អ្នកវិភាគលើកឡើងថា ពេលខ្មែរបែកបាក់ជាឱកាសសំរាប់ប្រទេសជិតខាងឈ្លានពានទឹកដី

អ្នកវិភាគនយោបាយក្រៅប្រទេសព្រមានថា មូលហេតុដែលធ្វើឲ្យវៀតណាម នាំគ្នាសម្រុកឈ្លានពានកម្ពុជា នៅពេលនេះ គឺដោយសារផ្ទៃក្នុងជាតិខ្មែរ កើតជម្ងឺវ៉ល់អស់ទៅហើយ។

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា គណបក្សប្រជាជនកម្ពុជា ត្រូវក្រុមលោក ហ៊ុន សែន កូរឡើងវ៉ល់ ដែលនាំឲ្យប្រទេសជិតខាងមាក់ងាយកម្ពុជា ដោយសារតែ មេដឹកនាំកម្ពុជាដូចជា ហ៊ុន សែន មានចំណេះដឹងទាប គ្មានសមត្ថភាពថ្នាក់អន្តរជាតិដូចជាគេឯង ហើយដឹងតែបំបែកបំបាក់ជាតិដើម្បីតែអំណាចខ្លួនឯង ជាពិសេស ល្បិចល្បែងត្រៀមលើកអំណាចឲ្យកូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះ។

លោក គឹម សុខ បន្តថា រីឯគណបក្សប្រឆាំងដ៏ធំដែលគួរជាទីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ នៅពុំទាន់ឃើញមានកោះត្រើយ ដោយសារមានមនុស្សនៅបន្តព្យាយាមសម្លាប់ផ្ដួលនយោបាយគូបដិបក្ខ ផ្ទៃក្នុងបក្ស តាមរយៈយុទ្ធវិធីរាយកម្លាំងបែកខ្ញែក។

លោកបន្តថា ភាគីខ្មែរទាំងពីរ ដែលមានឥទ្ធិពលនយោបាយនៃជាតិ វ៉ល់អស់ទៅហើយដូច្នេះនោះ តើឲ្យមានមូលដ្ឋានអ្វីដែលអាចទប់ការឆ្លៀតឱកាសឈ្លានពានរបស់បរទេសបាន?

លោកបន្តថា កាលពីឆ្នាំ១៩៩៧ អំឡុងពេលដែលលោក ហ៊ុន សែន រវល់នឹងផែនការការពារអំណាចដែលកើតចេញពីរដ្ឋប្រហារ នៅខែកក្កដា ឆ្នាំ១៩៩៧ កាលណោះ យួននិងសៀមបានចុះកិច្ចព្រមព្រៀងគ្នា នៅខែសីហា ឆ្នាំ១៩៩៧ ចែកតំបន់សមុទ្រខ្មែរអស់រាបម៉ឺនគីឡូម៉ែត្រក្រឡា រហូតមកទល់នឹងពេលនេះដោយគ្មានការតវ៉ាសូម្បីមួយម៉ាត់។

ការលើកឡើងរបស់លោក គឹម សុខ ធ្វើឡើងក្រោយពីកម្ពុជាព្រមានវៀតណាមឱ្យឈប់ចល័តទីតាំងឈរជើងកងទ័ពរបស់ខ្លួនដែលរំលោភចូលខ្សែបន្ទាត់ព្រំដែនរបស់ខ្មែរ។

ប៉ុន្តែប្រធានគណកម្មាធិការប្រជាជនខេត្ត អានយ៉ាន របស់វៀតណាមលោក ង្វៀន ថាញ់ប៊ិញ ជូនដំណឹងមកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលរបស់ខ្មែរកាលពីថ្ងៃទី១៣ ខែឧសភា ថា វៀតណាមបានរុះរើតង់ទាំងអស់ចេញពីតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាមរួចរាល់អស់ហើយ។

ទោះជាយ៉ាងណាក៏ដោយកម្ពុជារកឃើញថា វៀតណាម បានបោះតង់ និងដាក់កងកម្លាំងយោធាចំនួន ៣១កន្លែងនៅស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្ដាល ប៉ុន្តែវៀតណាមបានរុះរើតង់ទាំងនោះចេញពីតំបន់មិនទាន់ឯកភាពគ្នាចំនួន ៣កន្លែងប៉ុណ្ណោះ ហើយនៅសស់ ២៨កន្លែងទៀត នៅមិនទាន់រុះរើចេញនៅឡើយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសើ្នបានស្នើរឲ្យរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលសេចក្តីថ្លែងការរួមឆ្នាំ១៩៩៥ ដែលជាសេចក្តី ថ្លែងការមួយធ្វើឲ្យខាតប្រយោជន៍ខែ្មរ ពីព្រោះសេចក្តីថ្លែងការនេះត្រូវបានវៀតណាមតម្រូវឲ្យមានការបង្កើតតំបន់ស ក្នុងទឹកដីរបស់កម្ពុជាខ្លួនឯង។ ជាងនេះទៅទៀតលោកស្នើឲ្យកម្ពុជាលុបចោលរាល់សន្ធិសញ្ញាព្រំដែនទាំងអស់ដែលធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន មានសេចក្តីក្លាហានដាក់ពាក្យបណ្តឹងតាមយន្តការអន្តរជាតិដោយប្រើប្រាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទាំងព្រំដែនគោក និងចង្កោមកោះត្រល់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.