អ្នកជំនាញ​សេដ្ឋកិច្ច​ថាបើ​កម្ពុជា​មិន​ចាប់​យក​ឱកាស​និង​ពង្រឹង​ខ្លួនឯង​ទេ នោះ​កម្ពុជា​នៅតែ​ជា​ប្រទេស​ទទួល​លំហូរ​ទំនិញ​ពី​ចិន​ដដែល​

អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា បាន​លើកឡើង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ឬFTA ជា​ឱកាស​មួយ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ស្វែង​ទីផ្សារ​របស់​ខ្លួន​កាន់តែ​សម្បូរ​បែប​លើ​វិ​ស័យ​ផ្សេង​ៗ ជៀស​ជាង​ពឹងផ្អែក​តែ​ទៅលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​តែមួយ។

ក្នុង​វេទិកា​តុមូល​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ដែល​រៀបចំឡើង ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​នា​រសៀល​ថ្ងៃទី២៨ ខែកក្កដា អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក គី សិរី​វឌ្ឍន៍ មានប្រសាសន៍​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​នេះ ជា​ការស្វែងរក​ទីផ្សារ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​បន្ថែម​ទៀត។អ្នកជំនាញ​ដដែល​លើកឡើង​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​កាលពី​ឆ្នាំ២០១៩ មាន​ចំនួន​ជាង៨ពាន់​លាន​ដុល្លារ។

ក្នុង​នោះ កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ចិន​ក្នុង​ចំនួន​តិចតួច​នៅឡើយ គឺ​មាន​ប្រមាណ១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ចិន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​មាន​ចំនួន​ជាង៧ពាន់​លាន​ដុល្លារ ដោយសារ​កម្ពុជា​នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់ និង​បញ្ហា​នៃ​របាំង​ពន្ធគយ​លើ​ទំនិញ​ពី​កម្ពុជា​ជាដើម។លោក​លោក គី សិរី​វឌ្ឍន៍ បន្ត​ថា ពាណិជ្ជកម្ម​សេរី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ទំហំ​នាំចេញ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ឡើង​ប្រហាក់​ប្រហែលគ្នា​ឡើងវិញ ប្រសិនបើ​កម្ពុជា​ចេះ​ចាប់​ឱកាស និង​ចេះកែ​ច្នៃ​ធនធាន​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ ឬទៅ​ជា​ឧត្តមភាព​នៃ​ការប្រៀបធៀប។

លើស​ពីនេះ កម្ពុជា​ត្រូវ​បើក​ឱ្យ​ប្រទេស​ទីបី​ចូល​មក​វិនិយោគ ដើម្បី​ផលិត​ទំនិញ​នាំចេញ​ទៅ​ប្រទេស​ចិន បើពុំនោះសោត កម្ពុជា​នៅតែ​ជា​កន្លែង​បង្ហូរ​ទំនិញ​ពី​ចិន​ដដែល។អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បន្ថែម​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន អាច​ធ្វើឲ្យ​កម្ពុជា​ចាប់​យក​ឱកាស​ទៅ​វិ​ស័យ​ផ្សេង​ៗទៀត​ក្រៅពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់។

លើស​ពីនេះ កម្ពុជា​អាចប​ង្កើត​ការ​វិនិយោគ​កសិកម្ម​និង​វិ​ស័យ​កសិ​-ពាណិជ្ជកម្ម គឺជា​ឱកាស​ដែល ផ្តល់​ឱ្យ​កម្ពុជា​ធ្វើ​កសិ​ពាណិជ្ជកម្ម។ ជាមួយគ្នា​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរតែ​កែ​លម្អ​ច្បាប់ បទដ្ឋាន​គតិ​យុត្ត​នានា​ដែល​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​សេរី​នេះ ឱ្យ​កាន់តែ​ប្រសើរ​ឡើង។លោក​បន្ត​ថា កម្ពុជា​ត្រូវ​ពង្រឹង ឬកែ​លម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ពង្រឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ឬបច្ចេកវិទ្យា​ជាដើម បើ​មិន​ដូច្នេះ​ទេ ការផលិត​របស់​កម្ពុជា​នៅតែ​មានការ​រារាំង​ដដែល។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​អង្គារ៍​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុ​ភ័ក្រ្ត អះអាង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ពិសេស​ទំនិញ​របស់​កម្ពុជា​ស្ទើរតែ១០០​% ដែល​នាំទៅ​ចិន​នឹង​រួច​កាតព្វកិច្ច​បង់ពន្ធ​លើ​ទំនិញ​ប្រមាណ១ម៉ឺន​ប្រភេទ ខណៈ​កម្ពុជា​អនុញ្ញាត​សម្រុត​ពន្ធ​ពី​ចិន​ត្រឹមតែ៩០ភាគរយ​ប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី លោក​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មិន​អាច​ជំនួស​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប២០​% នោះ​ឡើយ ព្រោះ​ផលិតផល​ដែល​អឺរ៉ុប​សម្រេច​យកពន្ធ​ពី​កម្ពុជា គឺ​ប្រទេស​ចិន​គេ​បាន​ផលិត​ផង​ដែរ។ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្ដិ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ចុង ស្សាន (Zhong Shan​) បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​បញ្ចប់​ការចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​តាម​ប្រព័ន្ធ​វីដេអូ ខន​ហ្វ្រែន​(conference​)។

ប្រភព​ដដែល​បន្ត​ថា នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យូរអង្វែង​ជា​ប្រពៃណី ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។ក្រសួង​ឱ្យ​ដឹង​ថា ជា​ជំហាន​បន្ទាប់ ភាគី​ទាំងពីរ​នឹង​អនុវត្ត​នីតិវិធី​ផ្ទៃ​ក្នុង​រៀង​ៗខ្លួន ដើម្បី​ឈាន​ទៅចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ឆ្នាំ២០២០ នេះ ក្រោយពី​មានការ​ចរចា​ជា​ផ្លូវការ​តាំងពី​ខែមករា មក​ម្លេះ។

ការ​រុញច្រាន​កិច្ចចរចា​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យ​ចេញ​ជា​ផ្លូវការ​នេះ ក្រោយពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីសំណាក់​សហភាព​អឺរ៉ុប។ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃទី ១២ខែសីហា ខាងមុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​សម្រេច​នីតិវិធី​ជា​ផ្លូវការ​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ៤០ប្រភេទ​នៅពេល​នាំ​ទំនិញ​ចូល​ទៅ​ទឹកដី​អឺរ៉ុប ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ១រយ​លាន​ដុល្លារ អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។

ការសម្រេច​ដាក់ទណ្ឌកម្ម​ពីសំណាក់​សហភាព​អឺរ៉ុប​នេះ ក្រោយពេល​ពួក​គេ​រក​ឃើញថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ដើរខុស​ពី​លក្ខខណ្ឌ​ដែល​ព្រមព្រៀង​ជាមួយ​អឺរ៉ុប​ជា​ថ្នូរ​នឹង​ការ​នាំ​ទំនិញ​ទៅ​ទឹកដី​លោកសេរី​មួយ​នេះ​ដើម្បី​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​របស់​ខ្លួន។ប៉ុន្តែ​លោក សុខ សុ​ភ័ក្រ្ត បញ្ជាក់​ថា​ការ​ចង់​លក្ខខណ្ឌ​របស់​អឺរ៉ុប​លើ​បញ្ហា​ទាំងនេះ ដើម្បី​ទប់​លំហូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅពេល​ណា​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​សហគមន៍​របស់​ខ្លួន​ច្រើនពេក​តែប៉ុណ្ណោះ។

ក្រុម​អ្នកវិភាគ​បញ្ហា​សង្គម​យល់ឃើញ​ថា កម្ពុជា​នៅ​មានឱកាស​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​នេះ​ពី​អឺរ៉ុប ប្រសិនបើ​រដ្ឋាភិបាល​គិតគូរ​ប្រយោជន៍ជាតិ និង​រាស្ត្រ ធំជាង​ប្រយោជន៍​អំណាច​របស់​ខ្លួន​ត្បិត​កូន​សោរ​គន្លឹះ​សំខាន់​សម្រាប់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ គឺ​ស្ថិតនៅ​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន តែប៉ុណ្ណោះ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.