិនិយោគចិនសម្រាប់អភិវឌ្ឍន៍កម្ពុជា។ ប៉ុន្តែលោកសុំជំទាស់នឹងការទាមទាររបស់ប្រធានាធិបតីចិន ស៊ី ជិនពិញ សុំនាយករដ្ឋមន្ត្រីខ្មែរ សម្តេចហ៊ុន សែន កុំឲ្យឱនក្បាលធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុប ។ លោកបញ្ជាក់ថា ការទាមទារសុំរបស់ចិននេះ គឺជាការលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសអធិបតេយ្យនិងឯករាជ្យ ។

ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងនៅល្ងាចនេះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បើទោះបីជាកម្ពុជានឹងមិនបាត់បង់អត្ថប្រយោជន៍ទាំងស្រុងក្តី ក៏ការសម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយអាចបាត់បង់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងអាចកាត់បន្ថយសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិមួយកម្រិត។

បន្ថែមពីនេះ វានឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលធ្វើការក្នុងសហគ្រាស ឬរោងចក្រ ដែលផលិតទំនិញនាំចេញទៅអឺរ៉ុប។

លោកថា ជារឿងគួរឱ្យស្តាយ ដែលអ្នកនយោបាយឈ្លោះគ្នា បែជាធ្វើឱ្យពលរដ្ឋចេញលុយខាតទៅវិញ។ លោកយល់ថា មេរោគកូរ៉ូណាបណ្តាលឱ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំង រីឯ EBA ធ្វើប៉ះពាល់ដល់សក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិជាខ្លាំងផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.