មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​ការ​លុប​បឹងទំពុន​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង១លាន​នាក់ ជា​រឿងប្រឌិត​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បង្ហាញថា​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ជាង១លាន​នាក់​រង​ផល​ប៉ះ​ពាល​ដោយ​ទឹកជំនន់ ពីព្រោះ​តែ​ការ​លុប​បឹង​ធម្ម​ជា​តិ​ធំៗ​នៅ​ភ្នំពេញ ក្រោម​ស្លាក​នៃ​ការ​អភវិ​ឌ្ឍ​ន៍។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃទី២៨ខែកក្កដា នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន មានប្រសាសន៍​ថា​ការ​ចេញ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជុំវិញ​របាយការណ៍​របស់​ពួក​គេ អំពី​បញ្ហា​លុប​បឹងទំពុន​ឬបឹង​ជើងឯក ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់​នៅ​ក្រុងភ្នំពេញ ជា​ការ​ប្រឌិត​ឡើង និង​ជារ​បាយ​ការណ៍​បោកប្រាស់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចេញ​របាយការណ៍​នេះ​ទៀតសោត ហាក់ដូចជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ​មួយ​ជាមួយ​បណ្តាញ​នៅ​ក្រៅប្រទេស ដើម្បី​បំភ្លៃ​ការពិត​នៅ​កម្ពុជា។

ប៉ុន្តែ​លោក​ផៃ ស៊ី​ផាន មិនបាន​បង្ហាញ​ការពិត ឬមាន​របាយការណ៍​របស់​ខ្លួន​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ដើម្បី​ឆ្លើយតបទៅនឹង​អ្វី​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​នោះ​ឡើយ។លើស​ពីនេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ក៏​មិនបាន​បង្ហាញ​ពី​ចំណាត់ការ​ច្បាប់​ចំពោះ​ក្រុម​អង្គការ​ដែល​លោក​ចោទ​ថា​បាន​បំភ្លៃ​ការពិត​នោះ​ដែរ។

កាលពី​ថ្ងៃទី២៧ខែកក្កដា អង្គការ​សង្គម​ស៊ីវិល​ចំនួន៤រួមមាន​អង្គការ​លី​កាដ​ូ (LICADHO​) បណ្តាញ​យុវជន​កម្ពុជា (CYN​) អង្គការ​សមធម៌​កម្ពុជា (EC​) និង​អង្គការ​សមាគម​ធាងត្នោត (STT​) បាន​ចេញ​របាយការណ៍​រួមគ្នា​មួយ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​ឬបឹង​ជើងឯក ដើម្បី​បញ្ចៀស​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ។

របាយការណ៍​ថ្មីនេះ រក​ឃើញថា​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​តំបន់​បឹងទំពុន ឬបឹង​ជើងឯក នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​នឹង​ទឹកជំនន់ ព្រមទាំង​ធ្វើ​ឱ្យ​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ការបាត់បង់​ប្រាក់ចំណូល និង​អសន្តិសុខ​ស្បៀង រំលោភសិទ្ធិ​មនុស្ស ខណៈ​ដែល​គម្រោង​អភវិ​ឌ្ឍ​ន៍ អាយ អិន ជី ស៊ី​ធី (ING City​) និង គម្រោ​ងផ្សេង​ៗទៀត​បាន ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន ឬជើងឯក​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​កាលពី​ខែធ្នូ ឆ្នាំ២០១៩ បាន​រក​ឃើញថា​បឹង​និង​តំបន់ដីសើម​នៅ​ក្រុងភ្នំពេញ​ចំនួន២៦ ត្រូវ​បាន​លុប​ដោយ​ផ្នែក​និង​លុប​ទាំងស្រុង​ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ ក្រោម​ស្នា​កអភិវឌ្ឍន៍ និង​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.