លោក ស ខេង ថា​ការ​ដាក់​សាច់ញាតិ​ខ្លួន​ជា​មេ​ប៉ុស្តិ៍​នាំ​ឱ្យ​ប៉ះពាល់​ដល់​វិធានការ​ពង្រឹង​សន្តិសុខ​មូលដ្ឋាន​

ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ទទួលស្គាល់​ថា​មាន​ករណី​មន្ត្រី​របស់​លោក​ខ្លះ ប្រឹង​រក្សាទុក​តំណែង មេ​ប៉ុស្តិ៍ ឬនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សម្រាប់​ដាក់​សាច់ញាតិ​ខ្លួនឯង។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល ៥ឆ្នាំខាងមុខ​របស់​បណ្ឌិតសភា​នគរបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៧ ខែកក្កដា​លោក ស ខេង បាន​ក្រើន​រំឭក​មន្ត្រី​របស់​ខ្លួន​ឱ្យ​បញ្ឈប់ ការ​រក្សា​តំណែង មេ​ប៉ុស្តិ៍​ឱ្យ​សាច់​ញ្ញា​តិ​របស់​ខ្លួន​តទៅទៀត ព្រោះ​ទង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូប​នេះ ក៏​ទទួលស្គាល់​ដែរ​ថា​កន្លងមក​មាន​ករណី​រត់ការ ក្រោម​ហេតុផល​ថា​ផ្ញើ​សាច់ញាតិ​ខ្លួន​ដើម្បី​បាន​តំណែង​ជាម​ន្ត្រី​ប៉ូល​ិ​សប៉ុ​ស្តិ៍ ហើយក៏​ទាញ​សាច់ញាតិ​ខ្លួន​ទាំងនោះ​ចេញពី​មន្ត្រី​មូលដ្ឋាន​មក​បំពេញការងារ​នៅ​តាម​អង្គភាព​សាមី​មួយចំនួន ដែល​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នៅតែ​ប្រឈម​កង្វះ​មន្ត្រី​ធ្វើការងារ​ជូន​ពលរដ្ឋ​មូលដ្ឋាន។

បញ្ហា​ដាក់​សាច់ញាតិ​ខ្លួន​នៅក្នុង​តំណែង​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ មិនមែន​ជា​ការ​លើកឡើង​ថ្មី​នោះ​ឡើយ សម្រាប់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូប​នេះ ត្បិត​លោក​ក៏​ធ្លាប់​បាន​លើកឡើង​ជាច្រើន​សារ​ណាស់​មក​ហើយ ប៉ុន្តែ​លោក ស ខេង មិនបាន​ចាត់វិធានការ​ច្បាប់​ណាមួយ​ទៅលើ​ក្រុម​មន្ត្រី​ខិលខូច​ទាំងនោះ​ឡើយ ហើយ​បញ្ហា​នេះ​ក៏បាន​បន្ត​កើតមាន​មកទល់​ពេល​បច្ចុប្បន្ន។

ក្រុម​អ្នក​តាមដាន​សង្គម​ធ្លាប់​លើកឡើង​ថា ការ​ដាក់​សាច់ញាតិ​ខ្លួន ការ​ចំណាយ​លុយកាក់​ដើម្បី​បាន​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ ពិសេស​មន្ត្រី​នគរបាល​យុត្តិធម៌​ឬ​ប៉ូល​ិ​សនេះ ស្ទើរតែ​ក្លាយជា​ប្រពៃណី​វប្បធម៌​ទៅ​ហើយ​ក្នុង​សង្គម​កម្ពុជា ត្បិត​នៅពេល​មានកូន​អ្នកស្រុក​ណា​ម្នាក់​បាន​ចូល​ធ្វើ​ប៉ូល​ិ​សឬការងារ​រាជការ​នោះ គេ​តែង​សួរនាំ​និង​ជជែកគ្នា​អំពី​ការ​ចំណាយ​ក្រោម​ទុក ឬពឹង​សែស្រឡាយ​របស់​ពួក​គេ​ដើម្បី​បាន​តំណែង​ទាំងនោះ ទោះបី​មាន​រូបភាព​ប្រឡងប្រជែង​ខ្លះ​ក៏ដោយ ប៉ុន្តែ​រូបភាព​ប្រឡងប្រជែង​ខ្លះ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ។

កាលពី​ខែមករា អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញផ្សាយ​របាយការណ៍​មួយ​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ពុករលួយ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ទាត់ចោល។មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ពាក់ព័ន្ធ​បញ្ហា​តម្លាភាព ធ្លាប់​លើកឡើង​ថា​ពលរដ្ឋ​កម្ពុជា​បាន​រស់នៅ​ស៊ាំ​ទៅ​នឹង​អំពើពុករលួយ ហើយ​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​ក៏បាន​កើតឡើង​ជា​ប្រព័ន្ធ​ទៅទៀត។

បញ្ហា​នេះ ធ្វើ​ឱ្យ​វិបត្តិ​អំពើពុករលួយ កាន់តែ​ស្មុគ្រ​ស្មាញ គួបផ្សំ​នឹង​រដ្ឋាភិបាល​មិនដែល​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ចាត់វិធានការ​លើ​បញ្ហា​នេះ​ទៀត​នោះ ជាហេតុ​ធ្វើ​ឱ្យ​បញ្ហា​ពុករលួយ​ក្នុង​សង្គម​ខ្មែរ​កាន់តែ​ពិបាក​ដោះស្រាយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.