ពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុអ្វី​តុលាការខេត្ត​ព្រះសីហនុ មិន​ចាប់ខ្លួន មេ​ក្លោង​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ឈ្មោះ ញ៉​ក់ គឹ​មតុង មក​ផ្តន្ទា​ទោស

​ក្រុម​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វីបានជា​តុលាការ និង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មិនព្រម​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ញ៉ក គឹ​មតុង មេ​ក្លោង​ដឹកនាំ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ នៅ​តាម​តំបន់​មួយចំនួន នា​ខេត្ត​ព្រះសីហនុ មក​ផ្តន្ទា​ទោស។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា សព្វថ្ងៃ​នេះ​គេង​សង្កេតឃើញ លោក ញ៉​ក់ គឹ​មតុង ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញដីកា​ចាប់ខ្លួន បាន​បង្ហាញខ្លួន​នៅ​តាម​ក្លឹប​កម្សាន្ត​, ក្លឹប​ហាត់ប្រាណ​, ភោ​ជនីយ៍​ដ្ឋាន​, និង​នៅ​តាម​ទីតាំង​ដី​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ខ្វល់​ដីកា​ចាប់ខ្លួន របស់​តុលាការ ឬសមត្ថកិច្ច​ចាប់ខ្លួន​ទេ។

ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ដែល​សមត្ថកិច្ច​មិនព្រម​ចាប់ខ្លួន បុគ្គល​ឈ្មោះ ញ៉​ក់ គឹ​មតុង អាច​ដោយសារតែ​បុគ្គល​រូប​នេះ មាន​ខ្នងបង្អែក​ជាម​ន្ត្រី​មាន​ឋានៈ​បុ​ណ្យ​ស័ក្តខ្ពស់​ម្នាក់ ឈ្មោះ សេង ទៀង ដែល​តែងឃើញ​បង្ហាញ​វត្តមាន​នៅ​ក្បែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ជានិច្ច នៅពេល​ប្រមុខ​ដឹកនាំ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ណាមួយ ក្នុង​ប្រទេស​កម្ពុជា។គួរ​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក កែវ មុនី កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បាន​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ញ៉​ក់ គឹ​មតុង ចោទ​ពី​បទ​កាប់​រាន​ព្រៃ ហ៊ុំ​ព័ទ្ធ កាន់កាប់​ដី​ព្រៃ​រដ្ឋ ដោយ​ខុសច្បាប់។

នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ លោក កែវ មុ​ន្នី បាន​បញ្ជាក់​ថា ឈ្មោះ ញ៉​ក់ គឹ​មតុង ភេទប្រុស កើត​ឆ្នាំ១៩៧៩ ជា​ជនជាតិ​ខ្មែរ មាន​ទីកន្លែង​កំណើត​នៅ​ក្រុម​ទី១៣ ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ ជាង ស៊ុន​គីម មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​លេខ២ ក្រុង​-ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ចោទ​ពី​បទ កាប់​រាន​ព្រៃ ហ៊ុំ​ព័ទ្ធ កាន់កាប់​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ ប្រព្រឹត្តិ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ គឺជា​បទល្មើស​ដែល​មាន​ចែង និង​ឲ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា៩៧ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ។

ជុំវិញ​បទល្មើស​នេះ​ដែរ ប្រភព​ខ្លះទៀត ក៏បាន​ចោទ​ឈ្មោះ ញ៉​ក់ គឹ​មតុង និង​បក្ខ​ពួក​មួយចំនួន​ទៀត​ថា បាន​ដើរ​ធ្វើសកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​យ៉ាង​អាណា​ធិប​តេយ្យ​នា​ពេល​កន្លងមក នៅ​តាម​តំបន់​ជាច្រើន​ទៀត ក្នុង​ខេត្ត​ព្រះសីហនុ។ យ៉ាងនេះ​ក្តី រហូតមកដល់​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឈ្មោះ ញ៉​ក់ គឹ​មតុង ដែល​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញដីកា​តាម​ចាប់ខ្លួន កំពុង​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ និង​អាច​ដើរហើរ​បាន​ដោយសេរី​ថែមទៀត​ផង។

រហូត​មកទល់​ពេលនេះ សា​ព័ត៌មាន The Cambodia Daily នៅ​មិនទាន់​មាន​ប្រភព​អាច​ទាក់ទង ឈ្មោះ ញ៉​ក់ គឹ​មតុង និង​ឈ្មោះ សេង ទៀង ដើម្បី​បំភ្លឺ​ជុំវិញ​ចោទប្រកាន់ និង​ស្នើ​កសរ​បំភ្លឺ​ជុំវិញ​ការ​ចេញដីកា របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន បានទេ នៅ​រសៀល​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.