រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​រោង​ភាព​កុន​និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​

រដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងកុន និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ក្រោយពេល​រដ្ឋ​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ កាលពី​ខែ​មិនា។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​វប្បធម៌​នៅ​ថ្ងៃ៦ខែសីហា បាន​ឲ្យដឹង​ថា ការ​បើក​ឱ្យ​ដំណើរការ​ឡើង​នូវ​រោងកុន ឬរោងភាពយន្ត និង​រោង សម្តែង​សិល្បះ​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​កូ​វីដ១៩នេះ។បន្ថែម​ពីនេះ ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ សិល្ប​ការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែងសិល្បៈ ក្នុង​បុព្វហេតុ​អភិរក្ស និង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ រដ្ឋាភិបាល​បាន​អនុញ្ញាត​ជាគោល​ការណ៍ ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ រោងភាពយន្ត និង​រោង​សម្ដែងសិល្បៈ។ជាមួយគ្នា​នេះ ក្រសួង​តម្រូវ​ឱ្យ​គោរព​តាម​គោលការណ៍​ស្តង់​ដា​ប្រតិបត្តិ ដែល​រៀបចំឡើង ដោយ​ក្រសួងសុខាភិបាល និង​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​នានា ដូចជា​រោងភាពយន្ត និង​រោង​សម្ដែងសិល្បៈ ដែល​មានបំណង​បើក​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ ត្រូវ​ដាក់ពាក្យ​ស្នើសុំ និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ដើម្បី​ធានា​ការអនុវត្ត​នូវ​គោលការណ៍​ស្តង់ដារ ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម។កាលពី​ថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​បិទ​ខារ៉ាអូខេ ក្លឹប​កម្សាន្ត និង​រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស ក្រោម​ហេតុផល​នៃ​ការទប់ស្កាត់​ការ​រីក​រាលដាល ពី​ជំងឺ​កូ​វីដ​-១៩។

ក្រុម​សហជីព​ដែល​ធ្វើការងារ​លើ​វិស័យ​នេះ បាន​អះអាង​ថា វិធានការ​របស់​រដ្ឋាភិបាល​ពេលនោះ ធ្វើ​ឱ្យ​មនុស្ស​ជាង ៨ម៉ឺន​នាក់​ធ្វើការ​នៅក្នុង​វិស័យ​នេះ ដែល​ថា​ភាគច្រើន​ជា​ស្ត្រី​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល។ទាំង​កម្មករ និង​ក្រុម​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​វិស័យ​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​រដ្ឋាភិបាល​មិន​បញ្ចេញ​កញ្ចប់​ថវិកា ឬស្បៀងអាហារ ដើម្បី​សង្គ្រោះ​បន្ទាន់​ដល់​ពួក​គេ​ទេ អ្នក​ងាយ​រងគ្រោះ​ទាំងនោះ​នឹង​ដាច់ពោះ​ស្លាប់ ប៉ុន្តែ​មកទល់​ពេលនេះ​រដ្ឋាភិបាល​នៅតែ​គ្មាន​វិធានការ​ជួយ​ដល់​កម្មករ បុគ្គលិក​ក្នុង​វិស័យ​នោះ​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ ។បញ្ហា​នេះ ធ្វើ​ឱ្យ​កម្មករ ឬបុគ្គលិក​ខ្លះ ប្រឈម​ការ​បណ្តេញ​ចេញពីផ្ទះ​ជួល ខ្លះទៅ​រស់នៅ​ក្រោម​ស្ពាន ខ្លះ​បន្ថយ​ការ​ចំណាយ​លើ​របប​អាហារ ខ្លះទៀត​ត្រូវ​ប្រឈម​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដោ​យស​សារ​គ្មាន​ប្រាក់​សង់​បំណុល​គេ​ជាដើម​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.