Opinion

តើតំបន់ត្រីកោណអភិវឌ្ឍន៍ មានធនធានលើដី និងក្រោមដីជាអ្វីខ្លះ?

យើងបានសន្យាថានឹងរាយកាណ៍ជូនជ្រាបអំពី ផែនការមួយឈ្មោះ ត្រីកោណអភិ វឌ្ឍន៍ ឬ ហៅម្យ៉ាងទៀតថា អភិវឌ្ឍន៍ត្រីកោណ។ មុននឹងជូនសេចក្តីរាយការណ៍នេះ យើងខ្ញុំជាអ្នកធ្វើការងារកាសែត ផ្សាយព័ត៌មានក្នុងកាសែតឈ្មោះ The Cambodia Daily ដែលអះអាងក្នុងកម្មវិធីផ្សាយរៀងរាល់ពេលថា “ដើរតាមមាគ៌ាវិជ្ជាជីវៈសារ ព័ត៌មាន និយាយការពិតឥតភ័យខ្លាចឥតអនុគ្រោះ មិនស្ថិតក្រោមឥទ្ធិពលក្រុម បក្ស ឬពួកណាមួយ នោះ” មានគោលបំណងធំបំផុតតែមួយគត់ គឺ ផ្តល់ដំណឹងពិត យោងតាមឯកសារ ការស្រាវជ្រាវស្រង់សំដីសាក្សី ការវិភាគ ជូនសាធារណជនឲ្យបានដឹង ឮ  ហើយទុកឱកាសឲ្យអ្នកស្តាប់ អ្នកអាន អ្នកទស្សនា ពិចារ ណា សន្និដ្ឋាន វិនិច្ឆ័យ និង សម្រេចចិត្តដោយខ្លួនឯង។

ក្នុងពិភពលោកសេរី គេថា ពលរដ្ឋបានទទួលព័ត៌មានច្រើន គ្រប់គ្រាន់ ពលរដ្ឋនោះ អាចធ្វើសេចក្តីសម្រេចចិត្តលើរឿងអ្វីមួយមិនសូវខុស។ បើពលរដ្ឋមិនដឹងអ្វីសោះនោះ គេភូតកុហក់ក៏ជឿងប់ដែរ។ មេមនោគមន៍វិជ្ជាសូវៀត Vladimir Ilych Lenin ពោលថា៖ “រឿងភូតភរ ពាក្យភូតកុហក់ និយាយប្រាប់គេឯងញឹកញាប់បន្តិចទៅ វាក្លាយជារឿងពិត ពាក្យពិតហើយ”។ ផ្ទុយទៅវិញ ពួកផ្តាច់ការនិយម គេលាក់ការពិត ហើយគេបំប្លោងការមិនពិតឲ្យមនុស្សដឹង ឮ និង ជឿ។ នៅពេលយើងផ្សាយសេចក្តីរាយការណ៍អ្វីមួយជារឿងពិត ដែលវាល្វីង ជូរ ចត់ ប៉ះទង្គិចអារម្មណ៍របស់ខ្លួន ឬ មេ ដឹកនាំរបស់ខ្លួន មនុស្សឆ្លាតខូចបានចូលស្តាប់ ចូលទស្សនា ហើយរិះគន់ ជេរ ប្រមាថ បន្តុះបង្អាប់តាមពាក្យពេចន៍ផ្សេងៗឥតឈប់ឈរ។

ប៉ុន្តែ មនុស្សឆ្លាតត្រង់ដ៏ច្រើនបានសសើរ ពេញចិត្តចំពោះការផ្សាយព័ត៌មានពិត។ យើងខ្ញុំគ្មានសិទ្ធិ គ្មានអំ ណាចអ្វីទៅហាមឃាត់មនុស្សខ្លៅឲ្យបិទមាត់ទេ។ យើងខ្ញុំសូមអរគុណចំពោះលោក អ្នក ដែលចូលស្តាប់ ចូលទស្សនាកម្មវិធីផ្សាយរបស់យើងរាល់ ពេលនោះ ទោះជាពេញចិត្តក្តី មិនពេញចិត្តក្តី។

យើងខ្ញុំគ្រាន់តែសូមបញ្ជាក់ថា៖ សេចក្តីរាយការណ៍របស់យើងខ្ញុំអំពីរឿងអ្វីមួយ យើងបានស្រាវជ្រាវ ផ្អែកលើឯក សារផ្សាយជាសាធារណៈ ឬ ឯកសាររដ្ឋាភិបាល ប្រកបដោយការពិនិត្យ សិក្សា វិភាគគ្រប់គ្រាន់ មុននឹងស្រង់មកសរសេរផ្សាយ។ បើជនខ្លៅ ស្តាប់ ទស្សនាកម្មវិធីផ្សាយរបស់យើង ហើយគ្រាន់តែដើម្បីជេរស្តី ប្រមាថកាតទាននោះ លោក អ្នកពិតជាមិនចេះដឹងទេ។ បើមិនចេះដឹង គួរតែទៅរៀន បើរៀនស្ទើរ គួរតែទៅរៀនថែម។

នៅពេលដែលពលរដ្ឋខ្មែរទាំងក្នុងទាំងក្រៅប្រទេសមួយចំនួនរវល់ ខ្វល់ខ្វាយ ចំ ណាយកម្លាំងកាយ ចិត្តប្រាជ្ញានិងថវិកា ដើរតាមផ្លូវនយោបាយប្រឆាំងមួយដើម្បីទៅផ្លាស់ប្តូររបៀបរបបគ្រប់គ្រងស្រុកទេសបែបសព្វថ្ងៃនេះ អ្នកប្រកបរបរនយោបាយ ឧស្សហជន សកម្មជននយោបាយ នាំគ្នានិយាយតែអំពីការ ដក ដូរ ផ្លាស់លោក ហ៊ុន សែន។ គេសង្ឃឹមថា បើបុគ្គលលោក ហ៊ុន សែន ខ្ទាតចេញពីតំណែងទៅនោះ បញ្ហាគគ្រក់ កខ្វក់ ស្មោកគ្រោកទាំងឡាយក្នុងសង្គមខ្មែរ នឹងរលាយសាបសូន្យ។

គេមិនបានឆ្លើយនឹងសំណួរ ឬ ចម្ងល់មួយ−ពីរ ដែលថាពេលបាត់លោក ហ៊ុន សែន ទៅ តើបក្ស ប្រជាជនកម្ពុជា ដែលមានបរទេសយួន ចិន ជួយជ្រោង ជ្រោមជ្រែងកាន់អំណាចជិតកន្លះសតវត្សនោះ នឹងឲ្យអំណាចទៅក្រុមប្រឆាំងដោយងាយៗឬអត់? តើក្រុមប្រឆាំងនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបក្ស ប្រជាជនកម្ពុជា ដដែលៗ ដូច ដែលអ្នកខ្លះថា មិន “យកខ្មែរណាជាសត្រូវនោះ” ឬដូចម្តេច? ស្រុកខ្មែរ បរទេសកាប់ គាស់កាយយកធនធានធម្មជាតិរីងរៃ អស់សាច់ សល់តែឆ្អឹងទៅហើយ។ នេះ មិនទាន់គិតរឿងបាត់ដីដោយ សារបក្ស ប្រជាជនកម្ពុជា ឲ្យជនជាតិយួនបង្កើតភូមិតាមព្រំ ដែន បង្កើតសហគមន៍តាមខេត្ត ក្រុង យួនលួចបង្ខិតបង្គោលសីមាចូលដីខ្មែរ ហើយឥឡូវនេះ ឲ្យចិនបង្កើតក្រុង បង្កើតមូលដ្ឋានយោធា រំលោភរដ្ឋធម្មនុញ្ញ នោះផង។

តំបន់ត្រីកោណអភិវឌ្ឍន៍ ឬ តំបន់អភិវឌ្ឍន៍ត្រីកោណ ជាផែនការដែលមេដឹកនាំប្រ ទេស៣ ខ្មែរ លាវ យួនផ្តើមគំនិតនៅឆ្នាំ១៩៩៩ ដើម្បីអភិវឌ្ឍន៍តំបន់ជនបទ ព្រៃភ្នំ តាមព្រំដែន ដែលមានធនធានធម្មជាតិ តែមិនរីកចម្រើន។ ពលរដ្ឋខ្មែរមួយចំនួន មិនទាំងដឹងថាខេត្តខ្មែរនៅតំបន់ត្រីកោណដែលគេដាក់បញ្ចូលក្នុងគម្រោង ត្រី កោណអភិវឌ្ឍន៍ មានធនធានលើដី ក្រោមដីជាអ្វីខ្លះផង។ ដើមឡើយ គេសន្មតយកខេត្ត៧ដាក់បញ្ចូល គ្នា គឺខេត្តខ្មែរ២ ស្ទឹងត្រែង រតនគិរី ខេត្តលាវ២ អាតតាពើ សេកុង និង ខេត្តយួន៣ កន់ទុម ដាក់ឡាក់ និង ចាឡាយ។ ឆ្នាំ២០០៤ រដ្ឋាភិបាលប្រទេសឥណ្ឌូ ចិនទាំង៣ បង្កើនចំនួនខេត្តក្នុងផែនការ ត្រីកោណអភិវឌ្ឍន៍ ដល់១០ខេត្ត៖ ខាងខ្មែរថែមខេត្ត មណ្ឌលគិរី ខាងលាវបន្ថែមខេត្ត សារ៉ាវ៉ាន់ ខាងយួនថែមខេត្ត ដាក់ណុង។

នៅឆ្នាំ២០០៩ រដ្ឋអំណាច៣នាក់បងប្អូន (ខ្មែរ លាវ យួន) ព្រមព្រៀង សម្រេចបញ្ចូលខេត្តថែមទៀត៖ ខាងខ្មែរថែមខេត្ត ក្រចេះ ខាងលាវថែមខេត្ត ចម្ប៉ាសាក់ ខាងយួនថែមខេត្ត ប៊ិញហ្វឿក។ សរុបខេត្តទាំងអស់ក្នុងផែនការ ត្រីកោណអភិវឌ្ឍន៍ ខ្មែរមានខេត្ត៤ លាវមានខេត្ត៤ យួនមានខេត្ត៥ ពោលគឺមាន១៣ខេត្តមកទល់ពេលនេះ។ តាមស្ថិតិពីវ៉ិបសាយត៍ វីគីភីឌីយ៉ា ខេត្ត៤ខាងខ្មែរនៅប៉ែកឧត្តរ ឦសាននិងបូព៌ា មានពលរដ្ឋសរុប (គិតទាំងជនជាតិយួនផង) មានជិត៨សែន គឺក្រោម១លាននាក់។ ខេត្ត៤ខាងលាវប៉ែកអគ្នេយ៍និង ទក្សិណ ខេត្ត អាតតាពើ មានពលរដ្ឋប្រមាណ១សែន ១ម៉ឺននាក់ ខេត្តសេកុង មានពលរដ្ឋប្រមាណ៨ម៉ឺន ៣ពាន់នាក់ ខេត្តសារ៉ាវ៉ាន់ មានពលរដ្ឋប្រមាណជិត៣សែន ៤ម៉ឺននាក់ ខេត្តចម្ប៉ាសាក់ មានពលរដ្ឋប្រមាណជិត ៦ សែននាក់។ សរុបចំនួនពលរដ្ឋក្នុងខេត្តលាវ៤ មានជាង ១លាន ១សែននាក់។ ចំណែកឯពលរដ្ឋយួនក្នុងខេត្ត៥៖ ខេត្តកន់ទុម មានចំនួនជាង៥សែននាក់ ខេត្តចាឡាយ មានចំនួនជាង១លាន ៥សែននាក់ ខេត្តដាក់ឡាក់ មានចំនួនប្រមាណជិត ២ លាននាក់ ខេត្តដាក់ណុង មានចំនួនជាង៦សែននាក់ ខេត្តប៊ិញហ្វឿក មានចំនួនប្រមាណ១លាននាក់។ សរុបពលរដ្ឋយួនក្នុងខេត្ត៥ មានជាង៥លាន ៥សែននាក់។

ក្នុងចំណោមខេត្តខ្មែរទាំង៤ ខេត្ត២ស្ថិតក្នុងតំបន់ព្រៃឡង់ គឺក្រចេះ និង ស្ទឹងត្រែង ដែលសម្បូរណ៍ទៅដោយឈើប្រណីតៗ មានដូចជា គ្រញូង បេង ម៉ៃស័ក ច្រេស រាំងភ្នំជាដើម។ល។ ក្រៅពីនោះ ខេត្តស្ទឹងត្រែង មានធ្យូងថ្មដ៏មានគុណភាព។ ខេត្ត រតនគិរី និង មណ្ឌលគិរី ក៏សម្បូរណ៍ឈើប្រណីតៗដែរ។ លើសពីធនធានលើដី ខេត្តខ្មែរទាំង៤ មានរ៉ែ សំណ ស្ពាន់ ស័ង្កសី មាស ថ្មក្រានីត ថ្មដែក ថ្មត្បូង ថ្មពពាល ឬ ថ្ម កែវ អាលុយមីនីញ៉ូម បុកស៊ីត ដីឥដ្ឋ ។ល។

ក្រុមហ៊ុនបរទេសរកស៊ីរាវរ៉ែនៅភាគឦសាន មានក្រុមហ៊ុនយួន អូស្រ្តាលី កូរ៉េ ចិន ដែលមានឈ្មោះដូចតនេះ៖

Oxian/OZ Mineral រាវរករ៉ែដែកនៅមណ្ឌលគិរី; Liberty Mining International រាវរករ៉ែថ្មដែកនៅមណ្ឌលគិរី និង ព្រះវិហារ; Southern Gold រាវរករ៉ែមាស និង ថ្មដែកនៅមណ្ឌលគិរី ក្រចេះ រតនគិរី; Alumina រាវរករ៉ែអាលុយមីនីញ៉ូម និង បុកស៊ីតនៅរតនគិរី; Indochina Resources រាវរករ៉ែ មាស ស្ពាន់ ថ្មដែកនៅរតនគិរី; Summer Gold Investment រាវរករ៉ែ មាស និង ថ្មដែកនៅរតនគិរី និង មណ្ឌលគិរី; Hoang Anh Gia Lai រាវរករ៉ែ ដែកនៅរតនគិរី; An Mady Group រាវរករ៉ែ ធ្យូងថ្មនៅស្ទឹងត្រែង; Xing Yuan Kanng Yeak រាវរករ៉ែ មាសនៅក្រចេះ; The Stung Treng Mineral Joint Venture (ហ៊ុនគ្នារវាងក្រុមហ៊ុនយួន VINACOMIN ក្រុមហ៊ុនរ៉ែ ទ្រី ភាព និង ក្រុមហ៊ុន MOM Good Luck Mining) រាវរករ៉ែថ្មដែកនៅស្ទឹងត្រែង; Sun Hill Minerals រាវរករ៉ែថ្មដែកនៅមណ្ឌលគិរី; Cambodian LEL Mine Resources Development រាវរករ៉ែថ្មដែកនៅមណ្ឌលគិរី; An Mady Group រាវរករ៉ែធ្យូងថ្មនៅក្រចេះ។ មានសេចក្តីរាយការណ៍នៅឆ្នាំ២០១៨ថា ប្រទេសកម្ពុជាដឹកដីខ្សាច់លក់ឲ្យប្រទេសសិង្ហបុរីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ មានទឹកប្រាក់ ៧៥២លានដុល្លារ ប៉ុន្តែ ក្រសួងរ៉ែនិងថាមពលកត់ដាក់បញ្ជីចូលរដ្ឋតែ ៥ លានដុល្លារប៉ុណ្ណោះ។ តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ ដែលនៅតែនិយាយថា “មិនយកខ្មែរណាជាសត្រូវ?”

ជនពុករលួយ កេងបន្លំ លួចចំណូលថវិកាជាតិ ពីការសមគំនិតជាបុគ្គលក្តី ជាប្រព័ន្ធក្តី ជនបណ្តោយឲ្យបរ ទេសធ្វើអាជីវកម្មលើសម្បត្តិធនធានធម្មជាតិខ្មែរហិនហោច ត្រូវតែផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ ព្រោះថា ជនជំពូកនេះ បានក្បត់ប្រយជន៍ជាតិរបស់ខ្លួន កើបពូនទ្រព្យធ្វើសេដ្ឋី ហើយទុកឲ្យជាតិខ្មែរស្លាប់រួចបាត់ទៅហើយ។ បើនៅតែធ្វើ ដំណើរតាមផ្លូវ “ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ” មិនយកច្បាប់មកអនុវត្តរកខុស រកត្រូវ ផ្តន្ទាជនអន្យតិរ្ថិយទេនោះ ពលរដ្ឋខ្មែរស្លូតត្រង់ ពិតជានឹងបន្តរស់នៅក្នុងបណ្តា សារងកម្មជាមួយពួកចោរហនេយ្យុំ និង ឃាតកររាប់ជាតិគ្មានពេលធូរស្រាល គ្មានអនាគតឡើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.