អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​អាណោចអាធ័ម ជាង​ទសវត្សរ៍​ទី៨០ ប្រសិនបើ​ប្រទេស​លោកសេរី​នៅតែ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួយ​

អ្នកឃ្លាំមើល​និយាយ​ថា​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត បូក​ផ្សំនឹង​ការគ្រប់គ្រង​បែប​របប​វៀតណាម៥០​% និង​ការគ្រប់គ្រង​ដោយ​ចិន​កុម្មុយនីស្ត ៥០​%។អ្នកវិភាគ​នយោបាយ​សង្គម​លោក គឹម សុខ បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា ប្រសិនបើ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ មិន​នាំគ្នា​ចូល​ធ្វើសកម្មភាព​ក្នុង​ស្រុក ក្នុង​កម្លាំង​រួបរួម ហើយ​នៅតែ​ឆ្លើយ​តប​សើៗ​ល្វើយ​ៗ លំៗ ពីក្រៅ​ប្រទេស​ដូច​បច្ចុប្បន្ន នោះ​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត។ លោក​បន្ត​ថា ប្រសិនបើ​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុបEU ឬជប៉ុន​ជាដើម​នោះ នៅតែ​បង្ហាញ​ប្រតិកម្ម​ស្ទា​ក់​ស្ទើរ​ៗទៅលើ​ការដឹកនាំ​របស់​លោក​ហ៊ុន សែន នោះ​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​ពេលណា​ទាំងអស់។អ្នកវិភាគ​រូប​នេះ​ថា ពួក​ឈ្មួញ ឬក្រុម​ល្មោភ​អំណាច អាច​បំភ្លៃ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​របស់​ពួក​គេ លើ​មាគ៌ា​បំផ្លាញ​ជាតិខ្មែរ ក្រោម​ឈ្មោះ​រដ្ឋធម្មនុញ្ញ​របស់​ប្រជាជាតិ​អធិបតេយ្យ​មួយ ដែល​ចោរ​ធំ​ពិតប្រាកដ​មិន​ចាំបាច់​ចេញមុខ សម្ញែង​សាច់ដុំ​ដូច​កាលពី​អតីតកាល​នោះ​ឡើយ។

ទោះបីជា​យ៉ាងនេះ​ក្តី លោក​ហ៊ុន សែន និង​មន្ត្រី​របស់​លោក​តែង ចេញមុខ​ប្រកាស​ថា​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ ក្រោម​លេស​នៃ​ការអនុវត្ត​ច្បាប់ ពង្រឹង​នីតិរដ្ឋ ហើយ​គ្មាន​ការ​ជ្រៀតជ្រែក​ពីរ​ដ្ឋ​បរទេស​នោះ​ឡើយ។

កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី៧៣នៃ​ទិវា​យុទ្ធជនពិការ​-យុទ្ធជន​ពលី​វៀតណាម ។នា​ឱកាស​គោរព​វិញ្ញាណក្ខន្ធ អ្នកជំនាញ​ការ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​យុទ្ធជន​បដិវត្ត​កម្ពុជា ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​កា​ពារ​ជាតិ លោក វ៉ូ ក្វាង មិញ ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​អះអាង​ពី​គុណបំណាច់​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ឱ្យ​រួចផុត​ពី​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ១៩៧៩ ហើយ​លោក​ថា​បច្ចុប្បន្ន​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ដ៏​ស៊ីជម្រៅ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។ 

ទោះបីជា​វៀតណាម​អះអាង​ពី​ការ​ពង្រឹង​សាមគ្គីភាព និង​ភាពជា​បងប្អូន​ម៉ឺន​ឆ្នាំ​សចំពោះ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​កាយវិការ​របស់​ខ្លួន ដែល​ធ្វើ​ដាក់​កម្ពុជា​កន្លងមក​ហាក់​ផ្ទុយពី​ការពិត។ជាក់ស្តែង​ការ​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​ត្រូវ​មើលថែ​ពលរដ្ឋ​ខ្លួន​និង​ផ្តល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ចប់។ការប្រកាស​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា​ក្នុង​វិបត្តិ​កូ​វីដ១៩ ដោយ​ឯកតោភាគី មិនបាន​ជូនដំណឹង​មក​កម្ពុជា​ឱ្យ​ដឹង​ជាមុន ការ​បោះតង់​ជិត៣០០កន្លែង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ដែល​ភាគច្រើន​ជាទី​តាំង​មិនទាន់​ឯកភាព​គ្នា​ក្រោម​លេស​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ព្រមទាំង​បញ្ហា​ជាច្រើន​ផ្សេងទៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.