មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ប្រឈម​ការ​កាត់ទោស​ប្រហារជីវិត​នៅ​វៀតណាម

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការបរទេស បានឱ្យ​ដឹង​ថា​កម្ពុជា​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋខ្មែរ​ម្នាក់​ជា​ស្ត្រី​ដែល កំពុង​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​ការចោទប្រកាន់​រឿង​ជួញដូរ​គ្រឿងញៀន ជិត៥គីឡូក្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី០៤ ខែសីហា បាន​ស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ា​លីន ថា​ក្រសួង​កំពុងតែ​សិក្សា​នូវ​ជម្រើស​ពីរ គឺ​ជំនួយ​ផ្នែក​ច្បាប់​ផ្នែក​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ថ្នាក់ដំបូង​របស់​ប្រទេស​វៀតណាម ទៅ​តុលាការ​ថ្នាក់​ឧទ្ធរណ៍​បន្ត​ទៀត។ដោយឡែក​ជម្រើស​ទី២ គឺ​ការ​ធ្វើ​បត្យាប័ន ឬផ្ទេរ​អ្នកទោស បន្ទាប់ពី​មានការ​កាត់ទោស​ប្រហារជីវិត​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ជិត៥គីឡូក្រាម ចូល​ទៅ​ប្រទេស​វៀតណាម។

ប្រភព​ដដែល​បន្ត​ថា ក្រសួង​យុត្តិធម៌ បាន​តាមដាន​ករណីនេះ យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ហើយ​ករណីនេះ គឺ​ពុំ​ទាន់​បញ្ចប់​ត្រឹមនេះ​នៅឡើយ​ទេ ហើយ​លោក​អះអាង​ថា​ករណី​ស្ត្រីជន​ជាតិខ្មែរ​រូប​នេះ ប្រហែលជា​ស្ថិត​ក្នុង​យន្តការ​ច្បាប់​នៃ​ការផ្ទេរ​អ្នកទោស​ច្រើនជាង។AKP ក៏បាន​ដកស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ដោយ​លោក​បញ្ជាក់​ថា អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​យកចិត្ត​ទុកដាក់​តាមដាន​ករណីនេះ និង​បាន​ចូលរួម​ស្តាប់​សវនាការ​កាលពី​ថ្ងៃទី៣១ ខែកក្កដា​ទៀតផង។លោក​បន្ត​ថា តាមរយៈ​ការ​កាត់ទោស​នោះ ស្ត្រី​រូប​នេះ មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុងអំឡុងពេល១៥ថ្ងៃ បន្ទាប់ពី​ទទួលការ​ប្រកាស​ចោទប្រកាន់​រួច ហើយ​ខាង​ភាគី​កម្ពុជា នឹង​បន្ត​តាមដាន​ករណីនេះ ព្រមទាំង​ជួយ​ស្ត្រី​រូប​នេះ ដើម្បី​ទទួល​បាន​យុត្តិធម៌​ផង​ដែរ។

AKP ឱ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រី​កម្ពុជា​ម្នាក់ មានឈ្មោះ មៀច ស្រី​នាង អាយុ២៧ឆ្នាំ ត្រូវ​បាន​តុលាការខេត្ត​តៃ​និញ នៃ​ប្រទេស​វៀតណាម កាត់ទោស​ប្រហារជីវិត​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ បាវិត​-ម៉ុ​កបាយ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

គ្រឿងញៀន​ទាំងអស់​នោះ​មាន​ចំនួន៥កញ្ចប់ និង​មាន​ទម្ងន់ ជិត៥គីឡូក្រាម។ ដោយសារ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​មិន​មាន​ចែង​អំពី​ទោស​ប្រហារជីវិត បើ​ពុំ​នោះ​ទេ​មាន​ជនជាតិ​វៀតណាម​មិន​តិច​ឡើយ​ដែល​នឹងអាច​មានទោស​ប្រហារជីវិត ព្រោះ​មាន​ជនជាតិ​វៀតណាម​មួយចំនួន​តែង​ប្រព្រឹត្ត​អំពើ​បទល្មើស​រឿង​គ្រឿងញៀន​ជាច្រើន ហើយ​មាន​ករណី​ខ្លះទៀត​ជនជាតិ​វៀតណាម​ជួញដូរ​គ្រឿងញៀន​រាប់​រយ​គីឡូក្រាម​ទៀត ផង។ក្រៅពី​រឿង​គ្រឿងញៀន ក៏​មាន​ជនជាតិ​វៀតណាម​ចូល​មក​បំផ្លាញ​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្មែរ ពិសេស​ព្រៃឈើ រ៉ែ និង​ត្រី នៅ​លើទឹក​ដី របស់​កម្ពុជា​ថែមទៀត។ ពួក​គេ​ទាំងនោះ​បាន​ត្រឹម​ជាប់ពន្ធ​នា​គារ ឬក៏​ត្រូវ​ដោះលែង​ទៅវិញ ឬនាំ​ខ្លួន​ទៅកាត់​ទោស​នៅ​វៀតណាម​ជាដើម​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.