មន្ត្រីទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី អះអាង​ថា​នឹង​រៀបចំ​ឱ្យ​ពលរដ្ឋខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​នេះ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​

ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួប​តំណាង​ក្រុមហ៊ុន Malaysia Airlines ដើម្បី​ជជែក​អំពី​ផែនការ​នាំ​ពលរដ្ឋ​ដែល​ខកខាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​កាលពីដើម​ខែមេសា​ប្រមាណ១៥០នាក់។

ការ​ខកខាន​នោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អ្នកបញ្ជា​ឱ្យ​ផ្អាក​ជើងហោះហើរ​របស់​ពួក​គេ​មក​កម្ពុជា​ពេលនោះ ក្រោម​ហេតុផល​ថា​ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​បន្ថែម ទៀត។ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃម្សិលមិញ​ថា ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​នេះ លោក ឆឺយ វិចិត្ត បាន​ជួបពិភាក្សា​តំណាង​ក្រុមហ៊ុន Malaysia Airlines អំពី​ការរៀបចំ​ការហោះហើរ​សម្រាប់​បងប្អូន​ដែល​ខកខាន​ការ​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​កាលពី​ថ្ងៃទី៧ ខែមេសា អោយ​ពួក​គេ​បាន​វិល​ត្រលប់​ទៅ​កម្ពុជា​វិញ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ជំនួប​នោះ​តំណាង​ក្រុមហ៊ុន​ហោះហើរ​មួយ​នេះ បាន​សន្យា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ហោះហើរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្នុងរយៈពេល២សប្តាហ៍។បន្ថែម​ពីនេះ ក្រុមហ៊ុន Malaysia Airlines នឹង​ទាក់ទង​ទៅ​បងប្អូន​ទាំង​ប្រមាណ១៥០នាក់​នោះ​ដោយ​ផ្ទាល់​ក្នុង​ពេល​ឆាប់​ៗនេះ ហើយ​ស្ថានទូត​ក៏​ណែនាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រៀម​សហការ​ឱ្យ​បាន​ល្អ នៅពេល​ក្រុមហ៊ុន​ទាក់ទង​ទៅ​ពួក​គាត់​ផ្ទាល់។

ការ​ជួប​ជជែកគ្នា​រវាង​មន្ត្រីទូត​កម្ពុជា និង​តំណាង​ក្រុមហ៊ុន Malaysia Airlines ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋខ្មែរ​ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ធ្វើឡើង​ក្រោយពី លោក ហ៊ុន សែន កាលពី​ថ្ងៃពុធ បាន​ប្រកាស​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ ចំពោះ​ពលរដ្ឋខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​កំពុង​ធ្វើដំណើរ ឬមានបំណង​ធ្វើដំណើរ​ពីក្រៅ​ប្រទេស​វិលត្រឡប់​ចូល​មក​កម្ពុជា​វិញ គឺ​មិន​តម្រូវ អោយ​មាន​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ទេ។

សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួ​កាលពី​ថ្ងៃទី២៧ ខែឧសភា​នេះ លោក​ហ៊ុន សែន បញ្ជាក់​ថា​វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ឆាប់​បាន​វិលត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ។យ៉ាងនេះ​ក្តី លោក​ថា ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​គឺ​តម្រូវ អោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហើយ​ដាក់ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក ឬធ្វើ​ចត្តាឡីស័​ក រយៈ​ចំនួន១៤ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​តើ​ពួក​គេ​មាន​រោគឆ្លង​ជំងឺ​កូ​វីស១៩ ឬអត់​រោគឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅ​ដ្ឋាន​វិញ។

ការសម្រេច​របស់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​ក្រុម​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា​ប្រហែលជា​ការ​ឆ្លើយតបទៅនឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស ពិសេស​ពលរដ្ឋខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី។ ពលរដ្ឋ​ដែល​ខក​ខាត​ហោះហើរ​មក​កម្ពុជា​កាលពី​ថ្ងៃទី៧ ខែមេសា​នោះ មាន​មនុស្ស​មួយចំនួន​បាន​លើកឡើង​ថា​ពួក​គាត់​បារម្ភ​ខ្លាច​ដាច់ពោះ​ស្លាប់​នៅ​ប្រទេស​នេះ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​គោលការណ៍​ជួយ​ពួក​គាត់​ច្បាស់លាស់ ព្រោះ​អ្នកខ្លះ​មានផ្ទៃពោះ​ជិត​គ្រប់ខែ ហើយ​គ្មាន​អ្នកជួយ​មើលថែ​ទាំ គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល និង​ត្រូវ​ចំណាយ​ជាប្រចាំ​ជាដើម។

ក្រៅពី​ពលរដ្ឋ​ដែល​ខកខាន​ប្រមាណ១៥០នាក់​នោះ ក៏​នៅ​មាន​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ពលករ​ចុះទូក​នេសាទ និង​ពលរដ្ឋ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ទើបនឹង​ដោះលែង​ពី​ពន្ធនាការ​ជាង២រយ​នាក់​ទៀត ក៏​កំពុង​រង់ចាំ​ការ​ជួយ​ពី​រដ្ឋាភិបាល​ដើម្បី​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.