ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជា យថាហេតុ ពិសេសនៅបណ្តាខេត្តជាប់តំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃអង្គារ៍នេះបានឱ្យដឹងថា នៅក្នុងរដូវនេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ហើយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ នឹងអាចកើតមានឡើងផងដែរ ចន្លោះពី ចាប់ពីថ្ងៃទី២១-២៦ ខែឧសភា នៅតាមបណ្តាខេត្ត ពិសេសខេត្តជាប់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល។

ករណីខ្យល់កន្ត្រាក់នេះ សម្រាប់តែខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ ក្នុងរយៈពេល១៤ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានផ្ទះជាង ៦០០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់។

ក្រៅពីខេត្តនេះក៏នៅមានបណ្តាខេត្តមួយចំនួនទៀតជួបគ្រោះធម្មជាតិផ្គររន្ទះ ខ្យល់កន្ត្រាក់នេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស ហើយផ្ទះសម្បែងក៏រងការខូចខាតយ៉ាងច្រើនផងដែរ។

ក្រុមអ្នកស្រលាញ់បរិស្ថានតែងលើកឡើងថា បញ្ហាបង្កឱ្យមានបាតុភូតគ្រោះធម្មជាតិ ដូចជាភាពរាំងស្ងួត ខ្យល់ព្យុះ រន្ទះ ខ្យល់កន្ត្រាក់ជាដើមនោះ ដោយសារកម្ពុជាបានបាត់បង់គម្របព្រៃឈើយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

មូលហេតុនៃការបាត់បង់ព្រៃឈើនេះ កើតឡើងតាមរយៈការផ្តល់ដី សម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនរាប់លានហិកតា  ការផ្តល់ដី សម្បទានសង្គមកិច្ចក្នុងរូបភាពមិនច្បាស់លាស់ ដែលភាគច្រើនបាន  ផ្តល់នូវតំបន់ព្រៃស្រោងតែម្តង។

ការកាប់ទន្រ្ទាន រានយកដីធ្វើចម្ការស្រែ និងការឃិតឃិតគ្នាជាប្រព័ន្ធរវាងឈ្មួញធំៗ ឧកញ៉ា មន្ត្រីធំៗ  និងអាជ្ញាធរជំនាញក្នុងការកាប់បំផ្លាញព្រៃឈើយកទៅកែច្នៃនិងយកទៅលក់ឱ្យបរទេស ក៏បានធ្វើឱ្យទំហំព្រៃឈើខ្មែរកាន់តែប្រឈមក្តីវិនាសនៅថ្ងៃអនាគតផងដែរ ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមបង្ហាញឆន្ទៈពិតប្រាកដដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.