កម្ពុជា​រក​ឃើញ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩​

កម្ពុជា រក​ឃើញ មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជា​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត បាន​ឆ្លង​វីរុស​កូ​វីដ១៩ ក្រោយពេល​ទទួល​បាន​លទ្ធផល​តេ​ស្ត​វិជ្ជមាន​ជំងឺ​នេះ​កាលពី​ថ្ងៃម្សិលមិញ។សេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃទី៣០ ខែកក្កដា ឱ្យ​ដឹង​ថា បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត ដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឆ្លង​កូ​វីដ១៩នោះ ជា​អ្នក​បាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី១៥ ខែកក្កដា ក្នុងចំណោម​អ្នកដំណើរ៩១នាក់​ផ្សេងទៀត។

ក្រសួង​បន្ត​ថា មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​រូប​នោះ ទទួល​បាន​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ១៩ កាលពី​ថ្ងៃទី២៩ ខែកក្កដា ដែល​ជា​ថ្ងៃ​ធ្វើ​ចត្តាឡីស័​ក ឬដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ដល់​ត្រឹម​ថ្ងៃទី១៣ ទៅ​ហើយ។ក្រសួង​បញ្ជាក់​ថា អ្នកជំងឺ​បាន​ដាក់​នៅក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ព្យាបាល​ដោយ​គ្រូពេទ្យ អាមេរិក​នៃ​ស្ថានទូត​មួយ​នេះ។

 ការ​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ១៩ លើ​មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ អាមេរិក រូប​នេះ ស្រប​ពេល​ក្រសួង​បញ្ជាក់​ថា មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក​ម្នាក់ ក្នុងចំណោម២នាក់​ផ្សេងទៀត ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ១៩ បាន​ព្យាបាល​ជាសះស្បើយ​ផង​ដែរ។

ដោយឡែក​នៅ​ថ្ងៃនេះ​ក្រសួង​ប្រកាស​ថា អ្នកជំងឺ​ចំនួន៨នាក់​ថ្មីទៀត បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ដែល​មាន​ជនជាតិ​ខ្មែរ៧នាក់ និង​ស្ត្រីជន​ជាតិ​អាមេរិកាំង​ម្នាក់ ជាម​ន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​នោះ។គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ សរុប​ចំនួន ២៣៤នាក់ ដោយ​ជំងឺ​ចំនួន១៦២នាក់ ព្យាបាល​ជាសះស្បើយ​និង​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ។ 

ដោយឡែក​អ្នកជំងឺ​ចំនួន៧០នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មាន​ពីរ​នាក់​ទៀត​ដែល​ជាម​ន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​កំពុង​សម្រាក​ព្យាបាល​ក្នុង​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.