កម្ពុជា បន្ត​រក្សា​ភាព​អព្យា​ក្រឹត្យ​ជុំវិញ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង

កម្ពុជា​នៅតែ​ប្រកាស​ជំហរ រក្សា​ភាព​អព្យា​ក្រឹត្យ​ដូច​គ្រា​លមុនៗ ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ការ​រក្សា​ជំហរ​អព្យា​ក្រឹត្យ​នេះ បាន​លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ ស្តី​ពី លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋ​មន្រ្ដី​ការបរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-សន្ដិ​សុខ​លើក​ទី២១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី២៦។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កម្ពុជា​បាន​លើកឡើង​ថា ក្នុងនាម កម្ពុជា ជារ​ដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​សូម​រក្សា​ភាព​អព្យាក្រឹត​លើ​បញ្ហា​ជម្លោះទឹកដី​នេះ។លើស​ពីនេះ កម្ពុជា​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ គួរ​បន្ត​រក្សា​បរិយាកាស​អំណោយផល​ក្នុង​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការ​បញ្ចប់​ការចរចា​លើ​ក្រម​ប្រតិបត្តិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

នេះ​មិនមែន​ជា​លើក​ទី១ សម្រាប់​កម្ពុជា​ក្នុង​ការប្រកាស​ជំហរ​អព្យា ក្រឹត្យ​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្រុម​អ្នកវិភាគ​និយាយ​ថា​ជំហរ​របស់​កម្ពុជា​គ្មាន​ភាព​អា​ព្យា​ក្រិត្យ​អ្វី​នោះ​ឡើយ ពីព្រោះ​កម្ពុជា​មាន​ទំនាក់ទំនង​មិត្ត​ដែកថែប​យ៉ាង​ស្អិត​រមួត​ជាមួយ​ចិន​នោះ។ដោយសារតែ​ជំហរ​របស់​កម្ពុជា​ងាក​ទៅ​រក​ចិន​យ៉ាង​ខ្លាំង​នេះ​ហើយ​បាន​ជា​កម្ពុជា​ធ្លាប់ធ្វើ​ឱ្យ​រាំងស្ទះ​នូវ​ការ​ចេញ​គោលការណ៍​រួម​របស់ អាស៊ាន ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ២០១២។

ជម្លោះ​មួយ​នេះ​មាន​ភាគី​ពាក់ព័ន្ធ​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន ៤ប្រទេស​ក្នុងចំណោម១០ប្រទេស រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ដោយ​កំពុង​ប្រជែង​កាន់កាប់​ដែនសមុទ្រ​មួយ​នេះ លើ​ទំហំ​ប្រមាណ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ ជាមួយ​មហាយក្ស​ចិន។ ប៉ុន្តែ​អ្នក​ដែល​ចេញមុខ​តវ៉ា​ខ្លាំង និង​ញឹកញាប់ គឺ​វៀតណាម។

កាលពី​ពេល​ថ្មី​ៗនេះ រដ្ឋអំណាច ចិន​បាន​ប្តូរ​ឈ្មោះ​កូន​កោះ​ចំនួន ២៥ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៥៥ កន្លែង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លាតសន្ធឹង​ពីទី​ក្រុង​ហុងកុង​ទៅដល់​កោះ Borneo។ រដ្ឋាភិបាល​ចិន​សង្ឃឹមថា ការ​ធ្វើ​ដូចនេះ​នឹង​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​ចំពោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​មក​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​ខ្លួន​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.