អង្គការ Human Right Watch ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក រ៉ុង ឈុន

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ការចោទប្រកាន់​ពី​បទ​ញុះញង់​ទៅលើ​ប្រធាន​សហជីព​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ។ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ Human Rights Watch នៅ​ថ្ងៃទី៤ ខែសីហា​នេះ បាន​លើកឡើង​ពី​ស្ថានភាព​កាន់តែ​អាក្រក់​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​បន្ថែម​ទៀត​នៅ​កម្ពុជា។ បញ្ហា​អាក្រក់​នេះ Human Rights Watch ថា​សហគមន៍​អន្តរជាតិ​គួរតែ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​សម្រេចចិត្ត​លើ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​បន្ថែម​ទៀត។

នាយរង អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson និយាយ​ថា​“ ការ​ចាប់ខ្លួន លោក រ៉ុង ឈុន គឺជា​ឧទាហរណ៍​ចុងក្រោយ​នៃ​ការ​បង្ក្រាប​សំឡេង​មតិ​រិះគន់​ឥតស្រាក​ស្រាន្ត ពីសំណាក់ រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅលើ​សកម្មជន​ដែល​ព្យាយាម​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​សាមញ្ញ​” ។បញ្ហា​នេះ លោក​ថា សហភាព​អឺរ៉ុប​គួរតែ​បន្ថែម​សម្ពាធ​នេះ​ទៅ​ក្នុង​បញ្ជី​រំលោភបំពាន​សិទ្ធិ​របស់​ខ្លួន ដើម្បី​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន ប្រសិនបើ​រដ្ឋា​ភិ បាល​លោក​ហ៊ុន​សែន មិនព្រម​ដោះលែង​លោ​ករ៉ុង ឈុន ឬស្តារ​ស្ថានភាព​ឱ្យ​ប្រសើរ​ឡើង​ទេ​នោះ។លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី ៣១ ខែកក្កដា​ឆ្នាំ ២០២០នៅ​ឯគេហដ្ឋាន​របស់​គាត់​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​ទាំង​គ្មាន​ដីកា​ចាប់ខ្លួន ។មួយថ្ងៃ​បន្ទាប់ ពោល​គឺ​នៅ​ថ្ងៃទី ១ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន ពី​បទ​“ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​” តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ កម្ពុជា ហើយ​បាន​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ទី១ ឬហៅ​ថា​គុក​ព្រៃ​សរ រាជធានី​ភ្នំពេញ។

ការចោទប្រកាន់​នេះ ក្រោយពេល​លោក​បាន​លើកឡើង​ពី​បញ្ហា​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-វៀតណាម​ក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី២០ ខែកក្កដា ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ធ្វើ​ឱ្យ​ដីធ្លី​ពលរដ្ឋ​រាប់​សិច​ហិ​កតា រង​ការបាត់បង់​ទៅ​ប្រទេស​វៀតណាម។ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី កាលពី​ថ្ងៃទី២៨ខែកក្កដា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​ហៅ​សកម្មភាព និង​ការ​លើកឡើង​របស់​លោក រ៉ុង ឈុន ជា​ការ​បំភ្លៃ​ការពិត ហើយ​ថា​ដី​នៅ​ក្បែរ​ព្រំដែន​ដែល​ពលរដ្ឋ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ទាមទារ​នោះ គឺជា​ដី​របស់​រដ្ឋ មិនមែន​ជា​ដី​ឯកជន​នោះ ឡើយ។

បួនថ្ងៃក្រោយការបញ្ជាក់របស់លោកផៃ ស៊ីផាន ពោលគឺនៅថ្ងៃទី ៣១ ខែកក្កដាគណៈកម្មាធិការកិច្ចការព្រំដែនរបស់រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធការរកឃើញរបស់លោករ៉ុង ឈុន និងបានចោទប្រកាន់លោកពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីការបោះបង្គោលព្រំដែន។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបានប្រមូលផ្តុំទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន ដោយតុលាការថាទង្វើនោះជារឿងខុសច្បាប់និងកំពុងដាក់សម្ពាធទៅតុលាការផងដែរ។

ការព្រមាននេះ ក្រោយពេលលោករ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ កក្កដា និងបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់ ខណៈខាងក្រៅតុលាការក្រុងភ្នំពេញមានការប្រមូលផ្តុំតវ៉ាជំរុញឱ្យតុលាការដោះលែងប្រធានសហជីពរូបនេះឱ្យមានសេរីភាពវិញ ពីសំណាក់សាច់ញាតិ យុវជន ព្រះសង្ឃជាដើម បានកើតមានឡើងជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃចន្ទ បានលើកឡើង ដោយហៅសកម្មភាពទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន  ថាកំពុងធ្វើសកម្មភាពខុសច្បាប់ និងជាទង្វើដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងដដែលនេះ ស្នើឱ្យពលរដ្ឋទាំងនោះបញ្ឈប់សកម្មភាពតវ៉ាទាំងនេះជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់។

ទោះបីជាយ៉ាងនេះក្តី អង្គការHuman Right Watch បានលើកឡើងថា លោករ៉ុង ឈុន ប្រឈមមុខនឹងការយាយីរដ្ឋាភិបាលម្តងហើយម្តងទៀតចំពោះការតស៊ូមតិការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសកម្មភាពនយោបាយរបស់គាត់។

ជាក់ស្តែង លោកធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៥ ពាក់ព័ន្ធបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមរវាងរដ្ឋាភិបាលកម្ពុជា-វៀតណាមពេលនោះ។

ដោយឡែកកាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោករ៉ុងឈុននិងមេដឹកនាំសហជីពចំនួន ៥ នាក់ទៀតពីបទ“ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងផ្តន្ទាទោសពួកគេម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះនិងសំណងខូចខាតសរុបចំនួន ៥លាន រៀល សម្រាប់ដើមបណ្តឹងពីរនាក់ ក្នុងសំណុំរឿងបង្ក្រាបដោយអំពើហិង្សាលើកម្មករ នៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ បើទោះពីជាគ្មាន ភស្តុតាងភ្ជាប់អ្នកដែលត្រូវបានផ្តន្ទាទោសទាំងនោះ ទៅនឹងអំពើហិង្សាពេលនោះក៏ដោយ។

អង្គការសិទ្ធិមនុស្សដដែល មើលឃើញថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានបង្កើនការយាយីដល់មេដឹកនាំសហជីពឯករាជ្យ និងអ្នកតស៊ូមតិផ្នែកការងារឥតឈប់ឈរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.