កម្មករ​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​

កម្មករ​ជាច្រើន​រយ​នាក់​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត នា​រាជធានី​ភ្នំពេញ បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ ខណៈ​ការស្វែងរក​កិច្ច​អន្តរាគមន៍​របស់​ក្រុម​កម្មករ​ពីសំណាក់​ប្រមុខ​រដ្ឋាភិបាល​រង​ការរារាំង​ពី​ក្រុម​អាជ្ញាធរ​ជាច្រើនលើក​ច្រើន​សារ។ក្រុម​កម្មករ រោងចក្រ វ៉ា​យអូ​លែ​ត បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃទី២៩ ខែ កក្កដា​នេះ នាំគ្នា​តវ៉ា​ដោយ​ឈរ​លើក​បដា និង​រូបថត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅមុខ​វត្ត​បុ​ទុម​វតី ក្បែរ​ដើមពោធិ៍ ជា​កន្លែង ដែល​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន តែង​ទទួលយក​ញត្តិ​ពី ពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេង​ៗកន្លងមក។

ក្រុម​កម្មករ​ដែល​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​ហ៊ុន សែន ពេលនេះ​អះអាង​ថា​ពួក​គេ​មករ​កកិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ជាថ្មី​ទៀត​នេះ ដោយសារ​ពួក​គេ​មិន​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​របស់ក្រ​សួង​ការងារ​ឡើយ ខណៈ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​កាន់តែ​ពិបាក​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។ ក្នុង​ញត្តិ​នៅ​ថ្ងៃនេះ ក្រុម​កម្មករ​ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​លុបចោល​លិខិត​របស់ក្រ​សួង​ការងារ​លេខ២៩៥ ដែល​បាន​ធ្វើការ​បកស្រាយ​ច្បាប់​ពាក់ព័ន្ធ​ការ​ទូទាត់ប្រាក់​សងជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​ជាមុន។ញត្តិ​ដដែល​នេះ​ក៏​ស្នើ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​សំណង​ជូន​កម្មករ​ទៅតាម​ផ្លូវច្បាប់​ចំនួន៤ចំណុច មាន​ប្រាក់​ជូនដំណឹង ប្រាក់​ដំណាច់ឆ្នាំ ប្រាក់​អតីតភាព​ការងារ និង​ប្រាក់សំណង​ជំងឺចិត្ត​ក្រោយ​រោងចក្រ​ប្រកាស​បិទទ្វារ​ដោយ​មិនបាន​ជូនដំណឹង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

ក្រុម​កម្មករ​ក៏​ស្នើ​ឱ្យ​ថៅកែ​ទូទាត់ប្រាក់​សម្រាក​មាតុភាព ប្រាក់បង់​បេឡា​សន្តិសុខ​សង្គម ឬហៅ​ថា​បសស និង​ប្រាក់៥ថ្ងៃ​ដែល​កម្មករ​ធ្វើការងារ​ថ្ងៃចូលឆ្នាំ​ខ្មែរ​ដែល​ថៅកែ​នៅ​ជំពាក់ និង​ស្នើ​ឱ្យ​ក្រសួងការងារ​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​របស់​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​បន្ត​ផង​ដែរ។មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន បាន​ទទួលយក​ញត្តិ​ពី​ក្រុម​កម្មករ ហើយ​ថា​នឹង​ឆ្លើយតប​កម្មករ​វិញ​នៅពេល​ក្រោយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ស្នើ​ទៅ​ប្រន​មុខ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​កម្មករ វ៉ា​យអូ​លែ​ត ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​នឹង​បញ្ហា​ប្រឈម​របស់​កម្មករ​ពិតប្រាកដ​នោះ។កាលពី​ថ្ងៃទី២៣ ខែកក្កដា កម្មករ​រាប់​រយ​នាក់​របស់​រោងចក្រ វ៉ា​យអូ​លែ​ត បា​នប្រ​ផ្តុំគ្នា​តវ៉ា​មុខក្រសួង​ការងារ​និង​បន្ត​ដើរ​ហែ​ក្បួន​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រួច​ម្តង​ហើយ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.