បុគ្គ​លិក LE MERIDIEN ANGKOR នៅ​ខេត្តសៀមរាប តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព ចូល​ធ្វើការ​វិញ​

បុគ្គលិក​និយោជិត​បម្រើការ​ងារ​នៅ​សណ្ឋាគារ LE MERIDIEN ANGKOR ខេត្តសៀមរាប​ប្រមាណ៤០នាក់ នៅ​ព្រឹក​ថ្ងៃទី៦ ខែសីហា នេះ បាន​នាំគ្នា តវ៉ា​នៅមុខ​សណ្ឋាគារ ដើម្បី​ទាមទារ ឲ្យ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ឡឺម៉េ​រី​ឌាន​អង្គរ​ទទួលយក​ថ្នាក់ដឹកនាំ សកម្មជន​សហជីព​ស្រ្តី បី​រូប​ដែល​ត្រូវ​បាន បញ្ឈប់​ពី​ការងារ​ដោយ​អយុត្តិធម៌។ ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ រួមមាន កញ្ញា​ឌឿម ឆៃ​យ៉ា ប្រធាន គណៈកម្មាធិការ​ស្រ្តី​របស់​សហ​ជីព​ឡឺម៉េ​រី​ឌាន​អង្គរ (LE MERIDIEN ANGKOR​) ។

អ្នកស្រី សុខ ណា​រ៉ែ​ន ជា​អនុប្រធាន​ទី២របស់​សហ​ជីព​ឡឺម៉េ​រី​អង្គរ និង​អ្នកស្រី ខាំ សុ​ភ័ត្ត្រ ជាសកម្ម​ជន​សហ​ជីព​ឡឺម៉េ​រី​ឌាន​អង្គរ។ ការ​ស្នើ​នេះ បន្ទាប់ពី អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ បាន​បញ្ឈប់​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព ទាំង​បី​ររូប​បន្តបន្ទាប់​កាលពី​ថ្ងៃទី៩ និង​ទី១០ ខែកក្កដា​ពាក់ព័ន្ធ​វិវាទ​ការងារ​រួម​ក្នុង​សណ្ឋាគារ​មួយ​នេះ បន្ទាប់ពី​ពួក​គេ​បាន​ជំទាស់​ទៅ​នឹង​ការ​កាត់ប្រាក់ខែ​បុគ្គលិក ខណៈ​ការងារ​របស់​ពួក​គេ​ត្រូវ​បាន​ព្យួរ។ ឈរ​លើក​បដា​នៅមុខ​សណ្ឋាគារ ក្រុម​បុគ្គលិក​ទាំងនោះ​អះអាង​ថា​វិវាទ​ការងារ​នេះ​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃទី១៤ ខែកក្កដា និង​បាន​ជួប​ចរចា​រក​ដំណោះស្រាយ​ជាមួយ​តំណាង​មន្ទីរ​ការងារ តំណាង​សណ្ឋាគារ និង​តំណាង​សហជីព​ជាច្រើន​ដង​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​មន្ទីរ​ការងារ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី៣ ខែសីហា បាន​ចាត់ទុក​វិវាទ​ការងារ​នេះ​ជា​ជម្លោះ​បុគ្គល​ថែមទៀត។

ក្រៅពី​ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង​បី​រូប​ចូល​ធ្វើការងារ​វិញ ក្រុម​បុគ្គលិក​ក៏បាន​ទាមទារ​ឲ្យ​ខាង​ថៅកែ​កាត់បន្ថយ​ប្រាក់ឈ្នួល​ត្រឹម២០​% វិញ ក្រោយ​ភាគី​សណ្ឋាគារ ប្រកាស​កាត់៣៥​% នៃ​ប្រាក់ខែ​គោល​កាលពី​ខែកក្កដា​កន្លងមក។ ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី៦ ខែសីហា ខាង​មន្ទីរ​កា​ងារ​ខេត្តសៀមរាប​បាន​ចេញ​លិខិត​ព្រមាន​ទៅ​លោក លី លី​នដា ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​ឡឺម៉េ​រី​ឌាន​អង្គរ (LE MERIDIEN ANGKOR​) និង លោក ទូច កុសល ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ថាស​កម្ម​ភាព​របស់​ពួក​គេ​ដឹកនាំ​បុគ្គលិក​តវ៉ា​គឺ​ខុស​នីតិវិធី​ច្បាប់។

មន្ទីរ​ការងារ​ខេត្ត​ក៏បាន​ព្រមាន​រំលាយ​ចោល​សហជីព​នេះ​ទៀតផង ប្រសិន​ពួក​គេ​មិនព្រម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​របស់​ខ្លួន​នោះ។ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​លោក ទូច កុសល បាន​លើកឡើង​តាម​វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​រឿង​ដក​មន្ត្រី​សហជីព​ក្នុង​សណ្ឋាគារ​នេះ គឺជា​ការរើសអើង​សហជីព ដោយ​ពួក​គេ​មាន​ចេតនា​ចង់​រំលាយ​សហជីព​ចោល ដែល​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.