ក្រោម​សំពាធ​របស់​កងទ័ព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​នាំឲ្យ​ចិន​ចង់​វិល​មករ​កតុចរចា​វិញ​ដើម្បី​បង្កើ​បក្រម​ប្រតិបត្តិCOC

បើ​តាម​អ្នកសង្កេតការណ៍​នឹង​អ្នកវិភាគ តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ភាគតិច​ណាស់ ដែល​គិតថា​សង្រ្គាម​នឹង​មិន​អាច​ផ្ទុះឡើង​រវាង​ចិន និង​អាមេរិក ខណៈ​អា​វុធ​យុទ្ធ​ភ័​ណ្ឌ និង​កងទ័ព​របស់​អាមេរិក បាន​ដាក់​ពង្រាយ​រួចហើយ នៅ​តំបន់​នោះ។ចំណែក​ប្រទេស​ចិន ត្បិត​មិនទាន់​ឃើញ​បាញ់​នាវា​អាមេរិក ដូចដែល​ខ្លួន​ធ្លាប់​អួតអាង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រទេស​មហាយក្ស​នេះ ក៏បាន​បង្កើន​កម្លាំង​កងទ័ព និង​សព្វាវុធ​ទៅ​ដាក់​ពង្រាយ នៅ​លើ​កោះ​របស់​ខ្លួន​រួចហើយ​ដែរ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

នេះ​ជា​សញ្ញា​ដ៏​ផុយ​ស្រួយ​មួយ ដែល​ប្រទេស​ធំ​ទាំងពីរ អាច​នឹង​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។អ្នកវិភាគ​របស់ The National Interest បង្ហាញថា សេ​នារិ​យូ​ថា មុននឹង​សង្រ្គាម​ដ៏​ធំ​ផ្ទុះឡើង គឺ​ប្រទេស​ធំ២នេះ អាច​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ាវ ហើយ ក៏​ផ្អាក​សិន ព្រោះ​មាន​អន្តរាគមន៍​ដើម្បី​បើក​ការចរចា។ ប៉ុន្តែ​បើ មិន​អាច​ផ្អាក​ការ​បាញ់ប្រហារ​គ្នា​ទេ គឺ​ពិត​ណាស់​នឹង​មាន​សង្រ្គាម​ពេញទំហឹង​តែម្ដង។

The National Interest គិតថា ប្រហែលជា​កងទ័ព​ចិន អាច​បាញ់​គំរាម​កង​នាវា​អាមេរិក​ដែល​បើក​ចូល​ដែនទឹក​ដែល​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​របស់​ខ្លួន ហើយ​បើ​នាវា​អាមេរិក មិនព្រម​បើក​ចេញ ហើយ​បែរជា​បាញ់​តបត​វិញ គឺ​នឹង​ប៉ះទង្គិច​គ្នា។ ពេលនោះ​ហើយដែល​ធ្វើអោយ​ស្ថានការណ៍​សង្រ្គាម​ចាប់ផ្ដើម។ តែ​យ៉ាងណាក៏ដោយ រយៈពេល​ចុងក្រោយ​នេះ ទោះជា​ចិន​បង្កើន​វត្តមាន​គ្រឿង​សព្វាវុធ និង​កងទ័ព​ក៏ដោយ តែ​មិនទាន់​ឃើញ​កងទ័ព​ចិន គំរាម​កងទ័ព​អាមេរិក ដូច​ក្រុង​ប៉េកាំង​អួតអាង​ថា នឹង​បាញ់​លើ​នាវា​អាមេរិក​នោះ​នៅឡើយ។

ត្រង់នេះ​ហើយដែល​អ្នកវិភាគ មើលឃើញ​អំពី​ចំណុចខ្សោយ របស់​ចិន​ក្នុង​ការ​ប្រឈមមុខនឹង​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​អួត​ថា នឹង​គ្រប់គ្រង​អោយ​បាន​តំបន់​នោះ​ទាំងស្រុង​ក្នុង​ពេល​ឆាប់​ៗនេះ ព្រោះ​ជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់ ចិន។នៅ​ថ្ងៃទី៦ ខែសីហា​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន CGTN បាន​ចុះផ្សាយ​ថា ក្រុង​ប៉េកាំង​បាន​បង្ហាញ​ឆន្ទៈ​ចង់​កែប្រែ​ជំហរ​របស់​ខ្លួន ដោយ​សុំ អោយ​សមាគម​អាស៊ាន​ត្រឡប់​មករ​កតុចរចា​ឡើងវិញ ដើម្បី​បង្កើត​ប្រតិបត្តិ​សមុទ្រ COC -Code of Conduct ដែល​អ្នកសង្កេតការណ៍​យល់ថា ក្រុង​ប៉េកាំង​នេះ​ហើយ កន្លងមក​មិន​មាន​ឆន្ទៈ​រុញ​អោយ​មាន COC – នេះ ចេញ​ជារូបរាង​នោះ​ទេ។

តាម​ប្រភព​ដដែល​នេះ ក្រុមប្រឹក្សារដ្ឋ​ចិន និង​ជារ​ដ្ឋ​មន្ត្រី​ការបរទេស គឺ​លោក វាំង យី បាន​និយាយ​កាលពី ថ្ងៃពុធ​ទី៥ ខែសីហា​នេះ​ថា សមុទ្រ​ចិន​ខាងត្បូង មិន​ស្ថិតនៅ​ក្នុង​ដែ​នយុ​ត្តា​ធិ​កា​នៃជ​ម្លោះ​នយោបាយ​អន្តរជាតិ​នោះ​ទេ។ លោក​ទទូច​ទៅ​ប្រទេស​សមាគម​អាស៊ាន សុំ​វិល​មករ​កតុចរចា​ជាមួយគ្នា​ឡើងវិញ ដើម្បី​បន្ត​ពិនិត្យមើល​សេចក្ដីព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ សម្រាប់​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក ​វាំង​យី​ បាន​ធ្វើការ​អំពាវនាវ​ដូចនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ស៊ីន​ហួរ។កាលពី​មួយ​ខែមុន​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo បាន​និយាយ​ថា​រាល់​ការប្រកាស​ទាំងឡាយ​របស់​ចិន ដែល​ថា តំបន់ សមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​ស្ថិត​ក្នុង​ដែនទឹក​របស់​ចិន គឺជា​អំពើខុស​ច្បាប់អន្តរជាតិ​ទាំងស្រុង ហើយ​សកម្មភាព​នាវាចរណ៍​របស់​ចិន ដែល​ចូលលុក​លុយ​ដែនទឹក​ប្រទេសជិតខាង គឺជា​ទង្វើ​គឃ្លាន នឹង​ច្បាប់ សមុទ្រ​អន្តរជាតិ​ឆ្នាំ១៩៨២។

គេ​នៅចាំ​បាន​ថា​នៅពេល​លោក Mike Pompeo បាន​លើកឡើង​ដូចនេះ នៅពេល​នាវាផ្ទុកយន្តហោះ របស់​អាមេរិក​ចំនួន២គ្រឿង​ដែល​មួយ​គ្រឿង​ៗអាច​ផ្ទុក​យន្តហោះ បាន៧០គ្រឿង បាន​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង​រួច​ទៅ​ហើយ។នាវា​ទាំងពីរ​នេះ គឺUSS Nimitz និងUSS Ronald Reagan ។

នាវាផ្ទុកយន្តហោះ​ទាំង២គ្រឿង​នេះ អម​ដោយ​បាន​នាវាពិឃាត និង​នាវាមុជទឹក​ជាច្រើន​គ្រឿង​បាន​អម​ការពារ។ ទោះបី​នាវា​នោះ បើក​ទៅ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ប៉ុន្តែ​មិនបាន​បើក​ចេញពី​តំបន់​នោះ​ទេ ។ នាវា USS Nimitz កំពុង​នៅ​លើ​ឈួង​សមុទ្រ​ឥណ្ឌា នឹង​វិល​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ពេល​ឆាប់​ៗនេះ។លោក​រដ្ឋមន្ត្រី វាំង​យី បាន​និយាយ​ថា មិនថ្វីទេ ទោះជា​អាមេរិក​បង្ក​ប្រទូសា​រាយ ដោយ​បង្ហាញ​វត្តមាន​កងទ័ព ហើយ​ព្យាយាម​ទាញ​ចិន អោយ​ប្រឈម​នឹង​អាមេរិក​ក៏ដោយ តែ​លោក​ថា​ចិន​និង​សមាគម​អាស៊ាន គឺជា​រឿង​ដាច់ដោយឡែក​ដែល​គួរបើ​កការចរចា​ដើម្បី អោយ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចេញ​រូបរាង​អោយ​បាន​ឆាប់​បំផុត។លោក យី អះអាង​ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្រក​របស់​ប្រទេស​ក្នុង​តំបន់ ដែល​មិន​គួរ​ទាញ​អោយ​មាន​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​នោះ​ទេ។

ការចរចា​គឺជា​មធ្យោបាយ​តែមួយគត់​អាច​រុញ​អោយ​មាន​ដំណោះស្រាយ នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ អាស៊ាន គួរ​បន្ត​ខិតខំ​បង្កើត​ក្រិត្យក្រម​សមុទ្រ​សម្រាប់​តំបន់​មួយ​នេះ។លោក​ទទូច​ទៀត​ថា ប្រទេស​ក្នុង​តំបន់ បានសម្រេច​បាន​មួយ​ចំ​ហាន​ហើយ នូវ​រចនាសម្ព័ន្ធ​របស់ ក្រម​ប្រតិបត្តិ​សមុទ្រ​ដោយ​រង់ចាំ​តែម​តិ​រួម​តែប៉ុណ្ណោះ ហើយ​អាស៊ាន​គួរ​ធ្វើការ​រួមគ្នា ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​សមុទ្រ​ចិន​ខាងត្បូង។កាល​ប៉ុន្មាន​ថៃ្ង​មកនេះ រដ្ឋ​ន្ត្រី​ការ​បរ​ទេស​ឥណ្ឌូ​នេ​ស៊ី បាន​ប្រាប់​ទៅ លោក​វាំង​យី​ថា ក្រុង​ប៉េកាំង​គួរ ពិនិត្យ​ឡើងវិញ នូវ​តួនាទី​របស់​ចិន ក្នុងនាម​ជា​អ្នកការពារ​សន្តិសុខ​តំបន់ គឺ​មិន​ត្រូវ​ធ្វើអោយ​ប្រទេស​ក្នុង​តំបន់ ព្រួយបារម្ភ​ដោយសារ​ចិន​នោះ​ទេ​ហើយ​ចិន គួរតែ អនុវត្ត​អោយ​បាន​នូវ​ច្បាប់​សមុទ្រ​អន្តរជាតិ ឆ្នាំ១៩៨២ ដែល​ចិន​ជា​ភាគី​ហត្ថលេខី​មួយ​ដែរ​នោះ។តែ​យ៉ាងណា ការដែល​ធ្វើអោយ​មហាយក្ស​ចិន សុំ​ចរចា​ជាមួយ​សមាគម​អាស៊ាន ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ COC គឺ​ចំ​ពេល​ដែល​ក្រុង​ប៉េកាំង ដឹង​ថា ប្រទេស​អាស៊ាន ចំនួន៥ មាន​ដូចជា​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេនិ​ង ឥណ្ឌូ​នេ​ស៊ី ដែល​មាន​ជំលោះ​ជាមួយ​ចិន ករណី​សមុទ្រ​ចិន​ចខាងត្បូង គឺ​ប្រទេស​ទាំងនេះ ហាក់​មាន​ភាព​ទោល​ទន់ ទៅ​រក​អាមេរិក ហើយ​ក្នុង​នោះ មាន​ប្រទេស​ខ្លះ​បាន​គាំទ្រ​រួច​ទៅ​ហើយ នូវ​វត្តមាន​កងទ័ព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.