ក្រុម​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញថា​រយៈពេល​ប្រមាណ១ឆ្នាំ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង

អង្គការ​សិទ្ធិមនុស្ស ចំនួន៣ នៅ​កម្ពុជា បាន​រក​ឃើញថា សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សិទ្ធិ​សេរីភាព​ក្នុង​ការបង្កើត​សមាគម ក្នុងរយៈពេល​ប្រមាណ១ឆ្នាំ​ចាប់ពី​ខែមេសា ឆ្នាំ២០១៩ ដល់​ខែមីនា​ឆ្នាំ២០២០ បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។ការ​អះអាង​ថា​នេះ ធ្វើ​ងឡើង​ក្នុង​របាយការណ៍​ឃ្លាំមើល​សិទ្ធិមនុស្ស​រួមគ្នា សម្រាប់​ឆ្នាំទី៤ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃម្សិលមិញ ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC​) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center​)។

 ក្រុម​អង្គការ​ដែល​ធ្វើការងារ​ផ្នែក​សិទ្ធិមនុស្ស​ទាំងនេះ​អះអាង​ថា ការ​បន្ត​ធ្លាក់ចុះ​នេះ ដោយសារតែ​រដ្ឋាភិបាល និង​អាជ្ញាធរ បង្កើន​ការ បង្ក្រាប​ទៅលើ​សំឡេង​រិះគន់​ឥត​ឈប់ឈរ ពិសេស​ការ​បង្ក្រាប​ទៅលើ​បក្ស​ប្រឆាំង​កាន់តែ​អាក្រក់​ថែមទៀត។របាយការណ៍​នេះ​រក​ឃើញថា រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅតែ​គាបសង្កត់ រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ​ទូទៅ ក្រោម​លេស​នៃ​ការអនុវត្ត​ច្បាប់ និង​ការ​រក្សា​សន្តិសុខ សណ្តាប់​ធ្លាប់​សាធារណៈ​ជាដើម។ 

យ៉ាងនេះ​ក្តី​ពួក​គេ​ថា សេរីភាព​សមាគម សេរីភាព​ខាង​ជួបជុំ និង​សេរីភាព​បញ្ចេញមតិ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការអនុវត្ត​សិទ្ធិមនុស្ស​ទាំងអស់ ហើយ​មាន​សារៈសំខាន់​បំផុត​សម្រាប់​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ។ប៉ុន្តែ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ ១៣០ទំព័រ លើកឡើង​ទៀត​ថា ដោយសារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ជាតិ និង​ច្បាប់អន្តរជាតិ​នេះ រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ពលរដ្ឋ ស្ទើរ​លែង​ហ៊ាន​បញ្ចេញមតិ​អ្វី​ទាំងអស់ ជាពិសេស​បញ្ហា​អសកម្ម​របស់ រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន។ 

ប្រភព​ដដែល​សង្កេតឃើញ​ថា ចន្លោះ​ពី​ខែមេសា ឆ្នាំ២០១៩ ដល់​ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​បិទ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ២ដង។ ទី១ ពាក់ព័ន្ធ​គម្រោង​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៩ និង​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឲ្យ​និយាយ​ពី​ការ​បារម្ភ ឬបញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីដ១៩ ផង​ដែរ។

យ៉ាងនេះ​ក្តី ប្រាប់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VODនៅ​ថ្ងៃនេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ច្រានចោល​របាយការណ៍​នេះ ព្រោះ​លោក​ថា​គ្មា​អ្វី​ថ្មី និង​ខ្វះ​មូលដ្ឋាន​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​វាយតម្លៃ​បែប​លម្អៀង និង​មិន​ឆ្លុះបញ្ចាំង​ពី​យន្តការ​ច្បាប់​នៅ​កម្ពុជា។នេះ​មិនមែន​ជារ​បាយ​ការណ៍​លើក​ទី១ឡើយ ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ច្រានចោល ប៉ុន្តែ​របាយការណ៍​វាយតម្លៃ​ពី​ការ​ធ្លាក់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ របាយការណ៍​អំពី​ពុករលួយ និង​របាយការណ៍​ផ្សេងទៀត​ដែល​ចេញ​ដោយ​អង្គការ​ជាតិ​និង​អន្តរជាតិ​កន្លងមក មន្ត្រី​ជាន់​រដ្ឋាភិបាល​ក៏​តែង​បដិសេធ​មិន​ចេះ​ចប់។ 

ទោះបីជា​មានការ​បដិសេធ​បែបនេះ​ក្តី ប៉ុន្តែ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ សហភាព​អឺរ៉ុប​នឹង​បន្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​របស់​ខ្លួន​ពី​កម្ពុជា នៅ​ត្រឹម​ថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ការសម្រេច​របស់​អឺរ៉ុប​រហូតដល់​ដំណាក់កាល​នេះ ដោយ​ពួក​គេ​បាន​រក​ឃើញ​ពី​ការបំផ្លាញ​មូលដ្ឋាន​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភសិទ្ធិ​មនុស្ស សិទ្ធិ​ការងារ​ជា​ប្រព័ន្ធ ពីសំណាក់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។បន្ថែម​ពីនេះ ការ​រក​ឃើញថា​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​មិនបាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើយ នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​ខ្លួន​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា បើ​ទោះបីជា​អឺរ៉ុប​បាន​ផ្តល់​ឱកាស​សម្រាប់​រដ្ឋាភិបាល​លោក​ហ៊ុន សែន កែខ្លួន​ម្តង​ជា​ពីរ​ដង​ក៏ដោយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.