លោក​ មហា​ធា​មហាម៉ាត់ ​បុរស​មាន​ល្បិច​នយោបាយ​ក្រ​ឡិច​ក្រ​លុ​ចត្រូវ​បាន​បណ្ដេញចេញ​ពី​បក្ស​

លោក​មហា​ធា​មហាម៉ាត់​អតីត​នាយក​រដ្ឋ​មន្ដ្រី​ពីរ​ជំនាន់​ត្រូវ​បាន​បក្ស​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស ក្រោម ហេតុផល​ថា បុរស​វ័យ៩៥ឆ្នាំ​ម្នាក់​នេះ​បាន​អុកឡុក និង​បំផុសបំផុល​ប្រឆាំង​នឹង​នាយក រដ្ឋ​មន្ដ្រី​ថ្មី​លោក Muhyiddin Yassin។

អ្នកនយោបាយ​ជើងចាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​នៅទីបំផុត បាន​របូត​ស្នៀត​ល្បិច​នយោបាយ​របស់​ខ្លួន​ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​ពី​នាយក​រដ្ឋ​មន្ដ្រី​កាល ពី​ខែកុម្ភៈ​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​របស់​ខ្លួន​ស្នើរ​ឲ្យ​បន្ដ​កាន់​តំណែង​ជានា​យក​រដ្ឋ​មន្ដ្រី​ស្ដីទី​បានតែ រយះ​ពេល១០ថ្ងៃ​ប៉ុណ្ណោះ។អ្នកនយោបាយ​ជើងចាស់​ដែល​សំបូរ​ល្បិច​ម្នាក់​នេះ​បាន​ធ្វើឲ្យ​សម្ព័ន្ធ​មិត្ត របស់​ខ្លួន គឺ​អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី អាន់​វ៉ា​អ៊ី​ប្រា​ហ៊ី​មខកខាន​ទទួល​តំណែង​ពី​លោក​រហូតមកដល់​ពេលនេះ​ហើយ​បាន​ធ្វើឲ្យ​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចំរុះ ប៉ាកា​តាន់ ហា​រ៉ា​ប៉ាន់ បែកបាក់​មកដល់ពេលនេះ។តែ​ទីបំផុត​អតីត​នាយក​រដ្ឋ​មន្ដ្រី​រូប​នេះ​ត្រូវ​បានកូន​ចៅ​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស​ទៅវិញ។ បន្ថែម​លើ​ពីនេះ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazerra បាន​ចុះផ្សាយ​ថា​សូម្បីតែ​កូនប្រុស​របស់​លោក​ម្នាក់​ដែល​មាន​តំណែង​ខ្ពង់ខ្ពស់​ក្នុង​បក្ស បឺ​សា​ទូ ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​បក្ស​បន្ទាប់ពី​ឪពុក​របស់​ខ្លួន​ដែរ។

កាលពី​ថ្ងៃទី២៩ ខែឧសភា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល់​ចា​ហ្សេ​រ៉ា បាន​ស្រង់​សេចក្ដីថ្លែង​ការណ៍​របស់​បក្ស​បង្រួបបង្រួម​ជនជាតិ​ដើម​ម៉ាឡេស៊ី​ដែល​ហៅ​កាត់ បឺ​សា​ទូ ថា សមាជិកភាព​របស់​លោក​មហា​ធា​ត្រូវ​បាន​ដក​ចោល​ជា​ប្រញាប់​ហើយ ដោយសារ​បុរស​រូប​នេះ​មិន​គាំទ្រ​រដ្ឋាភិបាល​របស់​លោក Muhyiddin Yassin ជានា​យក​រដ្ឋមន្ត្រី។សេចក្ដីថ្លែង​ការណ៍​បក្ស​នោះ​ថែមទាំង​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ទៀតផង​ដោយ​បញ្ជាក់​ថា​កាលពី​កិច្ចប្រជុំ​សភា​សប្ដាហ៍​មុន​លោក មហា​ធា​បាន​បង្ហាញ​ឥរិយាបថ​យ៉ាង​គឃ្លើន​ទៅ​អង្គុយ​ជាមួយនឹង​ក្រុមប្រឆាំង​ទៅវិញ។សេចក្ដីថ្លែង​ការណ៍​នោះ​ក៏​ទទួល​បានការ​វាយតម្លៃ​ទី​លើ​លោក​មហា​ធា​ដោយ​នាយក​រដ្ឋ​មន្រ្ដី Muhyiddin Yassin ជា​ប្រធាន​ថ្មី​របស់​បក្ស​បឺ​សា​ទូ។ប៉ុន្ដែ​ការិយាល័យ​លោក​មហា​ធា​បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​ភ្លាម​ៗរាល់​ការ​បញ្ចេញមតិ​ទាំងអស់​ដោយ​អះអាង​ថា​មិនទាន់​បានឃើញ​លិខិត​បណ្ដេញ​លោក​មហា​ធា​ជា​ផ្លូវការ​នោះ​នៅឡើយ​ទេ។លោក Muhyiddin Yassin ត្រូវ​បាន​មើលឃើញ​ថា​លោក​កំពុង​ត្រូវការ​តំណែង​ដ៏កំពូល​នេះ ក្នុង​ការ​បង្រួបបង្រួម​អំណាច​ខណៈ​លោក​ប្រឈម​នឹង​កម្លាំង​រារាំង​ក្នុង​ភាពជា​នាយក​រដ្ឋ​មន្រ្ដី​របស់​លោក​កាន់តែ​ច្រើន ឡើង។

លោក​មហា​ធា​ស្ថិត​ក្នុង​វ័យ​ជិត៩៥ឆ្នាំទៅ​ហើយ​លោក​គឺជា​មេដឹកនាំ​រដ្ឋាភិបាល​ដែល​ចាស់​ជាងគេ​នៅ​លើ​លោក។ លោក​បាន​ធ្វើ​ឱ្យ​ម៉ាឡេស៊ី​មាន​វិបត្តិ​នយោបាយ​ជា​ខ្លាំង​នៅ​ខែកុម្ភៈ​ដោយសារតែ​ការ​មិន​គោរព​តាម​ពាក្យសន្យា​ក្នុង​ការ​ប្រគល់​តំណែង​នាយក​រដ្ឋ​មន្រ្ដី​ឱ្យទៅ​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ព្រោះ​លោក​អាន់​វ៉ា​ម្នាក់​នេះ​ហើយ​ជា​អ្នក​ឱ្យ​លោក​នាំ​ភាព​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ដោយ​គំនិត​បង្កើត​ឱ្យ​មាន​ចលនា​ប្រមូលផ្ដុំ​នយោបាយ។ ដោយសារតែ​មិន​ប្រកាន់ពាក្យ​សច្ចៈ​របស់​លោក​មហា​ធា​បាន​បង្ក​ឱ្យ​មានការ​បែកបាក់​កម្លាំង​នយោបាយ​ទៅវិញ​ដែល​នៅទីបំផុត​វិបត្តិ​ត្រូវ​បាន​បញ្ចប់​ដោយ​លោក Muhyiddin ឡើង​កាន់អំណាច​លោក​គឺជា​ស្ថាបនិក​រួម​នឹង​របស់​បក្ស​បូ​សា​ទូ​មុន​ចូលរួម​នឹង​សម្ព័ន្ធ​នយោបាយ​ចំនួន​បួន​ទៀត​ដែល​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨ គឺ​ឈ្នះ​លើ​បក្សជន​ពុករលួយ Najib Razakដែល​ជា​អតីត​នាយក​រដ្ឋ​មន្រ្ដី​លួច​លុយ​ជាតិ។លោក​មហា​ធា​ក្រោយពី​សហ​ស្ថាបនិក​លោក​ប្រកួត​សម្លេង​គាំទ្រ​ឈ្នះ​លោក​មក​លោក​បាន​ចេញមុខ​ប្រឆាំង គឺ​លោក​បាន​ចោទ​លោក Muhyiddin Yassin ថា​ជា​មេដឹកនាំ​ក្បត់ជាតិ។ អ្នកវិភាគ​ថា​យុទ្ធ​សា​ស្រ្ដវាយតម្លៃ​ថា ការ​បណ្តេញ​លោក​មហា​ធា​ចេញពី​បក្ស​នៅពេល​នេះ ក៏ដូចជា​ការ​បើកផ្លូវ​មួយទៀត សំរាប់​លោក​អាច​ជ្រើសរើស​យក​ការប្រកាស​លាឈប់​ពី​ជីវិត​នយោបាយ​តែម្ដង។ លោក Awang Azman Pawi សាស្រ្ដា​ចារ្យ​នៃ​សកលវិទ្យាល័យ Malaya និយាយ​ថា វា​ដល់ពេល​វេលា​ដែល​ត្រូវ​ទុក​ផ្លូវ​ឱ្យ​ក្មេង​ជំ​នាក់​ក្រោយ​ហើយ។

មកដល់ពេលនេះ​សម្ព័ន្ធភាព​របស់​លោក​មហា​ធា​ដែល​ខកខាន​មិនបាន​ស្នង​តំណែង​ពី​លោក គឺ​លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ី​មនៅ​តែ​ត្រូវ​បាន​ធ្វើជា​ប្រធាន​គណបក្ស​យុត្តិធម៌​ប្រជាជន​ហើយ​អតីត​ទណ្ឌិត​នយោបាយ ម្នាក់​នេះ​ក៏​កំពុង​សម្លឹង​មើល​តំណែង​ជានា​យក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ទី៩នៅក្នុង​ការបោះឆ្នោត​សភា​ឆ្នាំ២០២៣ ដែលគេ​រំពឹង​ថា​នឹង​គ្មាន​លោក​មហា​ធា​ជា​អ្នកនយោបាយ​កំពូល​ល្បិច​ប្រលូក​ក្នុង​ឆាកនយោបាយ​ម៉ាឡេស៊ី​ទៀត​នោះ​ឡើយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.