រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមានចាត់វិធានការមន្ត្រីតុលាការណាដែលប្រព្រឹត្តិអំពើពុករលួយ ក្នុងពេលដោះស្រាយការកកស្ទះសំណុំរឿង

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ ព្រមានចាត់វិធានការច្បាប់ចំពោះ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណា ដែលប្រព្រឹត្តអំពើពុករលួយ ក្នុងអំឡុយពេលយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំ រឿងនៅតាមតុលាការ។

ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះ លោក កើត រិទ្ធ  បានព្រមានទុកមុនថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ឈប់ពីការងារភ្លាមៗ ព្រមទាំងប្រឈមមុខនឹងផ្លូវច្បាប់តែម្ដង ហើយលោកក៏បានពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះដែរ។

លោក កើត រិទ្ធ ថា ក្រសួងយុត្តិធម៌មិនអនុញ្ញាតឲ្យមានករណីត្រីងៀតឆ្លៀតពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាស នៃយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរ។

យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីនេះ ធ្វើឡើងក្រោយពេលក្រសួងពាក់ព័ន្ធរកឃើញថា ភាពចង្អៀតណែនក្នុងពន្ធនាគារ បណ្តាលមកកត្តាមួយផ្នែកនៃការបន្តឃុំខ្លួនអ្នកជាប់ឃុំ ដោយមិនទាន់មានការជំនុំជម្រះ ពិសេសអ្នកជាប់ឃុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង ធ្លាប់អះអាងថាអ្នកជាប់ឃុំបច្ចុប្បន្នមានចំនួនជិត៤ម៉ឺននាក់ ដោយ២ភាគ៣ ជាអ្នកជាប់ឃុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន ហើយអ្នកជាប់ឃុំភាគច្រើនមិនទាន់កាត់ក្តី ពោលគឺជាការឃុំខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វ័យក្មេងរូបនេះ  បានកំណត់ទិសដៅថា ប្រសិនបើមានការចូលរួមប្រកបដោយសុឆន្ទៈពីតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលពី ៦ខែ ទៅ៩ខែ នឹងអាចសម្រេចលទ្ធផលកកស្ទះសំណុំរឿងនេះប្រហែល៥០ ទៅ៧០ភាគរយ។

ក្នុងសន្និសីទកាសែតដដែលបញ្ជាក់ថាបច្ចុប្បន្ន សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួនជិត៤ម៉ឺនសំណុំរឿង(៣៩ ១៥២)និងមានអ្នកជាប់ឃុំចំនួនជាង១ម៉ឺននាក់(១២៦៥១)។

ក្នុងនោះ សំណុំរឿងគ្រឿងញៀនមានចំនួនជាង៦ពាន់សំណុំរឿង (៦ ២៦០) និងមានអ្នកជាប់ឃុំពាក់ព័ន្ធបញ្ហានេះចំនួន ជិត៧ពាន់នាក់(៦ ៩០០)។

គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍កាលពីឆ្នាំ២០១៩ ដោយវាយតម្លៃថា កម្ពុជាគឺជាប្រទេសដែលមាននីតិរដ្ឋទាប ពោលគឺប្រព័ន្ធយុត្តិធម៌ស្ថិតនៅជិតបាតតារាង ព្រោះក្នុងចំណោម ១១៣ប្រទេស កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ ១១២។

យ៉ាងនេះក្តី ក្រុមសង្គមស៊ីវិល ក៏តែងជំរុញឱ្យក្រសួងយុត្តិធម៌ធ្វើការងារនេះដោយតម្លាភាព គ្មានអំពើពុករលួយលាយឡំ ដែលបង្កឱ្យមានភាពអយុត្តិធម៌ដល់អ្នកជាប់ឃុំ ពិសេសអ្នកជាប់ឃុំក្រីក្របន្ថែមទៀត។

ក្នុងអាណត្តិអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាស់ លោកអង្គ វង្សវឌ្ឍនា ប្រព័ន្ធយុត្តិធម៌ ពិសេសវិស័យតុលាការនៅកម្ពុជារងការរិះគន់គ្រប់ទិសទីថា គ្មានឯករាជ្យ ស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច ពុករលួយ    បក្ខពួកនិយម លម្អៀងទៅរកក្រុមហ៊ុន ឬអ្នកមានប្រាក់ មានអំណាច ច្រើនជាងគោលការណ៍យុត្តិធម៌ពិត។

តែយ៉ាងនេះក្តី គេនៅរង់ចាំមើលរដ្ឋមន្ត្រីថ្មី ព្រោះក្រោយទទួលបានតំណែងភ្លាម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ  បានប្តេជ្ញាថា នឹងសហការជាមួយមន្ត្រីខ្លួន បន្តធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីធានាដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.