ឪពុក​កុមារី​ដែល​ត្រូវ​អតីតមន្ត្រី​នគរបាល​ចាប់រំលោភ​កាលពី១០ឆ្នាំមុន បន្ត​ទាមទារ​យុត្តិធម៌​

ឪពុក​កុមារី​រងគ្រោះ លើ​ករណី​រំលោភ​ផ្លូវភេទ​ដែល​មាន​ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កូនស្រី​របស់​គាត់ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់រំលោភ​តាំងពី​មាន​អាយុ ១១ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ។ អាណាព្យាបាល​រូប​នេះ ស្នើ​ដល់​លោក ហ៊ុន សែន និង​ភរិយា ស្វែងរក​យុត្តិធម៌ ជាពិសេស​ជួយ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​រឹបអូស​យក​ទ្រព្យសម្បត្តិ មានផ្ទះ ឬដីធ្លី របស់​ជនល្មើស​ឈ្មោះ កង សុផាត ដើម្បី​ផ្តល់​សំណង​ជំងឺចិត្ត​ចំនួន ៤០លាន​រៀល តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​ផ្តល់​ជូន​គ្រួសារ របស់​លោក ។

ឪពុក​កុមារី​រងគ្រោះ​ករណី​រំលោភ​ផ្លូវភេទ បច្ចុប្បន្ន រស់នៅ​ក្រុង​ព្រះសីហនុ លោក យ៉ុង ប៉ុន​លី បាន​ប្រាប់ The Cambodia Daily នៅ​រសៀល​ថ្ងៃសុក្រ ទី០៧ ខែសីហា​នេះ​ថា រូប​គាត់​ក៏ដូចជា​កូនស្រី បាន​ទន្ទឹងរង់ចាំ​យុត្តិធម៌​អស់​រយៈពេល ១០ឆ្នាំ​មក​ហើយ ហើយ​រហូត​មកទល់​ពេលនេះ​ជនល្មើស​ឈ្មោះ កង សុផាត នៅ​មាន​សេរីភាព​ដើរហើរ ក្រៅ​ពន្ធនាគារ​នៅឡើយ ចំណែក​គ្រួសារ​របស់​លោក​ក៏​មិនទាន់​ទទួល​បាន​សំណង​មួយ​កាក់​មួយ​សេន​ណា​នោះ​ដែរ។អាណាព្យាបាល​រូប​នេះ​បន្ត​ថា កូនស្រី​គាត់ ដែល​កាលណោះ​ទើប​មាន​អាយុ ១១ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​អតីតមន្ត្រី​នគរបាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់រំលោភ​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ ហើយ​ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ បើ​ទោះបី​តុលាការ​កំពូល សម្រេច​សាលដីកា​កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់​គុ​គ ០៥ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០លាន​រៀល​បែប​ណា​ក្តី។

ឪពុក​កុមារី​រងគ្រោះ​ឈ្មោះ យ៉ុង ប៊ុ​នលី ដែល​មាន​សម្បុរ​ខ្មៅ និង​រាងកាយ​ស្គមស្គាំង បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ នានា ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ឈ្មោះ កង សុផាត ដាក់​ពន្ធនាគារ និង​ជួយ​រឹបអូស​ទ្រព្យសម្បត្តិ របស់​ជនល្មើស​រួមមាន៖ ផ្ទះ និង​ដីធ្លី​ជាដើម ដើម្បី​ផ្តល់​សំណង​ជំងឺចិត្ត​ជូន​កូនស្រី​គាត់ ដោយ​អនុគ្រោះ​ផង។

លោក​បន្ត​ថា សំណុំរឿង​នេះ​ក៏​ធ្លាប់​បាន​បណ្ដឹងសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ក្រសួង​យុត្តិធម៌ និង​បាន​សុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែ​មិនដែល​មានការ​ឆ្លើយតប ឬដំណោះស្រាយ​អ្វី​មក​រូប​គាត់​វិញ​ទេ។សំណុំរឿង​នេះ សម្រាប់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ រួមមាន៖ អង្គការ​លី​កាដ​ូ (LICADHO​) និង​សមា​គម​អាដ​ហុក (ADHOC​) ជាដើម មាន​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អនីតិជន​មួយ​ករណី​ខាងលើ​នេះ ហេតុអ្វីបានជា​សាលាដំបូង​ខេត្ត​ព្រះសីហនុ អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួចផុត​ពី​ការ​ផ្ដន្ទាទោស និង​រស់នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បាន​ទៅវិញ។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក (ADHOC​) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី សង្ស័យ​ថា ទំនងជា​សំណុំរឿង​នេះ អាច​មាន​ជាប់ពាក់ព័ន្ធ​មាន​អ្នករត់ការ ឈាន​ដល់​ការ​ផ្តល់​សំណូក​ពុករលួយ​នៅ​ប្រព័ន្ធ​តុលាការ​ក្នុងអំឡុងពេល​នោះ​ក៏​ថា​បាន។ កាលពី​ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេច​អនុវត្ត​វិន័យ ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយរង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​ផុត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

ចំណែក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បាន​ចេញដីកា​បង្គាប់​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌ ឲ្យ​ចាប់ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ២០១០។ ដោយឡែក លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បញ្ជាក់​ថា រាល់ថ្ងៃ​នេះ ជនល្មើស​ឈ្មោះ កង សុផាត ដែល​អតីត​ជាម​ន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ ទៀត​ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​បាន​បន្ត​ឃ្លាំមើល និង​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​នេះ​ដោយ​យកចិត្ត​ទុកដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន និង​ឃុំខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំរឿង​នេះ​រួចហើយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.