ប្រជាជន​តៃវ៉ាន់ ជាង៨០​%គាំទ្រ រដ្ឋាភិបាល​ត្រៀម​ធ្វើ​សង្រ្គាម​ជាមួយ​ចិន​តៃវ៉ាន់​

មកដល់ពេលនេះ នៅជា​ដែនដី​មួយ​ពុំ​មាន​ភាព​ស្របច្បាប់​នៅ​ក្រោម​ឆ័ត្រ​របស់​អង្គការសហប្រជាជាតិ​នៅឡើយ។ តៃវ៉ាន់​កាលដែល​ជាស​មា​ជិ​ករបស់ អង្គការសហប្រជាជាតិ​មានឈ្មោះ​ថា សាធារណរដ្ឋ​ចិន។តែ​នៅ​ឆ្នាំ១៩៧២ ប្រទេស​ចិន​បាន​ដណ្ដើម​អាសនៈ​របស់​ដែនដី​នេះ ពី​អង្គការសហប្រជាជាតិ ហើយ​ប្រែក្លាយ​ជា​ចិន​ប្រជា​មា​និត្យ​មកទល់​នឹង​សព្វថ្ងៃ​នេះ។ តែ​បក្ស​មួយ​នៅក្នុង​ដែនដី​តៃវ៉ាន់ សព្វថ្ងៃ​គឺជា បក្ស​ធ្លាប់​គ្រប់គ្រង​ប្រទេស​ចិន គឺ​បក្ស​គួប​មីន​តាំង ដែល​ជា​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់។

បក្ស​នេះ​ហើយ ដែល​រត់​មក​រស់នៅ​លើ​កោះ​តៃវ៉ាន់​បន្ទាប់ពី​សង្រ្គាម​ចាញ់​ពួក​ឧទ្ទាម​កុម្មុយនិស្ត​ចិន​នៅ​ឆ្នាំ១៩៤៩។ តែ​យ៉ាងណា​កដ៏​ដោយ បក្ស គួប​មីន​តាំង ក្លាយជា​បក្ស​រណប​ចិន​ប៉េកាំង។ ក្នុង​កាលៈទេសៈ​នេះ ចិន​ប៉េកាំង បាន​ប៉ុនប៉ង​កាន់កាប់​តៃវ៉ាន់​គឺ​ជាង៧០ឆ្នាំ​មក​ហើយ។ ក្រុង​ប៉េកាំង បាន​គំរាម​តៃវ៉ាន់​ទាំង​ការវាយប្រហារ ពាក្យសំដី និង​គំរាម លើកទ័ព​ចូលលុក​លុយ​ដែន​កោះ​មួយ​នេះ ដោយអាង​ខ្លួន​មាន​កងទ័ព​ប្រយុទ្ធ​ដល់​ជាង២លាន នាក់។ ប៉ុន្តែ​ក្នុងរយៈពេល៧០ឆ្នាំ​មកនេះ ចិន​បាន​ត្រឹមតែ​គំរាម​តៃវ៉ាន់​តែប៉ុណ្ណោះ។

តើ​ចិន​ខ្លាច​អាមេរិក​ដែល​ជា​ខ្នងបង្អែក​របស់​តៃវ៉ាន់ ឬខ្លាច​តៃវ៉ាន់​?យ៉ាងណា គេហទំព័រ​សារព័ត៌មាន The National Interest បង្ហាញ​នូវ​ការស្ទង់មតិ​មួយ​ថា ពលរដ្ឋ​តៃវ៉ាន់​ជាង៧០​%នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​ធ្វើការ​លុកលុយ​បំពារបំពាន​ទឹកដី​នៃ​កោះ​មួយ​នេះ​ទេ​ហើយ ២៤​% បាន​ឆ្លើយ​ថា ខ្លួន​ក៏​គាំទ្រ ជំហរ​រដ្ឋាភិបាល របស់​បក្ស​កាន់អំណាច​នៃ​ប្រធានាធិបតី សាយ​អ៊ឹ​ងវិន។តៃវ៉ាន់​បច្ចុប្បន្ន​មាន​ប្រជាជន​ជិត២៤លាន​នាក់​ដែល​រស់នៅ​លើទឹក​ដី​ទំហំ៣ម៉ឺន ៦ពាន់ ១៩៣គីឡូម៉ែត្រ​ការ៉េ។

ដោយ​មិន​បង្ហាញថា​ប្រជាជន​មាន​ប៉ុន្មាន​នាក់​ទេ​ចូលរួម​ក្នុង​ការស្ទង់មតិ​នោះ ប៉ុន្ដែ​គេហទំព័រ​នេះ​បាន​បញ្ជាក់​ថា​ពលរដ្ឋ​ប្រមាណ ៥០,៨​% គាំទ្រ​ដាច់ខាត​នូវ កាតព្វកិច្ច​យោធា​ដើម្បី​ការពារ​តៃវ៉ាន់​ពី​ការលុកលុយ​របស់​ចិន។ ភាគច្រើន​មនុស្ស​វ័យ៣០ ទៅ៣៩ឆ្នាំ ជា​អ្នក​ជ្រើសរើស​ជម្រើស​ដ៏​ចាំបាច់​មួយ​នេះ។ រីឯ ២៤,៤​% គាំទ្រ​ក្នុង​កម្រិត​ជំហាន​ទី២ ចំណែក៥,៩​% រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​ជា​លាយលក្ខណ៍​អក្សរ​រវាង​ប្រទេស​ទាំងពីរ​ជាជាង​ការ​លើក​អាវុធ​ឱប​នឹង​ដៃ។

បូ​កប​ញ្ជូល​គ្នា គឺ​ជាង៨៤​% ពិតជា​មាន​ឆន្ទ​ស្នេហាជាតិ ការពារ​ដែនដី តៃវ៉ាន់​ប្រឆាំង​នឹង​ការឈ្លានពាន​ពីសំណាក់​ប្រទេស​ចិន ។យ៉ាងណា​គេ​បានឃើញ​ជំហរ​របស់​អ្នកស្រី​សាយ​អ៊ឹ​ងវិ​នយ៉ាង​ច្បាស់​ក្នុងរយៈពេល៤ខែ​មកនេះ ដោយ​អ្នកស្រី​បាន​បញ្ជា​ឱ្យ​មានការ​ពង្រឹង​សមត្ថភាព​ទ័ព​ជា​ខ្លាំង ជាពិសេស គឺ​ទ័ព​ជើងអាកាស​របស់​តៃវ៉ាន់ ដែល​បាន​ធ្វើ​សមយុទ្ធ​ជា​រឿយ​ៗហើយ​ជាចុងក្រោយ​នេះ​ហៅថា​ល្បែង​សមយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​ពីសំណាក់​ចិន​តែម្ដង។

តាំងពី​អ្នកស្រី សាយ​អ៊ឹ​ងវិ​នក្លាយ​ជា​ប្រធានាធិបតី​លើក​ទីពីរ​មក អ្នកស្រី​បាន​បញ្ចេញ​អាកប្ប​កិរិយា​កាន់តែ​ច្បាស់​ក្នុង​ការ​ប្រឆាំង​ចិន​តាម​គ្រប់រូប​ភាព​នៃ​ការ​សម្រុក​ចង់​ចូលក្នុង​សហគមន៍​អន្ដរ​ជាតិ ការ​ដាក់​សម​ណើ​សុំ​ទិញ​សព្វាវុធ​ពី​ប្រទេស​លោកខាងលិច​កាន់តែ​ខ្លាំង​ឡើង​ៗជាពិសេស​ពី​សហរដ្ឋអាមេរិក។

ប្រទេស​លោកខាងលិច​ភាគច្រើន​បាន​កោតសរសើរ​ការដឹកនាំ​របស់​អ្នកស្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វីដ១៩ បើ​ទោះបីជា WHOបាន​លើកឡើង​ថា​ជោគជ័យ​នៅ​តៃវ៉ាន់​ជា​ជោគជ័យ​បាន​មក​ពី​កិច្ចការពារ សុខាភិបាល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏ដោយ។ភ្លាម​ៗ អ្នកស្រី​បាន ថ្កោលទោស​ចំពោះ​ការ​លើកឡើង​របស់WHOហើយ​បាន​បង្ក​ឱ្យ​សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល ជប៉ុន និង​ប្រទេស​មួយចំនួន​នៃ​សហភាព​អឺរ៉ុប ចូលរួម​ជាមួយ​តៃវ៉ាន់​ប្រឆាំង​នឹងWHO ដោយ​ចោទ​ថា​មាន​ភាព​លម្អៀង​ទៅកាន់​ចិន ជាពិសេស​សហរដ្ឋអាមេរិក​ដែល​ថា WHO ជា អាយ៉ង​ចិន​ហើយ​រហូតដល់ សហរដ្ឋអាមេរិក ចង់​ចាកចេញ​ពី​អង្គការសុខភាព​ពិភពលោក​មួយ​នេះ​ដោយ​លែង រវីរវល់​នឹង​ផ្ដល់​ជំនួយ​ឱ្យ​អង្គការ​តទៅទៀត​ខណៈ​មហាអំណាច​មួយ​នេះ​ចំណាយ​មិន​តិច​ជាង១៥​%នៃ កញ្ចប់​ថវិកា​សរុប​សំរាប់​ប្រទេស​ទាំង១៧២ក្នុង​អង្គការសុខភាព​ពិភពលោក​នេះ។

សហរដ្ឋ​អា​មេ​រិក​ក្រោយ​ៗមក​ក៏បាន​អនុម័ត​នូវ​ការយល់ព្រម​ក្នុង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​ដែន​កោះ​តៃវ៉ាន់​នេះ ក្រោម​ហេតុផល​ថា​ដើម្បី​ការពារ​ស្ថេរ​ភាព​តំបន់ និង​ច្រកសមុទ្រ​តៃវ៉ាន់។ អាវុធ​ដែល​តៃវ៉ាន់​ចង់បាន​ទាំងប៉ុន្មាន​កម្រ​ឃើញ អាមេរិក​ថា​បដិសេធ​ណាស់ ដែល​មាន​ដូចជា​មី​ស៊ី​ល នាវាមុជទឹក នាវាចម្បាំង រថក្រោះ កាំភ្លើង​ត្បាល់ និង​បច្ចេកវិទ្យា ថូ​ផេ​ដាស (torpedoes​) ដែល​អាច​បំពាក់​លើ​នាវាមុជទឹក ឬជា​ប្រភេទ​មី​ស៊ី​លប្រ​ដេញ​ក្នុងទឹក និង​មី​ស៊ីលផា​ទ្រី​យ៉ូ​ត (Patriot​) សម្រាប់​វាយប្រហារ​ពី​ផ្ទៃដី​ទៅលើ​អាកាស យន្តហោះ​ចម្បាំង​ប្រភេទ F-១៦ ចំនួន ៦៦គ្រឿង​ទៅ​ឱ្យ​តៃវ៉ាន់ ជា​គម្រោង​ដ៏​ធំ​បំផុត​មួយ​ដែល​មានតម្លៃ​ទឹកប្រាក់​សរុប ៨ពាន់​លាន​ដុល្លារ។

អ្នកនាំពាក្យ របស់ក្រ​សួង ការបរទេស​ចិន លោក Zhao Lijian បាន អំពាវនាវ​សុំ ឲ្យ​រដ្ឋាភិបាល​អាមេរិក បញ្ឈប់​ការ​លក់ អាវុធ​ទាំងឡាយ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដើម្បី​ជៀសវាង​ការ​ធ្វើឲ្យខូច​ខាត ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​និង​ក៏ដូចជា​ស្ថេរ​ភាព និង​សន្តិភាព​ជូន​កោះ​តៃវ៉ាន់។រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​នឹង​ដាក់ទណ្ឌកម្ម ទៅលើ​ក្រុមហ៊ុន Lockheed Martin ព្រោះតែ​ក្រុមហ៊ុន Lockheed Martin ផ្តល់​កុងត្រា ជា​កញ្ចប់​ថវិកា ដើម្បី​ធ្វើ​ទំនើបកម្ម​ដល់​អាវុធ សម្រាប់​កោះ​តៃវ៉ាន់ ជាពិសេស​ប្រព័ន្ធ ការពារ​មី​ស៊ី​ល ។

សម្រាប់​មន្ទីរ​បញ្ចកោណ​ដែល​មាន​សិទ្ធិ​អំណាច​ពេញលេញ​ក្នុង​ការ​លក់​ឬមិន​លក់​អាវុធ​ឱ្យ​ប្រទេស​ណាមួយ​នោះ គឺ​លោក​រដ្ឋ​មន្រ្ដី​នៃ​ក្រសួងការពារជាតិ​ម៉ា​កអេ​ស្ព័​របា​នឆ្លើយតប​ដោយ​មិន​ខ្លាច​ខូច​ទំនាក់ទំនង​នឹង​ចិន​បន្ដិច​ណា​ទេ គឺថា នឹង​បន្ដ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់។ដោយឡែក​រដ្ឋ​មន្រ្ដី​ការបរទេស​អា​មេ​រិក​វីញ លោក ម៉ៃ​ប៉ុ​មពី​អូ សង្ឃឹ​ថា​ចិន​នឹង​ពិចារណា​ក្នុង​ការគម្រាម​កំហែង តៃវ៉ាន់។

តៃវ៉ាន់​បាន​ធ្វើដំណើរ​រត់ចេញ​ពី​ដែន​កោះចិន​មក​រស់នៅ​ដោយ​ឯករាជ្យ​ជា​ខ្លួនឯង​នៅ​ឆ្នាំ១៩៤៩។ក្នុង​កែវភ្នែក​របស់​ប៉េកាំង​នៅតែ​ចាត់ទុកថា​កោះ​នេះ​ជា​ខេត្ត​មួយ​របស់​ចិន​ជានិច្ច។ប៉ុន្តែ៧១ឆ្នាំ​ហើយ​ចិន​លេប​តៃវ៉ាន់​មិនបាន គ៏​អាចម​កពី​អាមេរិក​និង ភាព​ខ្លាំង​របស់​បក្ស​កាន់អំណាច នៃ​ប្រធានាធិបតី​សាយ​អ៊ឹ​ងវិន​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.