អភិបាលខេត្ត​កែប ព្រមាន​ថា​អ្នក​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​កុំ​សង្ឃឹមថា ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យសោះ

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​កែប បាន​ប្រកាស​គាំទ្រ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា ដែល​បាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់ ធ្វើ​កម្ម​សិទ្ធ​ឯកជន​ជាបន្តបន្ទាប់​មកនេះ។ យ៉ាងនេះ​ក្តី ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា នឹង​រង់ចាំ​មើល ថា​តើ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ហ៊ាន​ចាត់ការ​ទៅលើ​ជនល្មើស ដែល​ជាម​ន្ត្រី​មាន​ឋានៈ​បុ​ណ្យ​ស័ក្កធំៗ និង​ឈ្មួញ​មានទ្រព្យ ដែល​ចូល​ទៅ​កាប់​ទន្ទ្រាន​រាន​យក​ដី​ព្រៃលិចទឹក និង​ដី​ចំណី​ឆ្នេរសមុទ្រ​ជាដើម ដែល​មាន​

ទីតាំងនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីសា​លា​ខេត្ត​កែប ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​នោះ មានប្រសិទ្ធភាព​ដែរ​ឬទេ​។ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ធ្លាប់​ព្រមាន​ថា ជន​ទាំងឡាយ​ណា ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដោយ​ខុសច្បាប់ ទោះបី​ជន​នោះ​ជា​អ្នកធំ មន្ត្រី​មានអំណាច អ្នកមាន​ទ្រព្យ ឬពលរដ្ឋ​តូចតាច​ក្តី សូមកុំ​សង្ឃឹមថា នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យសោះ បើ​ទោះបី​ផែនការ​ល្មើស របស់​ជនខិលខូច​មួយចំនួន​នោះ បាន​ទន្ទ្រាន​ដី​រដ្ឋ​ជោគជ័យ​រួចហើយ​ក៏ដោយ។លោក សោម ពិសិដ្ឋ ព្រមាន​ដូច្នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ របស់​ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្ត​កែប ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤ ប្រចាំឆមាស​ទី១ កាលពី​ចុងខែ​កក្កដា ឆ្នាំ២០២០។

នា​ឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ អភិបាលខេត្ត​កែប បាន​ព្រមាន​ខ្លាំង​ៗនៅចំពោះមុខ​មន្ត្រី​រាជការ ដោយ​ផ្តាំ​ទៅ​ក្រុម​ឈ្មួញ ដែល​ឆ្លៀតឱកាស​រំលោភ​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់​នា​ពេល​កន្លងមក សូមឲ្យ​ប្រយ័ត្នខ្លួន។ លោក​បន្ត​ថា ថ្មី​ៗនេះ​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន បាន​ជួល​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​មួយ​ទ្វេ​ជា១០ ឲ្យ​រៀប​ឥដ្ឋ​ធ្វើ​ខឿន ហ៊ុមព័ទ្ធ​យក​ដី​ឆ្នេរ​ទាំងយប់​ទាំង​ថ្ងៃ និង​ឈ្មួញ​ខ្លះទៀត បាន​ជួល​ក្រុម​ប្រជាពលរដ្ឋ ឲ្យ​ចូល​ទៅ​កាប់ឆ្ការ​រុករាន​យក​ដី​ព្រៃ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ឯកជន ដែល ទង្វើ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ ជា​អ្នករងគ្រោះ​ជំនួស​ដើម្បី​ផលប្រយោជន៍ និង​បក្ខ​ពួក​របស់​ខ្លួន។ លោក សោម ពិសិដ្ឋ សង្កត់ធ្ងន់​ថា “អាជ្ញាធរ​បាន​កំណត់​មុខសញ្ញា​ជន ដែល​ចូល​ទៅ​ទន្ទ្រាន​រាន​យក​រដ្ឋ​ខុសច្បាប់​ទាំងនោះ​រួចហើយ ហើយ រដ្ឋបាល​ខេត្ត​កែប នឹង​ធ្វើការ​ទៅតាម​ផ្លូវច្បាប់​”៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.