ពលរដ្ឋ ខេត្តតាកែវ​-កំពត ស្នើ​ដល់​លោក ហ៊ុន សែន មាន​វិធានការ​ទៅលើ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ដែល​គំរាម​ថា​នឹង​បញ្ជូន​កូនចៅ​ទៅ​បាញ់សម្លាប់​ពលរដ្ឋ​ប្លន់​យក​ដី​

តំណាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត បាន​សំណូមពរ​ដល់ លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​សក្ម​ភាព របស់​លោក​មេបញ្ជាការ នៃ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ និង​បក្ខ​ពួក ដែល​បាន​ប្រើ​កម្លាំង​កងទ័ព​ប្រដាប់ដោយ​អាវុធ មក​ហ៊ុំ​មព័ទ្ធ​របង​បន្លា​លួស រំលោភ​យក​ដី​បង្កបង្កើនផល​របស់​ពួក​គាត់ និង​រំលោភ​ដី​សម្រាប់​ធ្វើ​រោងបុណ្យ​មុខ​បរិវេណ​វត្តអារាម ហើយ​ថែមទាំង​បាន​គម្រាម​ប្រើ​អាវុធ ដើម្បី​ផ្តាច់​ជីវិត​ពលរដ្ឋ ដែល​ហ៊ាន​ងើបមុខ​តវ៉ា។ 

ពលរដ្ឋ​បន្ត​ថា ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ខាងលើ​នេះ គឺ​មាន​ទីតាំង​ឈរជើង​ប្រចាំការ​នៅចន្លោះ​ព្រំប្រទល់​ខេត្តតាកែវ​-កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ត្រង់​ចំណុច​សាកល​វិទ្យាល័យ​ភូមិន្ទ កាលពី​សម័យ​សង្គម​រាស្ត្រនិយម។ ប្រភព​ដដែល​បន្ត​ថា ទីតាំង​ត្រូវ​កងកម្លាំង​យោធា​ខាងលើ ប៉ុនប៉ង​រំលោភ​យក​នេះ គឺ​ប្រជាពលរដ្ឋ​មួយចំនួន ធ្លាប់​បាន​ធ្វើស្រែ​បង្កបង្កើនផល និង​រស់​អាស្រ័យផល​លើ​ដី​នោះ​រាប់​សិប​ឆ្នាំ​មក​ហើយ។ 

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត អះអាង​ថា​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ឈរជើង​ប្រចាំការ​នៅ​ជាប់​ផ្លូវជាតិ​លេខ៣ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្តតាកែវ​-កំពត ដែល​គំរាម​ប្រើ​កម្លាំង​កងទ័ព​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ពួក​គាត់ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​យក​ដី​ទីធ្លា​សម្រាប់​ធ្វើបុណ្យ​មុខ​ផ្លូវចូល​វត្ត​, ស្រះទឹក និង​ដី​កសិកម្ម​ពលរដ្ឋ​ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់។

 រហូត​មកទល់​ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ អភិបាលស្រុក​ឈូក និង​លោក ជាវ តាយ អភិបាលខេត្ត​កំពត មាន​ចំ​ណា​ត់​របែ​បណា ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។ បន្ថែម​លើ​នេះ The Cambodia Daily ក៏​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង លោក​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ដែល​បាន​បញ្ជា​កម្លាំងយោធា​ក្រោម​ឱវាទ ទៅ​ហ៊ុំ​ព័ទ្ធ​របង​រំលោភ​យក​ដីធ្លី របស់​ប្រជាពលរដ្ឋ បានទេ​នៅ​ល្ងាច​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។ ដោយឡែក លោក ជាវ តាយ អភិបាលខេត្ត​កំពត ក៏​មិនទាន់​អាច​ទាក់ទង ដើម្បី​ស្នើការ​បំភ្លឺ​បាន​នៅឡើយ​ដែរ។ 

យ៉ាងនេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក និង​ឃុំ​ជ្រេ​ស ស្រុក​ជុំ​គិរី ខេត្តកំពត បាន​អះអាង​ថា នឹង​ធ្វើការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​ព្រឹក​ថ្ងៃទី៣១ ខែកក្កដា ស្អែកនេះ​បន្ថែម​ទៀត ដើម្បី​ទាមទារ​ដី​កសិកម្ម របស់​ប្រជាពលរដ្ឋ​, ទាមទារ​ទី​ធ្លា​រមុ​ខបរិវេណ​វត្តអារាម និង​ស្រះទឹក ដែល​ជា​កេរ្តិ៍​តំណែ​លសល់ពីសង្គម​រាស្ត្រនិយម ទុកជា​សម្បត្តិ​សាធារណៈ របស់​រដ្ឋ ដែល​អាច​បើកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយសេរី​ដូច​ពេលមុន​វិញ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.