សកម្មជន​បរិស្ថាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​ជាបន្ទាន់

សកម្មជន​ស្រលាញ់​បរិស្ថាន បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​វាសនា​បឹង​ធម្ម​ជា​តិ​ធំៗ ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ត្រូវ​បាន​លុប​ជា​បន្ដ​បន្ទាប់ ហើយ​បញ្ហា​ប្រឈម​មួយចំនួន​ក៏​កំពុង​កើតមានឡើង​ជាហូរហែ​ផង​ដែរ។

ថ្លែង​ក្នុង​វីដេអូ​ប្រវែង​ជាង២នាទី ដែល​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​ចលនា​មាតា​ធម្មជាតិ នៅ​ល្ងាច​ថ្ងៃទី៣០ខែកក្កដា ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​ឬបឹង​ទំនប់​កប់​ស្រូវ ព្រមទាំង​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​ផ្សេងទៀត​ជាបន្ទាន់។

យុវជន​ក្នុង​វីដេអូ​នោះ​បន្ត​ថា ការ​កាត់​ផ្ទៃ​បឹង​តា​មោក ឬ បឹង​ទំនប់​កប់​ស្រូវ​ជា​បន្ដ​បន្ទាប់ ដើម្បី​លុប​យក​មក​អភិវឌ្ឍន៍ របស់​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ ការ​ព្រួយបារម្ភ​នោះ គឺ​ចំពោះ​បញ្ហា​មួយចំនួន​ដូចជា ការ​ជន់​លិច​ក្រុង​ដោយសារ​ទឹកភ្លៀង បញ្ហា​ខ្វះ​អាង​ស្ដុក​ទឹក​ដ៏​សំខាន់ ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​កំពុង​អាស្រ័យផល​លើ​បឹង​នេះ រួម​ជាមួយ​បញ្ហា​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវៈ​ចម្រុះ ព្រមទាំង​បញ្ហា​ជាច្រើន​ផ្សេងទៀត។

បឹង​តា​មោក ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​ដាក់ជា​ទ្រព្យសម្បត្តិ​សាធារណ​របស់​រដ្ឋ​កាលពីដើម​ឆ្នាំ២០១៣ មាន​ទំហំ​ជាង៣ពាន់​ហិ​កតា ប៉ុន្តែ​ក្រុម​យុវជន​អះអាង​រយៈពេល​ជាង២ឆ្នាំ​ប៉ុណ្ណោះ​ផ្ទៃ​បឹង​នេះ​រង​ការ​កាត់ចេញ​ទៅ​ឱ្យ​រដ្ឋ និង​ឯកជន​ក្រោម​ស្លាក​អភិវឌ្ឍ ដែល​យល់ព្រម​ដោយ​លោក​ហ៊ុន សែន ផ្ទាល់ មាន​ទំហំ​ជាង៥រយ​ហិ​កតា​រួច​ទៅ​ហើយ។

ច្បាប់​ភូមិបាល​ចែងថា​ទ្រព្យសម្បត្តិ​សាធារណ​របស់​រដ្ឋ​មិន​អាច​លក់ ឬដូ​បាន នៅពេល​ទ្រព្យសម្បត្តិ​សាធារណ​របស់​រដ្ឋ​ទាំងនោះ លែង​បម្រើ​ប្រយោជន៍​ឱ្យ​សាធារណ​តទៅទៀត។ 

កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រុម​អង្គការ សមាគម​ចំនួន៤ បាន​ចេញ​របាយការណ៍​រួមគ្នា​មួយ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​លុប​បឹងទំពុន ឬបឹង​ជើងឯក ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ជាង១លាន​នាក់​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។ លើស​ពីនេះ ពលរដ្ឋ​ជាង១ពាន់​គ្រួសារ​ទៀត​នឹង​រង​ការ​បណ្តេញ​ចេញ បាត់បង់​មុខរបរ និង​អសន្តិសុខ​ស្បៀង ខណៈ​ដែល​គម្រោង​អភវិ​ឌ្ឍ​ន៍ អាយ អិន ជី ស៊ី​ធី (ING City​) និង គម្រោ​ងផ្សេង​ៗទៀត​បាន ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន ឬជើងឯក​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ។

របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការបាត់បង់​បឹងទំពុន៖ ការ​វាយ តម្លៃ​ហេតុផល ប៉ះពាល់​សង្គម និង​សិទ្ធិមនុស្ស​ពី​ការ​បំផ្លិច​បំផ្លាញ​តំបន់​បឹងទំពុន ឬជើងឯក។ របាយការណ៍​នេះ បាន​រក​ឃើញថា​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​ទំនងជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹងទំពុន ឬជើងឯក ដោយ​គម្រោង​អភិវឌ្ឍ​របស់ ក្រុមហ៊ុន អាយ អិន ជី ហូល​ឌីង (ING Holdings​) និង​សាជីវកម្ម​ឯក​ជន​ផ្សេង​ៗទៀត រួមមាន​ក្រុមហ៊ុន ជីប​ម៉ុង អ៊ី​អន​ម៉ល អ័រ​គី​ដេ​វីឡា និង​បុរី​ប៉េង​ហួត ជាដើម​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.