ក្រុម​យុវជន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ ក្នុង​ពេល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​

ការ​ប្រមូល​ផ្តុំ​តវ៉ា​ពីសំណាក់​ក្រុម​យុវជន ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃពុធ​នេះ នាំឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញា​ធរ​ខន្ឌ៧មករា បណ្តាល​ឱ្យ​យុវតី២នាក់​បាន​រង​របួស។ក្រុម​យុវជន និង​ពលរដ្ឋ​ប្រមាណ២០នាក់ បាន​នាំគ្នា​ប្រមូល​ផ្តុំ ដោយ​ស្រែក​តវ៉ា និង​បាន​ព្យាយាម​ដើរ​ពី​វត្ត​មហាមន្ត្រី ខាងកើត​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិច ឆ្ពោះទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន បើ​ទោះបីជា​ក្រសួង​យុត្តិធម៌​និង​សាលាក្រុង​ភ្នំពេញ​ទើបតែ​ព្រមាន​ចាត់​វិធាន​ច្បាប់​ទៅលើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​រូប​នេះ​ក្តី។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ យុវតី​ម្នាក់​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នោះ កញ្ញា ជា គន្ធី និយាយ​ថា កញ្ញា​រួម​នឹង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ផ្សារ​អូឡាំពិក ហើយ​មានបំណង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ខណ្ឌ​មករា​រាំង​និង​បំបែក​ការ​ដើរ​ហែ​ក្បួន​នោះ។ កញ្ញា​បន្ត​ថា ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន​ពីសំណាក់​អាជ្ញាធរ​ខណ្ឌ៧មករា​នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ដែល​ពួក​គេ​មានបំណង​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ក្រុម​យុវជន និង​ពលរដ្ឋ​ដែល​ចូលរួម​ថែមទៀត​ផង។កញ្ញា​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ពេលនេះ ដែល​វា​ជា​ការរំលោភ​សិទ្ធិពល​រដ្ឋ​ធ្ងន់ធ្ងរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ព្រមទាំង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ខែកក្កដា ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ។ មួយថ្ងៃ​ក្រោយមក​គឺ នៅ​ថ្ងៃទី ១ខែសីហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទប្រកាន់​លោក​ពី​បទ ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នោះ។

ក្រោយ​ចាប់ខ្លួន​លោ​ករ៉ុង ឈុន សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក ក៏​កើតមាន​ជា​រៀងរាល់ថ្ងៃ រហូត​ធ្វើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ ដោយ​ព្រមាន​ចាត់វិធានការ​ចំពោះ​រាល់​ការ​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ណា​ដែល​មិនបាន​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​ជាមុន។អាជ្ញា​ធរកុ្រង​ភ្នំពេញ​បញ្ជាក់​ថា ក្នុងករណី​គ្មាន​ការ​ជូនដំណឹង​ជាមុន ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​ត្រូវ​ចាត់វិធានការ។ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ថា​នឹង​ចាត់វិធានការ​ច្បាប់​រាល់​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ព្រោះថា​ជាសកម្ម​ភាព​ខុសច្បាប់ ដាក់​សម្ពាធ​ទៅលើ​តុលាការ និង​ត្រូវ​មានទោស​ថែមទៀត​ផង។

យ៉ាងនេះ​ក្តី ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា សកម្មភាព​រារាំង និង​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​ពីសំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​ពេលនេះ ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ក្រោយ​ចាប់ខ្លួន​លោក រ៉ុង ឈុន ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សហជីព​អន្តរជាតិ​ផង បាន​ចេញ​សេចក្តី​ថ្លែងការណ៍ និង​ផ្ញើ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផ្ទាល់ ដោយ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​រូប​នេះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ព្រោះ​អ្វី​ដែល​លោក រ៉ុង ឈុន លើកឡើង​កន្លងមក​ជា​សិទ្ធិ​បញ្ចេញមតិ ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ផង​ដែរ។

បន្ថែម​ពីនេះ​ទៀត ពួក​គេ​លើកឡើង​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​ការ​បន្ថែម​នូវ​រូបភាព​កាន់តែ​អាក្រក់ ក្នុង​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​បញ្ចេញមតិ នៅ​កម្ពុជា​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.