ស្រ្ដីខ្លាំងតៃវ៉ាន់សាយអ៊ឹងវិនប្រាប់ទៅចិនថា បើចង់មានការចរចាជាមួយតៃវ៉ាន់ សូមកុំនិយាយថា តៃវ៉ាន់ជាខេត្តរបស់ចិនឲ្យសោះ

ក្នុងស្ថានភាពនេះ ពិភពលោកកំពុងសំឡឹង ទៅប្រទេសចិន និងកោះតៃវ៉ាន់ ដោយចង់ដឹងថាគូភាគីទាំងពីរនេះនៅពេលណា អាចចូលគ្នា ឡើងវិញ ជាប្រទេសតែមួយក្រោមដំបូលរបស់បក្សកុម្មុយនិស្តចិន ឬ កោះតៃវ៉ាន់ នឹងប្រែក្លាយជារដ្ឋអធិបតេយ្យឯករាជ្យក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ហើយជាសមាជិកមួយរបស់អង្គការនេះឡើងវិញ។ នេះ ហើយជាវេទិកាដែល ពិភពលោកកំពុងរង់ចាំ ។

តែយ៉ាងណា នៅដំណាក់កាលចុងក្រោយនេះ  ស្រាប់តែភាគីទាំង២ បានបង្កភាពតានតឹងដាក់គ្នា កាន់តែខ្លាំងទៅវិញដោយប្រឈមមុខគ្នា ទាំងផ្នែកកងទ័ពផង សង្រ្គាមការទូត និងសង្រ្គាមវោហាសាស្ត្រផងដែរ។

ទាំងទីភ្នាក់ងារសារព័ត៌មាន UPI របស់អាមេរិកនិង The Guardian របស់អង់គ្លេស បានចុះផ្សាយ ដោយរាយការណ៍ប្រហាក់ប្រហែលគ្នាថា ក្រោយពីស្បថចូលកាន់តំណែង ស្រ្ដីខ្លាំងតៃវ៉ាន់សាយអ៊ឹងវិនបានប្រាប់ចិនថាការចរចាជាមួយតៃវ៉ាន់គឺកុំនិយាយអំពីប្រទេសមួយប្រព័ន្ធ២ ហើយកុំលើកឡើងថា តៃវ៉ាន់គឺជាខេត្តមួយរបស់ចិន។

សង្រ្គាមវោហាសាស្ត្រនេះ បាននាំអោយក្រុងប៉េកាំង ច្រឡោតខឹងជាខ្លាំងហើយគំរាមចង់លេបតៃវ៉ាន់ភ្លាមតែម្ដងព្រោះតែខ្លួនជាមហាយក្ស។

តៃវ៉ាន់ចង់បើកសន្ទនាជាមួយនឹងចិន តែតៃវ៉ាន់ប្រកាន់ជំហរមិនទទួលសំណើដាក់ដែនកោះចូលក្នុងប្រព័ន្ធពីរប្រទេសមួយចិនឡើយ។ នេះជាប្រសាសន៍ដែលអ្នកស្រីប្រធានាធិបតីកោះតៃវ៉ាន់សាយអ៊ឹងវិនថ្លែងនៅថ្ងៃពុធទី២០ ខែឧសភានេះគឺក្រោយពីស្បថ ចូលកាន់តំណែងប្រធានាធិបតីជាលើកទី០២និងជាអាណត្តិចុងក្រោយរបស់អ្នកស្រី។

ស្ត្រីជើងខ្លាំងដែលហ៊ានជល់ជាមួយមហាយក្សចិនរូបនេះ បានឈ្នះឆ្នោតជាលើកទី២នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១១មករាឆ្នាំ២០២០ ដោយបានផ្តួល គូប្រកួតមកពី គណបក្សកុមីនតាំង ដែលជាបក្សរណបចិន គឺលោកស្រីបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីព្រោះតែឆន្ទៈប្រជនកោះតៃវ៉ាន់ ចង់អោយដែនដីរបស់ពួកគេ ក្លាយជាប្រទេសមួយឯករាជ្យ ពីប្រទេសចិន។

ក្រោយពីស្បថ អ្នកស្រីបានធ្វើសេចក្ដីថ្លែងការណ៍ដែលមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកនិងបណ្ដាញទូរទស្សន៍កោះតៃវ៉ាន់។

អ្នកស្រីអ៊ឹងវិនថ្លែងថាទំនាក់ទំនងរវាងតៃវ៉ាននិងចិនបានឈានដល់ចំណុចបត់ប្រវត្តិសាស្រ្ដមួយគឺលោកស្រីថា ភាគីទាំងសងខាងមានតួនាទីក្នុងការស្វែងរកការរស់នៅដោយចេះអត់អោនឱ្យគ្នាយូរអង្វែងហើយចេះបន្ថយភាពតានតឹងក្នុងលក្ខខណ្ឌខុសគ្នានិងជាគូបដិបក្ស។

ស្រ្ដីខ្លាំងតៃវ៉ាន់រូបនេះបន្ដដោយសម្ដីដើមថាយើងសូមធ្វើការអះអាងជាថ្មីម្ដងទៀតអំពីពាក្យសន្ដិភាព លទ្ធិប្រជាធិបតេយ្យ សមភាពនិងស្មើភាព។ យើងមិនយល់ព្រមឱ្យក្រុងប៉េកាំងប្រើប្រាស់ប្រទេសមួយប្រព័ន្ធពីរមកបន្ទាបបន្ថោកតម្លៃតៃវ៉ាន់របស់យើងទេ។ យើងឈរទប់ទល់នឹងគោលការណ៍នេះយូរឆ្នាំមកហើយ។

លោកស្រីសាយអ៊ឹងវិនក៏បានបង្ហើបពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិចំនួនបួនក្នុងអាណត្តិបន្ដនេះគឺសន្ដិសុខជាតិ កំណែទម្រង់ប្រជាធិបតេយ្យស្ថេរភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច។ មិនបានមួយថ្ងៃផង ប្រទេសចិន បានប្រតិកម្ម ចំពោះសង្រ្គាមវោហាសាស្ត្ររបស់លោកស្រី អ៊ឹងវិន។ អ្នកនាំពាក្យ សម្រាប់ការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន Ma Xiaoguang បានថ្កោលទោសលោកស្រីសាយអ៊ឹងវិន និងគណបក្សកាន់អំណាច Democratic Progressive Party ។

ទូរទស្សន៍រដ្ឋចិន បានស្រង់សំដីលោកMa Xiaoguang ដោយព្រមានថា  បក្សប្រជាធិបតេយ្យជឿនរបស់តៃវ៉ាន់ កុំរំលោភអោយសោះ កិច្ចព្រមព្រៀង ច្រកសមុទ្រតៃវ៉ាន់ ដែលតៃវ៉ាន់បានទទួលយកគោលនយោបាយចិនតែមួយហើយមិនដូច្នេះទេ គឺក្រុងតៃប៉ិះ ជាភាគីធ្វើអោយខូចកិច្ចព្រមព្រៀងនេះ ហើយនឹងនាំអន្តរាយដល់កោះតៃវ៉ាន់។

ចិនប្រើប្រាស់ប្រព័ន្ធគោលនយោបាយចិនតែមួយនេះ ដោយគិតថាអាចធានាបានភាពស្វ័យភាពក្នុងការដឹកនាំអតីតដែនដីក្រោមអាណានិគមអង់គ្លេសគឺហុងកុងដែលទីបំផុតបានប្រគល់មកឱ្យចិនវិញនៅឆ្នាំ១៩៩៧ ហើយគោលការណ៍នេះ ក៏ត្រូវបានលើកយកទៅពិភាក្សាសម្រាប់តៃវ៉ាន់ផងដែរនៅក្នុងបក្សគុម្មុយនិស្តចិន។

តៃវ៉ាន់បានបែងចេញពីចិននៅក្នុងសង្គ្រាមស៊ីវិលមួយឆ្នាំ១៩៤៩។

លោកស្រីសាយអ៊ឹងវិនគឺជាអតីតសាស្រ្ដាចារ្យច្បាប់។  បច្ចុប្បន្នលោកស្រីមានវ័យ៦៣ឆ្នាំ គឺជាស្រ្ដីអាស៊ីដំបូងគេដែលកាន់តំណែងដ៏ធំនេះហ៊ានប្រឈមនឹងមហាយក្សចិន។

ក្រោមការដឹកនាំរបស់លោកស្រីគឺមានប្រទេសជាសម្ព័ន្ធមិត្តផ្លូវការចំនួន១៥។ចំណែក ឯសហរដ្ឋអាមេរិក មានចំណងរឹងមាំនៃទំនាក់ទំនងជាមួយដែនដីនេះ ទាំងផ្នែកពាណិជ្ជកម្មនិងយោធា។ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកផ្នែកយោធាដ៏រឹងមាំសម្រាប់តៃវ៉ាន់។

យ៉ាងណាការគាំទ្ររបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់គឺកាន់តែខ្លាំងឡើង នូវភាពក្ដៅគគុករវាងទំនាក់ទំនងអាមេរិកនិងចិន។ ចិនដែលចង់លេបតៃវ៉ាន់មកវិញ គឺលំបាកនោះដោយសារតែអាមេរិក ការពារតៃវ៉ាន់។ នៅពេលចិន ធ្វើសមយុទ្ធយោធា គំរាមតៃវ៉ាន់ គឺអាមេរិក តែងតែធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីគំរាមចិនផងនិងការពារកោះតៃវ៉ាន់ផង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.