មេ​បក្ស​ប្រឆាំង​ធំជាង​គេ នៅ​ម៉ាឡេស៊ី​ថា​សន្លឹកឆ្នោត​ទម្លាក់​លោក​ណា​ជីប​នាំ​អោយ​តុលាការ​រក​កំហុស បុរស​នេះ​ឃើញ​ពី​បទ​លួច​ទ្រព្យសម្បតិ្ត​ជាតិ

មេ​បក្ស​ប្រឆាំង​ធំជាង​គេ​នៃ​ប្រទេស​ម៉ាឡេស៊ី លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម បាន​ហៅ​សាលក្រម​របស់ តុលាការ​ជាន់ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​ផ្ដន្ទាទោស អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជី​បរ៉ាហ្សា​ក់ គឺជា​ការ​វាយបំបាក់ ប្រព័ន្ធ​ពុករលួយ​នៃ​ក្រុម​មន្ត្រី​ដែល​កាន់អំណាច​ដើម្បី​តែ​លួច​ទ្រព្យសម្បត្តិ​របស់​ជាតិ​ហើយ​ជា​ជោគជ័យ​នៃ​សន្លឹកឆ្នោត​របស់​ប្រជាជន​ទម្លាក់​លោក​ពី​អំណាច​នៅក្នុង​ពេល​នៃ​ការបោះឆ្នោត​សភា កាលពី​ឆ្នាំ២០១៨។

បើ​តាម​លោក​អាន់​វ៉ា បាន​ហៅ​សាលក្រម​កាត់ទោស​លោក​ណា​ជីប ថា ជា​ក្ដី​សង្ឃឹម ឡើងវិញ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី ដែល​នឹង​ត្រៀម​ទម្លាក់​ពួក​មន្ត្រី​ពុករលួយ​ថែម​នៅក្នុង​ការបោះឆ្នោត ខាងមុខនេះ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន CNBC បាន​ចុះផ្សាយ​ដោយ​សំ​រង់​សម្ដី​លោក​អាន់​វ៉ា​ថា ៖ព្រឹត្តិ​ការណ៍​នេះ ពិតជា​នាំមក​នូវ​ក្ដី​សង្ឃឹម​ឡើងវិញ សម្រាប់​ប្រជាជន​ម៉ាឡេស៊ី ដែល​កន្លងមក​ពួក​គេ​ភាគច្រើន ធុញ​ធប់​នឹង​បរិ​កាស​នយោបាយ ដែល​មិន​មានការ​វិវត្តន៍​ថ្មី ប៉ុន្តែ​នៅពេល​នេះ គឺ​ផ្លាស់ប្ដូរ​ហើយ ដែល​ទីបំផុត​សំឡេង​របស់​ប្រជាជន​ប្រឆាំង​ពួក​ពុក​រលួច​ផ្ដាច់ការ គឺ​ត្រូវ​បានឮ​រំពង​ហើយ។

អ្នកសង្កេតការណ៍ និង​អ្នកវិភាគ​មួយចំនួន យល់ថា ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ណា​ជីប ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ រហូត​មាន​សាលក្រម​ដូចនេះ គឺជា​ព្រឹត្តិ​ការណ៍​កម្រ​នឹង​កើតមាន​នៅ​រាជាណាចក្រ​នេះ និង​តំបន់​អាស៊ី​អា​គ្នេយ៌ ដែល​ការពិត សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ពុករលួយ របស់​មេដឹកនាំ​ក្នុង​តំបន់។ ពេលនេះ វា​ពិតជា​មានការ​ប្រែប្រួល ហើយ​សង្ឃឹមថា មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​នេះ​នឹង​បើក ភ្នែក​សំឡឹង​មើល​រាជាណាចក្រ​ម៉ាឡេស៊ី​ដែល​កំពុង​ជឿនលឿន​អំពី​ការ​ប្រឆាំង​អំពើពុករលួយ។

អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ត្រូវ​បាន​តុលាការ​រក​ឃើញថា​មានទោស​កំហុស​ទាក់ទង​នឹង​ការផ្ទេរ​លុយ​ប្រមាណ ៩លាន ៨សែន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែល​ជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ចូល​ទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​លោក​ក្នុង​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៥។

ទោស​របស់​លោក ណា​ជីប ទាំង៧ករណី មាន​ដូចជា​ការបំពាន​ទំនុកចិត្ត ៣ករណី បទល្មើស​លាងលុយកខ្វក់​ចំនួន៣ករណី និង​បទល្មើស​រំលោភ​អំណាច១ករណី។ 

លោក ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក១២ឆ្នាំ និង​ពិន័យ​លុយ​ជាង ៤៩,៤លាន​ដុល្លារ។ ប៉ុន្តែ​ចៅក្រម​ជំនុំជម្រះ​ក្ដី បាន​ប្រកាស​ថា បើ​បូកសរុប​ទោស ទាំង៧ករណីនេះ គឺ​មានទោស​ដល់ ៧២ឆ្នាំ ដែល​លោក​ណា​ជីប​មាន​ជាប់នឹង​ខ្លួន ប៉ុន្តែ​គោលការណ៍​ច្បាប់ គឺ​កំណត់​យកទោស​ដែល​ធំជាង​គេ​មក​អនុវត្ត​តែប៉ុណ្ណោះ។ 

យ៉ាងណា លោក​ណា​ជីប​នឹង​ប្រឈម​នឹង​បទ​ចោទ២ករណី​ទៀត ដែល​នាំ​អោយ​លោក​អាច​មានទោស ២០ឆ្នាំ​ឡើង​ទៅ។

មិនថា​ឡើយ​តែ​លោក​ណា​ជីប​ម្នាក់​នេះ​ទេ រង​ការ​ផ្ដន្ទាទោស ក្នុង​បទ​ចោទ​អំពើពុករលួយ គឺ​នៅ​មានកូន កូ​នប្រ​សារ ភរិយា​របស់​លោក និង​អតីត​សមាជិក​គណៈរដ្ឋ​មន្ត្រី​ជាច្រើន​ទៀត​របស់​លោក ក៏​មាន​ក្នុង​ដីការ​ហាមឃាត់​ការ​ចាកចេញ​ពី​ប្រទេស​ដែរ។ 

ក្រុម​សមាជិកសភា បក្ស​ប្រឆាំង កំពុង​គាបសង្កត់​នាយក​រដ្ឋមន្ត្រី​ថ្មី លោក មូ​ហិន​ឌិន យ៉ា​ស៊ិន ឲ្យ​ស្នើ​ទៅ​ប៉ូល​ី​សអន្តរជាតិ​នាំ​ខ្លួន​ជនជាប់ចោទ​ទាំងឡាយ​ណា ដែល​កំពុង​រត់​ទៅបរទេស។ខណះ​នេះ ប្រជាជន​ម៉ាឡេស៊ី ហាក់​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​ថា​ប្រព័ន្ធ​តុលាការ​របស់​រាជាណាចក្រ​មួយ​នេះ នឹង​មានទំនុក​ចិត្ត​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ ។ 

លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម មេ​បក្ស​ប្រឆាំង​ធំជាង​គេ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​មិន​ទំលាក់​ចោល សាលក្រម​របស់​តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី​នោះ​ទេ។ជាមួយគ្នា​នេះ ក្រុម​សមាជិកសភា​បក្ស​ប្រឆាំង ក៏បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​អបអរសាទរ​ផង​ដែរ ចំពោះ​សាលក្រម​របស់​តុលាការ។ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម នៅ​ថ្ងៃទី ២៩ ខែកក្កដា សម្ព័ន្ធ​នយោបាយ Pakatan Harapan បាន​ហៅ សាលក្រម​កាត់ទោស​លោក​ណា​ជីប គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី។

 សមាជិក​បក្ស​ប្រឆាំង បាន​រៀបរាប់​ថា៖«ដំណើរការ​សវនាការ​នេះ ច្បាស់ជា​មិន​អាច​ចាប់ផ្ដើម​បាន​ឡើយ ប្រសិនបើ​ប្រជាជន​មិន​ក្រោក​ឡើង​ជួយ​ឲ្យ Pakatan Harapan ទទួលជោគជ័យ និង​កាច់​បំបាក់​សម្ព័ន្ធ Barisan Nasional ក្នុង​ការបោះឆ្នោត​ទូទៅ​ឆ្នាំ២០១៨ »។ នៅក្នុង​ការប្រកួត​បោះឆ្នោត​សភា​អាណត្តិ​ទី១៤កាលពី​ខែឧសភា​ឆ្នាំ២០១៨ ក្រុម សម្ព័ន្ធ Barisan Nasional គឺជា​ប៉ូល​នយោបាយ នៃ​បក្ស​កាន់អំណាច​ដឹកនាំ​ដោយ​លោក​ណា​ជីប និង​សម្ព័ន្ធ​នយោបាយ Pakatan Harapan ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី មហា​ធា​មហាម៉ាត់ និង​ភរិយា​របស់​លោក អាន់​វ៉ា ព្រោះ​អំឡុង​នោះ លោក​អាន់​វ៉ា កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ដោយសារ​ហេតុផល​នយោបាយ។ 

ទោះជាយ៉ាងណា​ក៏ដោយ លោក ណា​ជីប បាន​ប្រាប់​អ្នក​ព័ត៌មាន​ថា លោក​ជឿ​លើ​ភាព​ស្អាតស្អំ​របស់​លោក ។ លោក​អះអាង​ថា លោក​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅកាន់​សាលា​ឧទ្ទរ​ណ៍​ដោ​យស​ង្ឃឺម​ថា​លោក​នឹង​ទទួល​បាន​យុត្តិធម៌។ យ៉ាងណា​លោក Low Taek Jho ជា​ដៃស្ដាំ របស់​លោក ណា​ជីប ជា​អ្នកគ្រប់គ្រង​ធនាគារ One MDB បាន​រត់​ទៅ​នៅ​បរទេស​ទៅ​ហើយ។នាយក​រដ្ឋមន្ត្រី មូ​ហី​ឌិន យ៉ា​ស៊ីន ដែល​រង​សំពាធ​ពី​ក្រុមប្រឆាំង​នឹង​ស្នើ​អោយ​ប្រទេស​ទាំងឡាយ​ណា​ដែល​ផ្ដល់​ជម្រក​ឲ្យ​បុរស​រូប​នេះ​និង​អតីតមន្ត្រី​ជាច្រើន​ទៀត របស់​លោក​ណា​ជីប​ដែល​រត់គេច​ខ្លួន​នោះ សុំ​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនជាប់ចោទ​ទាំងនេះ​មកកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.